អន្តរជាតិ
អាមេរិក-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយជាផ្លូវការ លោកឧបនាយករដ្ឋមន្រ្តីចិន និងអ្នកតំណាងចរចាពាណិជ្ជកម្មចិន Liu He (ខាងឆ្វេង) និង ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ រូបភាព៖ AFP
× ទីបំផុត កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ ត្រូវបានអាមេរិក និងចិន ចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី១៥ ខែមករា បន្ទាប់ពីពន្យារពេលតាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមក។ ចំណែកកិច្ចការបន្ទាប់របស់ភាគីទាំងពីរ គឺការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីពីរបន្តទៀត។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងឧបនាយករដ្ឋមន្ត្រី និងជាអ្នកចរចាពាណិជ្ជកម្មចិន លោក លីវ ហឺ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំណាក់ទីមួយ នៅសេតវិមានប្រធានាធិបតីអាមេរិក នាថ្ងៃទី១៥ ខែមករា។ ជារឿងកត់សម្គាល់ លោក ត្រាំ បែរជាមកអង្គុយចុះហត្ថលេខាជាមួយភាគីដែលមានឋានៈទាបជាងទៅវិញ។
តាមរយៈកិច្ចព្រមព្រៀងនេះ ពន្ធ១ភាគ៣ដែលដាក់លើទំនិញចិនមានទំហំទឹកប្រាក់ចំនួន ៥០០ពាន់លានដុល្លារ នឹងត្រូវកាត់បន្ថយ។ បើតាមកិច្ចព្រមព្រៀងដំណាក់កាលទីមួយនេះ ចិន យល់ព្រមបន្ថែមការបញ្ជាទិញទំនិញពីអាមេរិកលើផលិតផលកសិកម្ម និងផលិតផលផ្សេងទៀត។ ក្រៅពីផលិតផលកសិកម្ម នៅមានការការពារកម្មសិទ្ធិបញ្ញាលើបច្ចេកវិទ្យាអាមេរិក និងបទបញ្ញត្តិមួយចំនួនទាក់ទងទៅនឹងការដោះស្រាយបញ្ហាពាណិជ្ជកម្ម និងការដាក់ទណ្ឌកម្មជាដើម។
នាពិធីចុះហត្ថលេខា ដោយមានទឹកមុខញញឹមសប្បាយរីករាយ ប្រធានាធិបតីអាមេរិក បានលើកឡើងថា កិច្ចព្រមព្រៀងអាមេរិក-ចិន គឺ សំខាន់យ៉ាងខ្លាំង។ ក្នុងនេះន័យ លោកត្រាំ បានបញ្ជាក់ថា ពេលនេះ អាមេរិក បានបោះជំហានយ៉ាងសំខាន់ និងមិនធ្លាប់មានពីមុនមកទេជាមួយចិន ហើយកិច្ចព្រមព្រៀងនេះ នឹងធានា «សកម្មភាពពាណិជ្ជកម្មទៅវិញទៅមក និងយុត្តិធម៌»។ បន្ថែមពីលើនេះ ប្រធានាធិបតីអាមេរិក បានចាត់ទុកកិច្ចព្រមព្រៀងនេះថា គឺជាការកែកំហុសនៅក្នុងអតីតកាលថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
យ៉ាងណាក៏ដោយ លោក ត្រាំ ក៏មិនភ្លេចអរគុណ ប្រធានាធិបតីចិន ស៊ី ជិនភីងឡើយ ដែលបានចូលរួមក្នុងការបង្កើតកិច្ចព្រមព្រៀងនេះឡើង។
កិច្ចការបន្ទាប់របស់ប្រមុខរដ្ឋអាមេរិក គឺកិច្ចចរចាពាណិជ្ជកម្មដំណាក់កាលទីពីរ។ ដូចដែលធ្លាប់លើកឡើងម្តងហើយ លោកត្រាំថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទីពីរ នឹងចរចាក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិក។ យ៉ាងណាក៏ដោយ នាពេលឆាប់ៗខាងមុខនេះ ប្រធានាធិបតីអាមេរិក នឹងធ្វើដំណើរទស្សនកិច្ចទៅចិន ដើម្បីជជែកពីបញ្ហាកិច្ចព្រមព្រៀងពាណិជ្ជកម្មបន្តទៀត។ ប៉ុន្តែអាមេរិក មិនទាន់បានបញ្ជាក់ឲ្យបានច្បាស់នៅឡើយទេថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នឹងត្រូវធ្វើនៅពេលណានោះទេ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ ត្រូវបានភាគីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង គ្រោងចុះហត្ថលេខា នៅក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC) នាប្រទេសស៊ីលីនៅខែវិច្ឆិកា ឆ្នាំ២០១៩មកម្លេះ ប៉ុន្តែវេទិកានេះត្រូវលុបចោល ដោយសារបញ្ហាអស្ថិរភាពនៅក្នុងប្រទេស។ ពាក់ព័ន្ធនឹងបញ្ហានេះ ទើបការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់ទី១ ត្រូវពន្យាររហូតមកដល់ថ្ងៃទី១៥ ខែមករា៕
© រក្សាសិទ្ធិដោយ thmeythmey.com