​បុរស​ជប៉ុន​ម្នាក់ មាន​ផ្ទុក​វីរុស​រលាក​សួត​ប្រភេទ​ថ្មី ក្រោយ​វិលត្រឡប់​ពី​ក្រុងវូហាន ប្រទេស​ចិន​
សុខភាព
អន្តរជាតិ
​បុរស​ជប៉ុន​ម្នាក់ មាន​ផ្ទុក​វីរុស​រលាក​សួត​ប្រភេទ​ថ្មី ក្រោយ​វិលត្រឡប់​ពី​ក្រុងវូហាន ប្រទេស​ចិន​
16, Jan 2020 , 3:29 pm        
រូបភាព
រូបភាព៖  Kyodo
រូបភាព៖ Kyodo
​បន្ទាប់ពី​ប្រទេស​ចិន និង​ថៃ វីរុស​ថ្មី​នៃ​ជំងឺ​រលាក​សួត បាន​លេចឡើង​នៅ​ជប៉ុន​មួយ​ករណី​ទៀត តាមរយៈ​បុរស​ជប៉ុន​វ័យ​ខ្ទង់ ៣០​ឆ្នាំ​ម្នាក់ ដែល​បាន​វិល​ត្រលប់​មកពី​ក្រុង​វូ​ហាន​វិញ​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​សុខភាព​របស់​ជប៉ុន នៅ​ថ្ងៃទី​១៦ ខែមករា​។​

 
អត្ថបទទាក់ទង

​នេះ​គឺជា​ករណី​ទី​២​ហើយ ដែល​គេ​បាន​រកឃើញ​វីរុស​ថ្មី​នៃ​ជំងឺ​រលាក​សួត​លេចឡើង​នៅក្រៅ​ប្រទេស​ចិន ខណៈពេល​ករណី​ទីមួយ​បានកើត​ឡើង​នៅ​ថៃ​។ បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងសុខាភិបាល​របស់​ជប៉ុន បុរស​ដែលមាន​វ័យ​ខ្ទង់ ៣០​ឆ្នាំ បានធ្វើ​ដំណើរ​ទៅ​ក្រុង​វ៉ូ​ហាន ប្រទេស​ចិន ដោយ​ត្រលប់​មកវិញ​ជាមួយនឹង​វីរុស​ថ្មី មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ SARS​ ។ 
 
​ជាការ​ពិត​បុរស​រូប​នេះ បាន​វិល​ត្រលប់​មកពី​ក្រុង​វូហាន​វិញ នៅក្នុង​ខែមករា​នេះ ដោយមាន​ភ្ជាប់​មកជា​មួយ​ជំងឺ​ក្តៅខ្លួន​ផងដែរ​។ ជា​បុរស​ម្នាក់​ដែល​រស់នៅក្នុង​ខេត្ត Kanagawa គ្រូពេទ្យ​ជប៉ុន បាន​ពិនិត្យ​ឈាម​រកឃើញថា បុរស​រូបនេះ​មាន​ផ្ទុក​វីរុស​ថ្មី​មែន​។ ដោយ​ខ្លាច​ឆ្លងទៅ​អ្នកដទៃ បុរស​រូបនេះ ត្រូវបាន​គេ​ឲ្យ​ស្នាក់នៅ​មន្ទី​ពេទ្យ​មួយរយៈ ដើម្បី​តាមដាន​រោគសញ្ញា​។ ប៉ុន្តែ​បុរស​វ័យ ៣០​ឆ្នាំនេះ ត្រូវបាន​គេ​ឲ្យ​ចាក​ចេញពី​មន្ទី​ពេទ្យ​ហើយ​នៅ​ថ្ងៃទី​១៥ ខែមករា បន្ទាប់ពី​ស្ថានភាព​ជំងឺ​មាន​ភាព​ធូរស្រាល​។ នេះ​បើតាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​សុខភាព​ជប៉ុន​។ 
 
​យ៉ាងណាក៏ដោយ មកទល់ពេលនេះ គេ​មិនទាន់​រកឃើញ​ករណី​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៅ​ឡើង​ទេ​។ កន្លងមក អង្គការ​សុខភាព​ពិភពលោក ធ្លាប់បាន​ព្រមាន​ថា វីរុស​នៃ​ជំងឺ​រលាក​សួត​នេះ អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស ក្នុង​លទ្ធភាព​ខ្ពស់បំផុត ក្នុងចំណោម​គ្រួសារ​អ្នកជំងឺ​ផ្ទាល់​។ ប៉ុន្តែ​គេ​មិនទាន់​ច្បាស់​នៅឡើយ​ទេ ថា​វីរុស​ប្រភេទ​នេះ អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​។ នាពេល​ថ្មីៗ​នេះ ថៃ​ក៏បាន​រកឃើញ​អ្នកជំងឺ​ម្នាក់ ដែលមាន​ផ្ទុក​វីរុស​ថ្មី​នេះដែរ ហើយ​ត្រូវបាន​ក្រុម​អ្នកជំនាញ ព្យាបាល និង​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទី​ពេទ្យ​ហើយ​។​
 
​សូមបញ្ជាក់ថា បញ្ហា​វីរុស​ថ្មី​នៃ​ជំងឺ​រលាក​សួត​នេះ បានធ្វើ​ឲ្យ​អាជ្ញាធរ​សុខភាព​ចិន​ឈឺក្បាល​យ៉ាងខ្លាំង ខណៈពេល​ប្រទេស​មួយចំនួន នៅ​អាស៊ីអាគ្នេយ៍​ដូចជា កម្ពុជា ថៃ បានចេញ​សេចក្តីថ្លែងការណ៍​ព្រួយបារម្ភ​ពី​បញ្ហា​នេះ និង​ឲ្យ​ប្រជាជន​ពលរដ្ឋ​ប្រុង​ប្រ​យ​ត្ន​។ អ្វីដែល​ធ្វើ​ឲ្យ​ចិន កាន់តែ​ព្រួយបារម្ភ​ជាង​នេះ នោះ​គឺ ជំងឺ​នេះ គឺ​ផ្ទុះឡើង​នៅ​ជិត​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន នៅ​ចុង​ខែម​ករានេះ​។ ក្នុងឱកាស​ចូលឆ្នាំ ប្រជាជន​ចិន​ជាច្រើន នឹងធ្វើ​ដំណើរ​ទៅលេង​ស្រុក ទៅលេង​ក្រៅប្រទេស​ជាដើម ហើយ​វា​ក៏​អាច​នាំ​ជំងឺ​នេះ ទៅជា​មួយ​ផងដែរ ៕

Tag:
 ជប៉ុន​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com