ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា ស្នើឲ្យតុលាការ ផ្សាយផ្ទាល់ពីសវនាការ ចេញមកខាងក្រៅ
15, Jan 2020 , 6:06 pm        
រូបភាព
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ស្នើឲ្យចៅក្រម ផ្សាយផ្ទាល់ពីដំណើរការជំនុំជម្រះលើរូបលោក ពីបន្ទាប់សវនាការ ចេញមកខាងក្រៅ ដើម្បីឲ្យសាធារណជនបានដឹង។ នេះបើតាមអ្នកស្រី ម៉េង សុភារី មេធាវីម្នាក់របស់លោក កឹម សុខា ដែលប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ ក្រោយបញ្ចប់សវនាការ នៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។



អ្នកស្រី ម៉េង សុភារី លើកឡើងថា សវនាការនេះ អនុញ្ញាតឲ្យមនុស្សតែ៣០នាក់ប៉ុណ្ណោះចូលរួម ខណៈមានមនុស្សជាច្រើនចង់ដឹងនិងកំពុងតាមដាន ដូច្នេះទើបលោក កឹម សុខា និង សហមេធាវី ស្នើឲ្យមានការផ្សាយផ្ទាល់ចេញមកខាងក្រៅ។ អ្នកស្រី បញ្ជាក់ដូច្នេះថា៖«យើង ស្នើឲ្យផ្សាយផ្ទាល់ ព្រោះវា ជាសវនាការសាធារណៈ អត់មានអីអាថ៌កំបាំងទេ»។

យ៉ាងណាក៏ដោយ អ្នកស្រីមេធាវី អះអាងថា ក្នុងសវនាការ ចៅក្រម មិនទាន់សម្រេចចំពោះសំណើនេះទេ ដោយចៅក្រម គ្រាន់តែឆ្លើយតបថា រាល់ការស្នើសុំណាមួយ គឺត្រូវឆ្លងកាត់ការពិភាក្សាពីភាគីពាក់ព័ន្ធ មានតំណាងអយ្យការជាដើម។

អ្នកស្រី បន្ថែមថា ចៅក្រម ចាប់ផ្តើមសួរលោក កឹម សុខា ពាក់ព័ន្ធនឹងអង្គហេតុពីឆ្នាំ១៩៩៣មក ដោយសង្ស័យថា លោក ប្រព្រឹត្តបទល្មើសពីពេលនោះមក។ អ្នកស្រី ថ្លែងដូច្នេះថា៖«គាត់ ឆ្លើយគ្រប់សំណួររបស់ចៅក្រម»។ 

លោក គី តិច មេធាវីតំណាងរដ្ឋាភិបាល ប្រាប់អ្នកកាសែត នៅមុខតុលាការរាជធានីភ្នំពេញថា ចៅក្រម មិនអាចសួរលោក កឹម សុខា មួយថ្ងៃឲ្យអស់នោះទេ ដោយត្រូវសួរតាមដំណាក់កាលនីមួយៗ។ 

តុលាការ ចោទប្រកាន់ថា បទល្មើលរបស់លោក កឹម សុខា គឺកើតឡើងតាំងពីឆ្នាំ១៩៩៣មក ដោយពឹងផ្អែកលើវីដេអូឃ្លីបមួយ ដែល​លោក  ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ​នៅ​ប្រទេស​អូស្ត្រាលី កាលពី​ឆ្នាំ​២០១៣។ ​ក្នុង​វីដេអូ​ឃ្លី​ប​នោះ លោក និយាយថា «ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក» រដ្ឋាភិបាល​អាមេរិក តែង​ហៅ​ទៅលោក​ជួប​ម្តង​ក្នុង​មួយឆ្នាំ ដើម្បី​ជជែក​ពី​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

ប្រធានអតីតគណបក្សប្រឆាំងរូបនេះ ​បន្តថា រដ្ឋាភិបាល​អាមេរិក ឲ្យ​លោក យក​គំរូ​តាម​ប្រទេសយូ​ហ្គោ​ស្លា​វី និង ប្រទេសស៊ែ​ប៊ី ក្នុងការ​ផ្លាស់ប្តូរ​មេដឹកនាំ​។ ​លើសពីនេះ លោក ថែមទាំង​អះអាងថា រដ្ឋាភិបាល​អាមេរិក បាន​ជួល​អ្នកជំនាញ​និង​សាស្ត្រាចារ្យ​នៅ​អាមេរិក​និង​នៅ​កាណាដា ឲ្យ​ជួយ​ផ្តល់យោបល់​ជូន​លោក ពី​យុទ្ធសាស្ត្រ​នៃ​ការផ្លាស់ប្តូរ​មេដឹកនាំ​កម្ពុជា​។ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ ធ្វើតាម​ក្បួន មាន​យុទ្ធសាស្ត្រ​ប៉ុណ្ណឹង​ហើយ  បើ​មិន​ជោគជ័យ​ទៀត ខ្ញុំ មិនដឹងថា​យ៉ាងម៉េច​ទេ​»។ 

ក្រោយវីដេអូឃ្លីបនោះ ត្រូវបានបង្ហោះលើបណ្តាញសង្គម សមត្ថកិច្ច ក៏សម្រុកចូលទៅចាប់លោកដល់គេហដ្ឋាន នៅថ្ងៃទី២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ហើយដឹកទៅឃុំនៅពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំ ក្រោមបទចោទសន្ទិដ្ឋិភាព ហៅថា បទគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា៕ 



Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com