អន្តរជាតិ
លោក ពូ​ទីន គ្រោង​កែ​រដ្ឋធម្មនុញ្ញ​បន្ថយអំណាច​ប្រធានាធិបតី​
16, Jan 2020 , 12:16 pm        
រូបភាព
លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងលោកនាយករដ្ឋមន្ត្រី Dmitry Medvedev (AFP)
លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងលោកនាយករដ្ឋមន្ត្រី Dmitry Medvedev (AFP)
ដោយ:
​នាយករដ្ឋមន្ត្រី​រុស្ស៊ី លោក ឌី​មី​ទ្រី ម៉េ​ដ​វ៉េ​ដេ​វ (Dmitry Medvedev) បានប្រកាសថា រដ្ឋាភិបាល​លោក​ទាំងមូល​សម្រេច​លាលែង ដោយ​បើកផ្លូវ​ឲ្យ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ទ្រង់ទ្រាយ​ធំ និង​តែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី​។ ការផ្លាស់ប្តូរ​នយោបាយ​របស់​ប្រទេស​នេះ ទំនង​ត្រួស​ត្រាយផ្លូវ​ឲ្យ​លោកពូ​ទីន​បន្ត​កាច់ចង្កូត​នយោបាយ​រុស្ស៊ី​ទៀត ទោះបីជា អាណត្តិ​ប្រធានាធិបតី​លោក ចប់​នា​ឆ្នាំ​២០២៤​។​


​ប្រកាស​លើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ នៅ​ថ្ងៃ​ពុធ ១៥ មករា ដែលមាន​លោក​វ៉ា្ល​ឌី​មៀ ពូ​ទីន អង្គុយ​ក្បែរ លោក ឌី​មី​ទ្រី ម៉េ​ដ​វ៉េ​ដេ​វ បញ្ជាក់ថា រដ្ឋាភិបាល​រុស្ស៊ី គួរផ្តល់​អំណាច​គ្រប់យ៉ាង​ដល់​ប្រធានាធិបតី​ក្នុងការ​ចាត់វិធានការ​ចាំបាច់​ទាំងអស់​ដើម្បី​អនុវត្ត​ការផ្លាស់ប្តូរ​។ លោក សង្កត់ធ្ងន់ថា​៖«​រាល់​ការសម្រេចចិត្ត​ចាប់ពីពេលនេះ​ទៅ នឹងត្រូវ​ធ្វើឡើង​ដោយ​ប្រធានាធិបតី​»​។ 
ក្រោយ​ការប្រកាស​នេះ លោក​ប្រធានាធិបតី ពូ​ទីន បាន​អរគុណ​លោក ម៉េ​ដ​វ៉េ​ដេ​វ ហើយ​បាន​អះអាងថា អតីត​នាយករដ្ឋមន្ត្រី​រូបនេះ នឹង​ចូលកាន់​តំណែង​ថ្មី ជា​អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​របស់​រុស្ស៊ី ដែលមាន​លោក​ជា​ប្រធាន​ផ្ទាល់​។ ម្យ៉ាងវិញទៀត លោក ពូ​ទីន បានស្នើ​ឲ្យ​សមាជិក​គណៈរដ្ឋមន្ត្រី​ដែល​បាន​លាលែង​នេះ បន្តការងារ​ពួកគេ​សិន រហូតដល់​រដ្ឋាភិបាល​ថ្មី ត្រូវបានតែងតាំង​។ 

​យោងតាម​សេចក្តីថ្លែងការណ៍​ក្រុង​ក្រេ​ម​ឡាំង លោក ពូ​ទីន បានសម្រេច​តែងតាំង​ប្រធាន​ទីភ្នាក់ងារ​ពន្ធដារ​ស​ហ​ព័ន្ធ​រុស្ស៊ី លោក មី​ខា​អ៊ី​ល មី​ហ៊ូ​ស្ទី​ន (Mikhail Mishustin) ជំនួស​លោក Medvedev ជា​នាយករដ្ឋមន្ត្រី​។ បើតាម​ទីភ្នាក់ងារ​យោធា​រុស្ស៊ី TASS សភា​ជាន់​ទាប​រុស្ស៊ី នឹង​ពិភាក្សា និង​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី នា​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០​។ 

លោក មីខាអ៊ីល មីហ៊ូស្ទីន ត្រូវបានលោក វ៉ា្លឌីមៀ ពូទីន ចាត់តាំងជានាយករដ្ឋមន្រ្តីថ្មី។ រូបភាព AFP

​ទាំង​តួនាទី​ជា​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី លោក ពូ​ទីន បាន​ក្តាប់​អំណាច​យ៉ាង​ណែន​ក្នុងប្រទេស ចាប់តាំងពី ១៩៩៩ មកម្ល៉េះ ។ បច្ចុប្បន្ន​មាន​អាយុ ៦៧ ឆ្នាំ អាណត្តិ​ប្រធានាធិបតី​បច្ចុប្បន្ន​លោក នឹង​ដល់​នា​ឆ្នាំ​២០២៤​។ មកទល់ពេលនេះ មេដឹកនាំ​រូបនេះ ពុំទាន់​បង្ហើប​ពី​គម្រោង​បន្ទាប់​លោក នៅពេល​អាណត្តិ​ប្រធានាធិបតី​អស់​នៅឡើយ​ទេ ក៏ប៉ុន្តែ​ក្រោម​រដ្ឋធម្មនុញ្ញ​រុស្ស៊ី ដែល​កំណត់​អាណត្តិ​ប្រធានាធិបតី​ត្រឹម ២​អាណត្តិ នេះ​មានន័យថា លោកពូ​ទីន ត្រូវ​រារាំង​ពី​ការចូល​កាន់តំណែង​កំពូល​ភ្លាមៗ​ម្តងទៀត​។ 

«​ជា​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ​ក្នុង​ប្រព័ន្ធ​នយោបាយ​រុស្ស៊ី​»

​នៅមុន​ការប្រកាស​លាលែង​ពី​សំណាក់​រដ្ឋាភិបាល​រុស្ស៊ី​នេះ លោក ពូ​ទីន ក្នុង​សុន្ទរកថា​ប្រចាំឆ្នាំ​ទៅកាន់​ប្រជាជាតិ​រុស្ស៊ី បានប្រកាសថា លោក​គាំទ្រ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មួយ ដែល​ផ្តល់​អំណាច​ដល់​សភា​ជាន់​ទាប​រុស្ស៊ី (State Duma) ដើម្បី​ជ្រើសរើស​នាយករដ្ឋមន្ត្រី និង​មុខតំណែង​សំខាន់ៗ​ផ្សេងទៀត​។​

​ត្រង់នេះ លោក ពូ​ទីន សង្កត់ធ្ងន់ថា នេះ​គឺ «​ជា​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ​ក្នុង​ប្រព័ន្ធ​ន​យោ​បា​រុស្ស៊ី​» ដោយ​បន្ថែមថា លោក គិតថា សភា​និង​សង្គម​ស៊ីវិល ត្រៀម​រួចរាល់​សម្រាប់​ការផ្លាស់ប្តូរ​នេះ​។ តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក​ប្រធានាធិបតី អះអាងថា របត់​នយោបាយ​ថ្មី​នេះ នឹង​បង្កើន​តួនាទី និង​សារសំខាន់​នៃ​ស្ថាប័ន​នីតិ​បញ្ញា​តិ្ត​របស់​ប្រទេស ព្រមទាំង ឯករាជ្យភាព និង​ទំនួល​ខុសត្រូវ​របស់​នាយករដ្ឋមន្ត្រី​។ 

​ការលើកឡើង​របស់លោក ពូ​ទីន ដែល​ក្តាប់​អំណាច​នៅ​រុស្ស៊ី​យ៉ាង​ណែន​អស់​ពេល​ជាង​២​ទសវត្សរ៍​មកនេះ ទំនងជា​បញ្ឆេះ​មន្ទិលសង្ស័យ​ជាថ្មី​ពាក់ព័ន្ធ​នឹង​ផែន​ការបន្ត​កាច់ចង្កូត​ប្រទេស​នេះ នៅពេល​អាណត្តិ​ប្រធានាធិបតី​លោក អស់​ក្នុង​ឆ្នាំ​២០២៤​។ 

​អ្នក​រិះគន់​ខ្លះ លើកឡើងថា លោក ពូ​ទីន កំពុង​គិតគូរ​រក​ផ្លូវ​រក្សា​អំណាច​ក្នុង​ឆាកនយោបាយ​រុស្ស៊ី ដោយ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី ដូច​លោក​ធ្លាប់ធ្វើ​កាល​ឆ្នាំ​២០០៨ ដោយ​ដោះដូរ​ជា​លោក ម៉េ​ដ​វ៉េ​ដេ​វ ដែលជា​មនុស្ស​ជំនិត​លោក​។ តែ​លើក​នេះ លោក បង្កើន​អំណាចសភា និង​គណៈរដ្ឋមន្ត្រី ហើយ​បន្ថយអំណាច​ប្រធានាធិបតី​។ ផ្លូវ​មួយទៀត​នោះ​គឺថា ក្នុង​សំណើ​ធ្វើ​វិសោធនកម្ម​ដដែល​នេះ លោក ពូ​ទីន ក៏មាន​បំណង​ផ្តល់​អំណាច​បន្ថែមទៀត​ដល់​ក្រុមប្រឹក្សាសន្តិសុខ​របស់​រុស្ស៊ី ដែល​ស្ថាប័ន​ផ្តល់យោបល់​ដល់​ប្រមុខរដ្ឋ ។ បច្ចុប្បន្ននេះ ស្ថាប័ន​នេះ ពុំ​សូវ​មានអំណាច​ធំធេង​នោះឡើយ​។ 

​ក្រោម​សំណើ​ដែល​លើកឡើង​ដោយ​លោក ពូ​ទីន ប្រធានាធិបតី នឹងមិន​មានអំណាច​ជំទាស់​ការតែងតាំង​របស់​សភា​លើ​មុខតំណែង​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​តំណែង​សំខាន់ៗ​មួយចំនួន​ទៀតឡើយ​។ សព្វថ្ងៃ តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​នេះ ផ្ដើមចេញពី​ការស្នើ​របស់​ប្រធានាធិបតី ទើប​សភា​អនុម័ត​តាម​ក្រោយ​។ លើសពីនោះ បុគ្គល​ដែល​ចង់​ធ្វើជា​ប្រធានាធិបតី ត្រូវមាន​លំនៅដ្ឋាន​អចិន្ត្រៃយ៍​នៅ​រុស្ស៊ី​២៥​ឆ្នាំ ខណៈ​សព្វថ្ងៃ​មានការ​កំណត់​ត្រឹម​១០​ឆ្នាំ​ប៉ុណ្ណោះ​។​

​រាល់​សំណើ​ទាំង​អម្បាលម៉ាន​នេះ លោក ពូ​ទីន អះអាងថា ទុក​ឲ្យ​ប្រជាជន​រុស្ស៊ី​ជា​អ្នកសម្រេចចិត្ត​ក្នុង​ការធ្វើប្រជាមតិ​ទូទៅ​មួយ​៕ 

Tag:
 រុស្ស៊ី​
  វ្លា​ឌី​មៀ ពូ​ទីន​
  ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​
© រក្សាសិទ្ធិដោយ thmeythmey.com