អន្តរជាតិ
អាមេរិក​-​ចិន ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទីមួយ​ជា​ផ្លូវការ​
16, Jan 2020 , 10:12 am        
រូបភាព
លោកឧបនាយករដ្ឋមន្រ្តីចិន និងអ្នកតំណាងចរចាពាណិជ្ជកម្មចិន Liu He (ខាងឆ្វេង) និង ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ រូបភាព៖ AFP
លោកឧបនាយករដ្ឋមន្រ្តីចិន និងអ្នកតំណាងចរចាពាណិជ្ជកម្មចិន Liu He (ខាងឆ្វេង) និង ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ រូបភាព៖ AFP
​ទីបំផុត កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទីមួយ ត្រូវបាន​អាមេរិក និង​ចិន ចុះហត្ថលេខា​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៥ ខែមករា បន្ទាប់ពី​ពន្យារពេល​តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លងមក​។ ចំណែក​កិច្ចការ​បន្ទាប់​របស់​ភា​គី​ទាំងពីរ គឺ​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​ពីរ​បន្តទៀត​។​


 
​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​ឧបនាយករដ្ឋមន្ត្រី និង​ជា​អ្នកចរចា​ពាណិជ្ជកម្ម​ចិន លោក លីវ ហឺ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដំណាក់​ទីមួយ នៅ​សេត​វិមាន​ប្រធានាធិបតី​អាមេរិក នា​ថ្ងៃទី​១៥ ខែមករា​។ ជា​រឿង​កត់សម្គាល់ លោក ត្រាំ បែរជា​មក​អង្គុយ​ចុះហត្ថលេខា​ជាមួយ​ភាគី​ដែលមាន​ឋានៈ​ទាប​ជាង​ទៅវិញ​។ 
 
​តាមរយៈ​កិច្ចព្រមព្រៀង​នេះ ពន្ធ​១​ភាគ​៣​ដែល​ដាក់​លើ​ទំនិញ​ចិន​មាន​ទំហំ​ទឹកប្រាក់​ចំនួន ៥០០​ពាន់​លាន​ដុល្លារ នឹងត្រូវ​កាត់បន្ថយ​។ បើតាម​កិច្ចព្រមព្រៀង​ដំណាក់កាល​ទីមួយ​នេះ ចិន យល់ព្រម​បន្ថែម​ការបញ្ជាទិញ​ទំនិញ​ពី​អាមេរិក​លើ​ផលិតផល​កសិកម្ម និង​ផលិតផល​ផ្សេងទៀត​។ ក្រៅពី​ផលិតផល​កសិកម្ម នៅមាន​ការការពារ​ក​ម្ម​សិទ្ធិ​បញ្ញា​លើ​បច្ចេកវិទ្យា​អាមេរិក និង​បទបញ្ញត្តិ​មួយចំនួន​ទាក់ទង​ទៅនឹង​ការដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម និង​ការដាក់ទណ្ឌកម្ម​ជាដើម​។ 
 
​នា​ពិធី​ចុះហត្ថលេខា ដោយមាន​ទឹកមុខ​ញញឹម​សប្បាយរីករាយ ប្រធានាធិបតី​អាមេរិក បាន​លើកឡើងថា កិច្ចព្រមព្រៀង​អាមេរិក​-​ចិន គឺ សំខាន់​យ៉ាងខ្លាំង​។ ក្នុងនេះ​ន័យ លោក​ត្រាំ បាន​បញ្ជាក់ថា ពេលនេះ អាមេរិក បាន​បោះជំហាន​យ៉ាងសំខាន់ និង​មិន​ធ្លាប់មាន​ពីមុនមក​ទេ​ជាមួយ​ចិន ហើយ​កិច្ចព្រមព្រៀង​នេះ នឹង​ធានា «​សកម្មភាព​ពាណិជ្ជកម្ម​ទៅវិញទៅមក និង​យុត្តិធម៌​»​។ បន្ថែម​ពីលើ​នេះ ប្រធានាធិបតី​អាមេរិក បានចាត់ទុក​កិច្ចព្រមព្រៀង​នេះ​ថា គឺជា​ការកែ​កំហុស​នៅក្នុង​អតីតកាល​ថែមទៀត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​យ៉ាងណាក៏ដោយ លោក ត្រាំ ក៏​មិន​ភ្លេច​អរគុណ ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង​ឡើយ ដែល​បាន​ចូលរួម​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​នេះ​ឡើង​។ 
 
​កិច្ចការ​បន្ទាប់​របស់​ប្រមុខរដ្ឋ​អាមេរិក គឺ​កិច្ចចរចា​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​ពីរ​។ ដូចដែល​ធ្លាប់​លើកឡើង​ម្តង​ហើយ លោក​ត្រាំ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទី​ពីរ នឹង​ចរចា​ក្រោយ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​។ យ៉ាងណាក៏ដោយ នាពេល​ឆាប់ៗ​ខាងមុខនេះ ប្រធានាធិបតី​អាមេរិក នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ចិន ដើម្បី​ជជែក​ពី​បញ្ហា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បន្តទៀត​។ ប៉ុន្តែ​អាមេរិក មិនទាន់បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​នៅឡើយ​ទេ​ថា ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នឹងត្រូវ​ធ្វើ​នៅពេលណា​នោះទេ​។ 
 
​សូមបញ្ជាក់ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទីមួយ ត្រូវបាន​ភាគី​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកាំង គ្រោង​ចុះហត្ថលេខា នៅក្នុង​វេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក​(APEC) នា​ប្រទេស​ស៊ី​លី​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៩​មក​ម្លេះ ប៉ុន្តែ​វេទិកា​នេះ​ត្រូវ​លុបចោល ដោយសារ​បញ្ហា​អស្ថិរភាព​នៅក្នុង​ប្រទេស​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ទើប​ការចុះហត្ថលេខា​លើ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់​ទី​១ ត្រូវ​ពន្យារ​រហូតមកដល់​ថ្ងៃទី​១៥ ខែមករា​៕

Tag:
 អាមេរិក​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com