AFC U23៖ អា​រ៉ា​ប៊ី​សា​អូឌីត ឡើង​ប៉ះ​ម្ចាស់ផ្ទះ​ថៃ ឯ​ស៊ី​រី​ជួប​អូស្ត្រាលី វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​
កីឡាអន្តរជាតិ
អន្តរជាតិ
AFC U23៖ អា​រ៉ា​ប៊ី​សា​អូឌីត ឡើង​ប៉ះ​ម្ចាស់ផ្ទះ​ថៃ ឯ​ស៊ី​រី​ជួប​អូស្ត្រាលី វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​
16, Jan 2020 , 11:30 am        
រូបភាព
​អា​រ៉ា​ប៊ី​សា​អូឌីត ទទួលបាន​កៅអី​ឡើងទៅ​ជួប​ម្ចាស់ផ្ទះ​ថៃ​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ នៃ​ពានរង្វាន់ AFC U23 Championship ឆ្នាំ​២០២០ ក្រោយ​ឈ្នះ​ទាំងបី​ប្រកួត​នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល​។ ស៊ី​រី​ត្រូវ​ឡើងទៅ​ប៉ះ​អូស្ត្រាលី បើ​ទោះ​ពួកគេ​ចាញ់​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ជំនួប​ចុងក្រោយ​ក៏ដោយ​។​


 
​នា​ជំនួប​ចុងក្រោយ​ពូ​ល B នៅ​យប់​ថ្ងៃទី​១៥ ខែមករា ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន DescriptionThammasat ក្នុង​ខេត្ត Pathum Thani ប្រទេស​ថៃ ក្រុម​ជម្រើសជាតិ អា​រ៉ា​ប៊ី​សា​អូឌីត អាយុ​ក្រោម​២៣​ឆ្នាំ បាន​បន្ត​ជ័យជម្នះ​របស់ខ្លួន​ជា​លើក​ទី​៣ តាមរយៈ​ការយក​ឈ្នះ​ស៊ី​រី ១-០​។​
 
​អា​រ៉ា​ប៊ី​សា​អូឌីត​រកបាន​៩​ពិន្ទុ​ពេញ និង​ឈរ​កំពូល​តារាង​ពូ​ល B​។ ដោយសារ​តាមច្បាប់​នៃ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​អាស៊ី​នេះ​តម្រូវ​ឲ្យ​ក្រុម​ចំណាត់ថ្នាក់​ទី​១​តាម​ពូ​ល​និ​មួយៗ ត្រូវ​ជួប​ក្រុម​លេខ​២​នៅ​ពូ​ល​ផ្សេងទៀត​នោះ ដូច្នេះ​អា​រ៉ា​ប៊ី​សា​អូឌីត​ត្រូវ​ប៉ះ​ថៃ​ដែល​បញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី​២​ពូ​ល A​។​
 
​ស៊ី​រី​ដែល​ប្រកួត​ចាញ់​អា​រ៉ា​ប៊ី​សា​អូឌីត ក៏​ពួកគេ​នៅតែ​ទទួលបាន​កៅអី​ទៅ​វគ្គ​បន្ត​ផងដែរ​។ ស៊ី​រី​រកបាន​៤​ពិន្ទុ ឈរ​ចំណាត់ថ្នាក់​ទី​២​ពូ​ល B ដែល​ត្រូវ​ជួប​អូស្ត្រាលី​ដែល​ឈរ​កំពូល​តារាង​ពូ​ល A​។ កាតា​ដែល​ប្រកួត​បាន​ត្រឹម​ស្មើ​ជាមួយ​ជប៉ុន រកបាន​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ​ឈរ​លេខ​៣ និង​ត្រូវ​ត្រឡប់ទៅផ្ទះ​វិញ​ជាមួយ​ជប៉ុន​ដែល​ដឹងខ្លួន​ថា​ធ្លាក់​តាំងពី​ក្រោយ​ជំនួប​លើក​ទី​២​ម្លេះ​។​
 
​ដោយឡែក​ក្នុង​ពូ​ល C ឯណោះ​វិញ ក៏​រកឃើញ​ក្រុម​ចំនួន​ពីរ​ឡើងទៅ​វគ្គ​៨​ក្រុម​ដែរ​។ អ៊ូ​ស​បេ​គី​ស្ថាន បើ​ទោះ​ប្រកួត​ចាញ់​កូរ៉េខាងត្បូង ២-១ ក្តី​ក៏​ពួកគេ​ទទួលបាន​កៅអី​ទៅ​វគ្គ​បន្ត ក្រោយ​រកបាន​៤​ពិន្ទុ ឈរ​លេខ​២​។ មូលហេតុ​ដែល​អ៊ូ​ស​បេ​គី​ស្ថាន​បាន​ឡើងទៅ​វគ្គ​បន្ត ដ្បិត​មាន​សំណល់​គ្រាប់​ស៊ុត​ល្អ​ជាង​អ៊ីរ៉ង់​ដែល​បញ្ចប់ទៅ​នៅ​ចំណាត់ថ្នាក់​ទី​៣ មាន​៤​ពិន្ទុ​ដូចគ្នា​។​
 
​កូរ៉េខាងត្បូង ត្រូវ​រង់ចាំ​ក្រុម​លេខ​២​ពូ​ល D  ខណៈដែល​អ៊ូ​ស​បេ​គី​ស្ថាន​ចាំ​ស្វាគមន៍​ក្រុម​កំពូល​តារាង​ពូ​ល D ដែល​ត្រូវ​ប្រកួត​កាត់សេចក្តី​នៅ​យប់​នេះ​។ ក្រុម​នៅ​ពូ​ល D អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​មាន​៤​ពិន្ទុ ស្មើ​ជាមួយ​ហ្ស៊​កដា​នី​ដែល​ឈរ​លេខ​២ តាម​ពីក្រោយ​ដោយ​វៀតណាម​មាន​២​ពិន្ទុ រីឯ​កូរ៉េខាងជើងហាលអាវ​ទៅហើយ​៕

Tag:
 AFC U23 Championship
© រក្សាសិទ្ធិដោយ thmeythmey.com