ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ​ភ្នំពេញ​បន្ត​បើកសវនាការ​លើក​សំណុំរឿង​លោក កឹម សុខា នៅ​ថ្ងៃទី​ពីរ​
16, Jan 2020 , 9:03 am        
រូបភាព
​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមករា នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​បើកសវនាការ​លើ​សំណុំរឿង​លោក កឹម សុខា ពីបទ «​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​» បន្ទាប់ពី​ដំណើរការ​ពេញ​មួយថ្ងៃ កាលពី​ថ្ងៃ​ពុធ​។


 
​លោក កឹម សុខា បានស្នើ​ឲ្យ​មានការ​ចាក់ផ្សាយ​ចេញទៅ​ខាងក្រៅ ជុំវិញ​ដំណើរការ​សវនាការ ហើយ​លោក​ក៏បាន​ទាមទារ​ឲ្យ​ចាក់​ឃ្លី​ប​វីដេអូ​ដែល​លោក​បាន​និយាយ​ទាំងស្រុង​។ 
 
​តុលាការ ចោទប្រកាន់ថា បទល្មើស​របស់លោក កឹម សុខា គឺ​កើតឡើង​តាំងពី​ឆ្នាំ​១៩៩៣​មក ដោយ​ពឹង​ផ្អែកលើ​វីដេអូ​ឃ្លី​ប​មួយ ដែល​លោក  ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ​នៅ​ប្រទេស​អូស្ត្រាលី កាលពី​ឆ្នាំ​២០១៣​។ ក្នុង​វីដេអូ​ឃ្លី​ប​នោះ លោក និយាយថា «​ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក​» រដ្ឋាភិបាល​អាមេរិក តែង​ហៅ​ទៅ​លោក​ជួប​ម្តង​ក្នុង​មួយឆ្នាំ ដើម្បី​ជជែក​ពី​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​
 
​ប្រធាន​អតីត​គណបក្សប្រឆាំង​រូបនេះ បន្តថា រដ្ឋាភិបាល​អាមេរិក ឲ្យ​លោក យក​គំរូ​តាម​ប្រទេស​យូ​ហ្គោ​ស្លា​វី និង ប្រទេស​ស៊ែ​ប៊ី ក្នុងការ​ផ្លាស់ប្តូរ​មេដឹកនាំ​។ លើសពីនេះ លោក ថែមទាំង​អះអាងថា រដ្ឋាភិបាល​អាមេរិក បាន​ជួល​អ្នកជំនាញ​និង​សាស្ត្រាចារ្យ​នៅ​អាមេរិក​និង​នៅ​កាណាដា ឲ្យ​ជួយ​ផ្តល់យោបល់​ជូន​លោក ពី​យុទ្ធសាស្ត្រ​នៃ​ការផ្លាស់ប្តូរ​មេដឹកនាំ​កម្ពុជា​។ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ ធ្វើតាម​ក្បួន មាន​យុទ្ធសាស្ត្រ​ប៉ុណ្ណឹង​ហើយ  បើ​មិន​ជោគជ័យ​ទៀត ខ្ញុំ មិនដឹងថា​យ៉ាងម៉េច​ទេ​»​។ 
 
​ក្រោយ​វីដេអូ​ឃ្លី​ប​នោះ ត្រូវបាន​បង្ហោះ​លើ​បណ្តាញ​សង្គម សមត្ថកិច្ច ក៏​សម្រុក​ចូលទៅ​ចាប់​លោក​ដល់​គេហដ្ឋាន នៅ​ថ្ងៃទី​២​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ហ់ើយ​ដឹក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លូ​ង​ក្នុង​ខេត្ត​ត្បូងឃ្មុំ ក្រោម​បទ​ចោទ​ស​ន្ទិ​ដ្ឋិ​ភាព ហៅថា បទ​គប់គិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​៕ 






Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com