ខ្មែរ​ក្រហម
ជាតិ
អាមេរិក​ផ្ដល់ជំនួយ​សម្រាប់​កា​ររ​ក្សា​ទុក​សម្លៀកបំពាក់​ខ្មែរក្រហម​ក្នុង​សារមន្ទីរ​ទួលស្លែង​
16, Jan 2020 , 1:39 pm        
រូបភាព
រូប​ឯកសារ៖ គ្រឿង​វាយនភណ្ឌ​ដែល​សេសសល់​របស់​ជន​រងគ្រោះ​នៃ​គុក​ទួល​ស្លែងត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​ពិធីចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​នៃ​មូល​និធិឯកអគ្គរដ្ឋទូត​អាមេរិក​សម្រាប់​វប្បធម៌ ​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង​កាល​ពី​ឆ្នាំ​២០១៧។ (ទុំ ម្លិះ/VOA)​
រូប​ឯកសារ៖ គ្រឿង​វាយនភណ្ឌ​ដែល​សេសសល់​របស់​ជន​រងគ្រោះ​នៃ​គុក​ទួល​ស្លែងត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​ពិធីចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​នៃ​មូល​និធិឯកអគ្គរដ្ឋទូត​អាមេរិក​សម្រាប់​វប្បធម៌ ​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង​កាល​ពី​ឆ្នាំ​២០១៧។ (ទុំ ម្លិះ/VOA)​
ដោយ: VOA
​ភ្នំពេញ ៖ សហរដ្ឋអាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយឥតសំណង​ចំនួន​៧៥.០០០​ដុល្លារ​អាមេរិក សម្រាប់​រក្សាទុក​ខោអាវ​របស់​ជនរងគ្រោះ​នៃ​មន្ទីរឃុំឃាំង​ស​២១ ឬ​ហៅថា S21 ដែល​បាន​ប្រែក្លាយជា​សារមន្ទីរ​ទួលស្លែង ក្រោយ​ការដួលរលំ​នៃ​របប​ខោអាវ​ខ្មៅ​ខ្មែរក្រហម​កាលពី​៤១​ឆ្នាំមុន​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​មន្ត្រី​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​។

 
​ការចុះ​កិច្ចព្រមព្រៀង​ផ្ដល់ជំនួយ​នេះ នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា និង​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​សារមន្ទីរ​ទួលស្លែង​នៅ​ថ្ងៃ​ពុធ​។ ជំនួយ​នេះ គឺជា​ផ្នែក​មួយ​នៃ​មូលនិធិ​ឯកអគ្គរដ្ឋទូត​អាមេរិក​របស់​ក្រសួងការបរទេស​អាមេរិក ឬ​ហៅ​កាត់​ថា AFCP​។​
 
​លោកស្រី Emily Zeeberg មន្ត្រី​នាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បានបញ្ជាក់ VOA តាម​សារ​អេឡិចត្រូនិក​អ៊ីមែល​នៅ​ថ្ងៃ​ពុធ​នេះ​ថា​នេះ​គឺជា​ដំណាក់កាល​ទី​ពីរ​នៃ​គម្រោង​អភិរក្ស​របស់របរ​ដែ​ល​សេសសល់​របស់​ជនរងគ្រោះ​កាលពី​សម័យ​ខ្មែរក្រហម​។​
 
​លោកស្រី​បាន​ប្រាប់ VOA តាម​សារ​អេឡិចត្រូនិក​ឬ​អ៊ីមែល​ថា​៖ «​ការណ៍​នេះ​គូសបញ្ជាក់​ពី​កិច្ចខិតខំ​យូរអង្វែង​របស់​សហរ​ដ្ឋ​អាមេរិក ដើម្បី​រក្សាទុក​កេរដំណែល​វប្បធម៌​កម្ពុជា ព្រមទាំង​កិច្ចសហប្រតិបត្តិការ​រ​បស់​សហរដ្ឋអាមេរិក​ជាមួយ​អាជ្ញាធរ​កម្ពុជា ដើម្បី​កត់ និង​រក្សាទុក​អំពើ​ឃោរឃៅ​នៃ​យុគសម័យ​ខ្មែរក្រហម​»​។​
 
​មាន​បុរស ស្ត្រី កុមារ និង​ជនបរទេស​ជាង ១៥.០០០​នាក់ ត្រូវបាន​គេ​ឃុំ​ក្នុង​គុក​ទួលស្លែង ឬ​ស​២១​។ នេះ​បើ​យោងតាម​គេហទំព័រ​របស់​សារមន្ទីរ​ទួលស្លែង​។​
 
​ផ្ទាំង​រូបថត និង​សំណល់​នៃ​សម្លៀកបំពាក់ ក៏ដូចជា​របស់របរ​ផ្សេងទៀត​ដែល​គេ​បានផ្ដល់​ឲ្យ​ដល់​ជនរងគ្រោះ​ក្នុងសម័យ​ខ្មែរក្រហម ត្រូវបាន​គេ​ដាក់តាំង​សម្រាប់​បង្ហាញ​ដល់​ភ្ញៀវទេសចរ​ក្នុងស្រុក និង​ក្រៅប្រទេស​នៅ​សារមន្ទីរ​ទួលស្លែង​ដែល​ស្ថិតនៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​។​
 
​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ថ្លែងប្រាប់ VOA​តាម​ទូរស័ព្ទ​ថា ជំនួយ​របស់​មូលនិធិ​ឯកអគ្គរដ្ឋទូត​អាមេរិក​នេះ មាន​សារៈសំខាន់​ដល់​ការរក្សា​ទុក​របស់​សេស​សល់​នៃ​ជនរងគ្រោះ​ក្នុងសម័យ​ខ្មែរក្រហម​។​
 
​លោកស្រី​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​ថវិកា​ដែល​ស្ថានទូត​សហរដ្ឋអាមេរិក​ហ្នឹង ផ្ដល់​មក​ឲ្យ​យើង​ហ្នឹង គឺ​យើង​សម្រាប់​ប្រើប្រាស់ ដើម្បី​ជួសជុល វត្ថុ​ទាំង​ហ្នុ​ង​ដាក់តាំង​ឡើងវិញ ដើម្បី​កុំ​ឲ្យ​វា​ឆាប់​ពុកផុយ ជៀសវាង​សត្វល្អិត ជៀសវាង​សំណើម​អី​យើង​មាន​ទូ​រៀបចំ ហើយ​និង​ជួសជុល អា​វត្ថុ​នានា ដែលជា​ឧបករណ៍​នៅសល់​ពីរ​បបរ​បស់​ពួក ប៉ុល ពត ហ្នឹង​។ អីចឹង​សារៈសំខាន់​របស់​កិច្ចការ​ហ្នឹង គឺ​ដើម្បី​ថែរក្សា​នូវ​ស្លាកស្នាម និង​តឹកតាង​ប្រវត្តិសាស្ត្រ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​មើល​»​។​
 
​ស្ថានទូត​សហរដ្ឋអាមេរិក​បានបញ្ជាក់​បន្ថែមថា គម្រោង​នៃ​ការ​រក្សាទុក​សម្លៀកបំពាក់​របស់​ជនរងគ្រោះ​រប​ប​ខ្មែរក្រហម ត្រូវបាន​ជ្រោមជ្រែង​ដោយ​ពលរដ្ឋ​អាមេរិកាំង​ម្នាក់​ឈ្មោះ Julia Brennan ដែលជា​អ្នក​អភិរក្ស​ក្រណាត់ មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​បាន​បង្រៀន​បុគ្គលិក​សារមន្ទីរ​ឲ្យ​ដំណើរការ​គម្រោង​នេះ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​យូរអង្វែង​ទៅមុខទៀត​។​
 
​ការអភិរក្ស​ក្រណាត់​នេះ រួម​មានការ​រក្សាទុក សិក្ខាសាលា​បណ្ដុះបណ្ដាល ការដាក់​ចំណាត់ថ្នាក់​ក្រណាត់ ការថែទាំ ការចុះបញ្ជី និង​ការជ្រើសរើស​របស់រប​រ​សម្រាប់​ការដាក់​បង្ហាញ​មាន​រយៈពេល​យូរ​នៃ​សម្លៀកបំពាក់​របស់​ជន​រងគ្រោះ​ខ្មែរក្រហម​ដែល​នៅ​សេសសល់​ជាង​៥.០០០​។​
 
​កាលពី​ឆ្នាំ​២០១៦ មូលនិធិ​ឯកអគ្គរដ្ឋទូត​អាមេរិក​សម្រាប់​ការរក្សា​ទុក​វប្បធម៌ បានផ្ដល់​ជំនួយ​ជាង​១២​ម៉ឺន​ដុល្លារ​សម្រាប់​រយៈពេល​៣​ឆ្នាំ​ក្នុងការ​រៀបចំ​បញ្ជី​សារពើ​ភណ្ឌ​នៃ​បេតិកភណ្ឌ​វប្បធម៌​។ ការផ្ដល់​ទឹកប្រាក់​នេះ គឺ​ដើម្បី​ជួយ​ប្រជាជន​កម្ពុជា​ក្នុងការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ប្រវត្តិសាស្ត្រ​តាម​ទីតាំង​ចំនួន​២៤​ក្នុង​ខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពត ព្រៃវែង តាកែវ និង​ខេត្ត​ត្បូងឃ្មុំ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com