ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្នកជំងឺ​ពុក​ឆ្អឹង គួរ​ប្រយ័ត្ន​ក្នុងការ​ញុាំ​អាហារ​អ្វីខ្លះ​?
16, Jan 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​របប​អាហារ​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​សុខភាព​ឆ្អឹង​។ ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​ធ្លាប់​ដឹង​ពី​អាហារ​ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​រួចមកហើយ ប៉ុន្តែ​ចុះ​ចំពោះ​អ្នក​ដែល​កំពុង​ប្រឈមមុខ​នឹង​ជំងឺ​នេះ​វិញ​? គួរ​ចៀសវាង​អាហារ​និង​ភេសជ្ជៈ​អ្វីខ្លះ​?


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នកជំងឺ​ពុក​ឆ្អឹង​គួរ​ចៀសវាង ៖
 
១. សណ្ដែក Legumes

​ទោះបី​ពពួក​សណ្ដែក Legumes រួមមាន​សណ្ដែកខៀវ ឬ​សណ្ដែកក្រហម​ជាដើម​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​និង​ជាតិ​សរសៃ​ដែល​ល្អ​ចំពោះ​សុខភាព ប៉ុន្តែ​ពពួក​សណ្ដែក​នេះ​ក៏មាន​ផ្ទុក​សារធាតុ phytates ដែល​រារាំង​ការ​ស្រូប​យកជាតិ​កាល់ស្យូម​ផងដែរ​។ ទោះជា​យ៉ាងណា​អ្នក​អាច​កាត់បន្ថយ​សារធាតុ phytates បាន​តាមរយៈ​ការ​ត្រាំ​សណ្ដែក​ក្នុង​ទឹក​សម្រាប់​រយៈពេល​ប៉ុន្មាន​ម៉ោង​ជាមុនសិន សឹម​ចម្អិន​ទទួលទាន​។​
 
២. ស្ពៃ Spinach ឬ​ស្ពៃ​ពួយ​ឡេង​

​នោះ​ក៏​ព្រោះតែ​ស្ពៃ​ពួយ​ឡេង​មាន​ផ្ទុក​សារធាតុ Oxalates​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ទទួលទាន​ស្ពៃ​ពួយ​ឡេង​រួមគ្នា​ជាមួយ​អាហារ​មាន​ផ្ទុក​ជាតិ​កាល់ស្យូម​ផ្សេងទៀត​ទើប​អាច​រក្សាបាន​នូវ​សុខភាព​ឆ្អឹង​កាន់តែ​រឹងមាំ​។​
 
៣. អាហារ​ផ្អែម​

​ការទទួល​ទាន​អាហារ​ផ្អែម ឬ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​ច្រើនពេក​ផ្សារភ្ជាប់​នឹង​ការ​រលាក​ក្នុង​រាងកាយ​ដែល​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេងៗ រួមទាំង​ជំងឺ​ពុក​ឆ្អឹង​។​
 
៤. ភេសជ្ជៈ​សូ​ដា ឬ​ភេសជ្ជៈ​កំប៉ុង​

​ក្រៅពី​មាន​ផ្ទុក​សម្បូរ​ជាតិ​ស្ករ​ខ្ពស់​ហើយ​នោះ ភេសជ្ជៈ​ប្រភេទ​នេះ​ក៏មាន​ផ្ទុក អាស៊ីត​ផូ​ស្វ​រិ​ក​និង​គ្រឿងផ្សំ​បន្ថែម​រសជាតិ​ផ្សេងទៀត​ដែល​មិនល្អ​ចំពោះ​សុខភាព​ឆ្អឹង​ផងដែរ​។ អាស៊ីត​ផូ​ស្វ​រិ​ក​អាច​រារាំង​សមត្ថភាព​នៃ​ការ​ស្រូប​យកជាតិ​កាល់ស្យូម​គួរឱ្យ​បារម្ភ​។ ម្យ៉ាងវិញទៀត​សូ​ដា ឬ​ភេសជ្ជៈ​កំប៉ុង​មួយចំនួនទៀត​សុទ្ធ​តែមាន​ផ្ទុក​នូវ​ជាតិ​កាហ្វេ​អ៊ី​ន ដូច្នេះហើយ​ទើប​ការ​ទទួលទាន​ភេសជ្ជៈ​ប្រភេទ​នេះ​ច្រើន ក៏​រួមចំណែក​លើកកម្ពស់​ការ​បាត់បង់​ម៉ាស​នៃ​ឆ្អឹង​ធ្វើឱ្យ​ឆ្អឹង​ចុះខ្សោយ​និង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​នាពេល​អនាគត​ផងដែរ​។​
 
៥. កាហ្វេ​

​វា​ជាការ​ប្រសើរ​ចំពោះ​សុខភាព ប្រសិនបើ​អ្នកទទួល​ទាន​កាហ្វេ​ត្រឹមតែ​ពី ២ ទៅ ៣ ពែង​ក្នុង​មួយថ្ងៃ​។ ទោះជា​យ៉ាងណាក៏ដោយ​ប្រសិនបើ​អ្នកទទួល​ទាន​វា​លើសពីនេះ កាហ្វេ​នឹង​បណ្ដាលឱ្យមាន​បញ្ហា​អាក្រក់​ជាច្រើន​កើតឡើង​ចំពោះ​សុខភាព​។ ក្រៅពី​បញ្ហា​ថប់​បារម្ភ​ឈឺក្បាល​និង​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ហើយ​នោះ ការចុះ​ខ្សោយ​នៃ​ឆ្អឹង ក៏​អាចជា​លទ្ធផល​នៃ​ការ​ទទួលទាន​កាហ្វេ​ច្រើនពេក​ផងដែរ​។ បញ្ហា​នេះ​កើតឡើង​ដោយសារ​ជាតិ​កាហ្វេ​អ៊ី​ន​នៅក្នុង​កាហ្វេ​បង្កើន​ការផលិត​ទឹកនោម ហើយ​បណ្ដាលអោយ​ជាតិ​កាល់ស្យូម​មួយចំនួន​ក្នុង​រាងកាយ​ត្រូវ​បង្ហូរ​ចេញ​តាម​នោះដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com