ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សារធាតុចិញ្ចឹម​ដែល​សំខាន់បំផុត សម្រាប់​អ្នក​ចូលចិត្ត​រត់​
27, Mar 2022 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការរត់​ជួយ​ដុតបំផ្លាញ​កាឡូរី​បានជា​ច្រើន​គួរឱ្យកត់សម្គាល់​។ ទោះជា​យ៉ាងណា​ប្រសិនបើ​អ្នកអនុវត្ត​វា​លើស​ពេក​ក៏​មិនល្អ​ដែរ​ដោយ​រាងកាយ​នឹងត្រូវ​ប្រឈមមុខ​ជាមួយ​ភាព​តានតឹង ឬ​ស្ត្រេ​ស​ខ្លាំង​។ ដូច្នេះហើយ​ទើប​ការ​ដឹងថា​គួរផ្ដល់​សារធាតុចិញ្ចឹម​សំខាន់​អ្វីខ្លះ​ដល់​រាងកាយ​ជា​រឿង​ចាំបាច់​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ធ្វើ​លំ​ហាត់ប្រាណ​ដោយ​ការរត់ ឬ​អ្នករត់​ប្រណាំង​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​សារធាតុចិញ្ចឹម​ដែល​អ្នក​ចូលចិត្ត​រត់​គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ៖
 
១. ប្រូតេអ៊ីន​

​នោះ​ក៏​ព្រោះតែ​អ្នក​ចូលចិត្ត​រត់​ពឹង​ផ្អែកលើ​សាច់ដុំ​ជើង​ខ្លាំង ដូច្នេះ​ទើប​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន គឺ​សំខាន់​។ ប្រូតេអ៊ីន​ចាំបាច់​សម្រាប់​ការបង្កើត​និង​រក្សា​សុខភាព​សាច់ដុំ​។​
 
២. កាបូ​អ៊ី​ដ្រា​ត​

​ជា​រៀងរាល់ថ្ងៃ​រាងកាយ​ត្រូវការ​កាបូ​អ៊ី​ដ្រា​ត​គ្រប់គ្រាន់​ដើម្បី​រក្សា​ថាមពល​។ ដូច្នេះ​របប​អាហារ​ដែលមាន​ផ្ទុក​កាបូ​អ៊ី​ដ្រា​ត​គ្រប់គ្រាន់ គឺ​សាក​សម​បំផុត​សម្រាប់​អ្នក​ចូលចិត្ត​រត់​។​
 
៣. ខ្លាញ់​ល្អ​

​មិនមែន​ខ្លាញ់​ទាំងអស់​សុទ្ធតែ​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ឡើយ​! ខ្លាញ់​ល្អ​អាចជួយ​រក្សា​កម្រិត​នៃ​ថាមពល​រាងកាយ​។ លើសពីនេះទៅទៀត​ខ្លាញ់​ល្អ​ក៏​ចាំបាច់​សម្រាប់​សុខភាព​សន្លាក់​គួរឱ្យកត់សម្គាល់​។ ក្រៅពី​ឆ្អឹង​រឹងមាំ​ហើយ​នោះ​សុខភាព​សន្លាក់​ល្អប្រសើរ​ក៏​ចាំបាច់​ដើម្បី​ធ្វើ​ចលនា​រាងកាយ​ផងដែរ​។​
 
៤. វីតាមីន B

​រាងកាយ​ត្រូវការ​វីតាមីន B ដើម្បី​បំ​លែង​ជា​ថាមពល​និង​ជួយ​លើកកម្ពស់​អារម្មណ៍​ល្អប្រសើ​រ​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍​។ ដូច្នេះ​កុំ​ភ្លេច​រួមបញ្ចូល​អាហារ​មាន​ផ្ទុក​វីតាមីន​នេះ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
៥. វីតាមីន C

​វីតាមីន C មាន​ប្រសិទ្ធភាព​កម្ចាត់​រ៉ាឌីកាល់​សេរី​ដែល​លេចឡើង​ដោយសារ​ការរត់​កម្រិត​ខ្លាំងក្លា​និង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​កុំ​ភ្លេច​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ។​
 
៦. ស័ង្កសី​

​សារធាតុចិញ្ចឹម​មួយ​ប្រភេទ​ទៀត​ដែល​ជួយ​កម្ចាត់​រ៉ាឌីកាល់​សេរី​ដែល​លើស​ក្នុង​រាងកាយ​នោះ គឺ​ស័ង្កសី​។ តាមពិតទៅ​ស័ង្កសី​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ការពារ​កោសិកា​និង​ជាលិកា​មិនឱ្យ​ទទួលរង​ការបំផ្លាញ​ពី​សំណាក់​រ៉ាឌីកាល់​សេរី​។​
 
៧. ប៉ូ​តា​ស្យូ​ម​

​សាចដុំ​ត្រូវការ​អេ​ឡិច​ត្រូ​លីត្រ​ដើម្បី​ដំណើរការ​មុខងារ​បាន​ត្រឹមត្រូវ​។ ប្រសិនបើ​រាងកាយ​មិន​ទទួលបាន​ប៉ូ​តា​ស្យូ​ម​គ្រប់គ្រាន់​ទេនោះ​អ្នក​ងាយ​នឹងមាន​អារម្មណ៍​អស់កម្លាំង ហើយ​ឆាប់​រមួលក្រពើ​ថែមទៀត​។​
 
៨. ម៉ាញ៉េ​ស្យូ​ម​

​សាច់ដុំ​ក៏ត្រូវ​ការ​ម៉ាញ៉េ​ស្យូ​ម​គ្រប់គ្រាន់​ផងដែរ​ដើម្បី​ដំណើរការ​មុខងារ​។ សារធាតុចិញ្ចឹម​នេះ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការផលិត​ថាមពល សំយោគ​ប្រូតេអ៊ីន កាត់បន្ថយ​ស្ត្រេ​ស និង​ពង្រឹង​សុខភាព​ឆ្អឹង​ឱ្យ​កាន់តែ​រឹងមាំ​។​
 
៩. កាល់ស្យូម​

​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​កាល់ស្យូម​ជា​សារធាតុចិញ្ចឹម​ចាំបាច់​បំផុត​មួយ​សម្រាប់​សុខភាព​ឆ្អឹង​។ ដូច្នេះ​កុំ​ភ្លេច​បន្ថែម​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​កាល់ស្យូម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
១០. ជាតិ​ដែក​

​ត្រូវ​ប្រាកដ​ផងដែរ​ថា​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​បានរួម​បញ្ចូល​អាហារ​សម្បូរ​ទៅដោយ​ជាតិ​ដែក​។ ជាតិ​រ៉ែ​នេះ​ជួយ​ឱ្យមាន​ឈាម​របស់​អ្នកមាន​សមត្ថភាព​ដឹកជញ្ជូន​អុកស៊ីសែន​ពី​សួត​ទៅកាន់​រាល់​កោសិកា​ក្នុង​រាងកាយ​។ ហើយ​ប្រសិនបើ​ឈាម​មិនអាច​ដឹកជញ្ជូន​អុកស៊ីសែន​គ្រប់គ្រាន់​ទេនោះ​សាច់ដុំ​ងាយ​នឹង​ឆាប់​អស់​ថាមពល ឬ​ចុះខ្សោយ​រាល់ពេល​អ្នករត់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com