ជាតិ
​​​ន​យោ​បាយ​ជាតិ​
សមាជិកសភាអាស៊ាន សុំឲ្យទម្លាក់បទចោទចេញពីលោក កឹម សុខា
16, Jan 2020 , 12:30 pm        
រូបភាព
រូបពី AFP
រូបពី AFP
សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ទាមទារឲ្យតុលាការកម្ពុជា ទម្លាក់ការចោទប្រកាន់ចេញពីលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ជាបន្ទាន់និងគ្មានលក្ខខណ្ឌ ហើយផ្តល់សិទ្ធិពេញលេញជូនលោក ដើម្បីលោក បានឈានចូលឆាកនយោបាយវិញ។



ការទាមទាររបស់សមាជិកសភាអាស៊ាន គឺធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ស្របពេលតុលាការកម្ពុជា ចាប់ផ្តើមបើកសវនាការជំនុំជម្រះសំណុំរឿងរបស់លោក កឹម សុខា។ លោក Tom Villarin អតីតតំណាងរាស្រ្តហ្វីលីពីន និងបច្ចុប្បន្ន ជាសមាជិកម្នាក់នៃសភាអាស៊ាន និយាយក្នុងសេចក្តីថ្លែងការណ៍ថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ អស់រយៈពេលពីរឆ្នាំមកហើយ។

លោក Tom Villarin រិះគន់ដូច្នេះថា៖«ការបើកសវនាការលើលោក កឹម សុខា  គឺជាការព្រមាន និងជាក្រើនរម្លឹករបស់រដ្ឋាភិបាលកម្ពុជា ទៅកាន់មនុស្សរាប់លាន់នាក់ រួមមាន អ្នកនយោបាយ សកម្មជន អ្នកកាសែត និងប្រជាជនទូទៅ ថា មិនមានលំហសម្រាប់សិទ្ធិមនុស្សនៅកម្ពុជានោះទេ...»។

ភាគច្រើននៃសមាជិកសភាអាស៊ាន គឺជាសមាជិកសភាខាងគណបក្សប្រឆាំងពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន។ ថ្នាក់ដឹកនាំមួយចំនួននៃអតីតគណបក្សសង្គ្រោះជាតិ ក៏ជាសមាជិកនៃសភាអាស៊ាននេះដែរ។ គេ សង្កេតឃើញថា សមាជិកសភាអាស៊ាន តែងរិះគន់រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន។

នៅថ្ងៃទី១៥ ខែមករា តុលាការ ចាប់ផ្តើមបើកសវនាការជំនុំជម្រះក្តីលោក កឹម សុខា ហើយនៅថ្ងៃទី១៦នេះ តុលាការ បន្តបើកសវនាការទៀត។ តុលាការ គ្រោងនឹងបើកសវនាការនេះ ដល់ទៅបីខែឯណោះ ទើបអាចបញ្ចប់ ដោយក្នុងមួយសប្តាហ៍ សវនាការ ធ្វើឡើងពីរថ្ងៃ គឺនៅថ្ងៃទីពុធ និងថ្ងៃព្រហស្បតិ៍។

លោក កឹម សុខា រងពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដែលដៅសំដៅថាលោក ពឹងពាក់បរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ សំណុំរឿងរបស់លោក បានចំណាយពេលអស់ពីរឆ្នាំ ក្នុងការស៊ើបសួរ មុននឹងឈានដល់ការជំនុំជម្រះអង្គសេចក្តីនាពេលនេះ៕

Tag:
 កឹម សុខា
  APHR
© រក្សាសិទ្ធិដោយ thmeythmey.com