កីឡាជាតិ
ជាតិ
គណៈកម្មការស្ត្រីនិងកីឡាជំរុញឲ្យស្ត្រីចូលរត់ប្រណាំងថ្ងៃ៨មីនា ដែលរំពឹងទាក់ទាញអ្នករត់៥ពាន់នាក់ លោក វ់ាត់ ចំរើន អគ្គលេខានៃ NOCC និងសកម្មភាពរត់កាលពីពេលកន្លងទៅ
× ប្រធានគណៈកម្មការស្ត្រី និងកីឡានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារំពឹងថា ទិវារត់ប្រណាំងស្ត្រីចម្ងាយ១០គីឡូម៉ែត្រនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ នឹងមានស្ត្រីចូលរួមច្រើនជាងបុរស។ ជាមួយគ្នានេះ លោកស្រី ស្នើឲ្យស្ត្រី ដែលជាឆ្អឹងខ្នងនៃប្រទេសជាតិចូលរួមព្រឹត្តិការណ៍នេះឲ្យបានច្រើន ខណៈគណៈកម្មការរៀបចំសង្ឃឹមអាចទាក់ទាញអ្នកចូលរួមក្នុងរង្វង់៥ពាន់នាក់។
ក្រសួងទេសចរណ៍ សហការជាមួយគណៈកម្មការស្ត្រី និងកីឡានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍រត់ប្រណាំងស្ត្រីចម្ងាយ១០គីឡូម៉ែត្រ ដើម្បីអបអរទិវាបុណ្យសិទ្ធិនារី ក៏ដូចជាលើកកម្ពស់ចលនាស្ត្រីក្នុងវិស័យកីឡា និងសមភាពយេនឌ័រ។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ដោយចេញដំណើរពីសួនច្បារមុខវត្តបទុមវត្តីឆ្ពោះទៅកោះពេជ្រ បន្ទាប់មកបត់មកផ្លូវព្រះស៊ីសុវត្ថិឆ្ពោះទៅកាន់វត្តឧណ្ណាឡោម រួមមកបញ្ចប់នៅកន្លែងចេញដំណើរវិញ។ ប៉ុន្តែផ្លូវនេះអាចមានការផ្លាស់ប្តូរ ព្រោះគណៈកម្មការរៀបចំពុំទាន់ទទួលបានការអនុញ្ញាតពីសាលារាជធានីភ្នំពេញនៅឡើយទេ។
លោកស្រី កុយ ពិសី ប្រធានគណៈកម្មការស្ត្រីនិងកីឡានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជំរុញឲ្យស្ត្រីចូលរួមរត់ក្នុងទិវានេះឲ្យបានច្រើន ដើម្បីអបអរទិវាបុណ្យសិទ្ធិនារី ក៏ដូចជាបង្កើនសុខភាព និងការកាត់បន្ថយការចំណាយ។ ត្រង់ចំណុចនេះលោកស្រីពន្យល់ថា ការលេងកីឡានិងហាត់ប្រាណ វាមិនត្រឹមតែជួយបង្កើនថាមពលនិងពង្រឹងស្មារតីប៉ុណ្ណោះទេ ថែមទាំងជួយឲ្យមនុស្សមានសុខភាពល្អ និងអាចជៀសផុតពីជំងឺផ្សេងៗ និងកាត់បន្ថយការចំណាយលើថ្នាំពេទ្យទៀតផង។
ជាមួយការជំរុញនេះ រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ រំពឹងថា ព្រឹត្តិការណ៍នេះនឹងអាចទាក់ទាញស្ត្រីឲ្យចូលរួមច្រើនជាងបុរស ដើម្បីចូលរួមចំណែកលើកកម្ពស់សុខមាលភាពគ្រូសារ សង្គម និងប្រទេសជាតិ។ សម្រាប់លោកស្រី កុយ ពិសី ស្ត្រីជាឆ្អឹងខ្នងនៃប្រទេសជាតិ ជាប្រភពចំណូលនិងហិរញ្ញវត្ថុ និងជាប្រភពនៃសេចក្តីសុខក្នុងគ្រួសារនិងសង្គម។ បើស្ត្រីមានបញ្ហាសុខភាព នឹងអាចជះឥទ្ធិពលអាក្រក់ដល់គ្រួសារ សង្គម និងប្រទេសជាតិ។ នេះជាការយល់ឃើញរបស់រដ្ឋលេខាធិការរូបនេះ។
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារំពឹងថា ព្រឹត្តិការណ៍រត់ប្រណាំងស្ត្រីលើកទី៣នេះ នឹងអាចទាក់ទាញអត្តពលិកជាតិនិងអន្តរជាតិប្រមាណ៥ពាន់នាក់ឲ្យចូលរួម។ លោកបានចាត់ទុកព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយក្នុងការជួយជំរុញឲ្យមានសមភាពរវាងកីឡាករនិងកីឡាការិនីក្នុងវិស័យកីឡា។
លោកបន្ថែមថា ព្រឹត្តិការណ៍នេះគឺវាស្របតាមផែនការយុទ្ធសាស្ត្ររបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា(Camsoc) ដែលចង់ឲ្យមានវត្តមានស្ត្រីកាន់តែច្រើនចូលប្រឡូកក្នុងវិស័យកីឡា ដើម្បីធនធានសម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះជឿជាក់ថា ការចូលរួមកាន់តែច្រើនរបស់ស្ត្រី នឹងអាចធ្វើឲ្យវិស័យកីឡានៅកម្ពុជាកាន់តែរីកចម្រើន។
ការរត់ប្រណាំងនេះដែរ ក៏ជាផ្នែកមួយនៃការផ្សព្វផ្សាយពីយុទ្ធនាការកម្ពុជាស្អាត(Cambodia Clean Up) ដើម្បីឈានឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ផងដែរ។ ព្រឹត្តិការណ៍នេះមានពីរប្រភេទវិញ្ញាសា គឺរត់ចម្ងាយ១០គីឡូម៉ែត្រ និង៤គីឡូម៉ែត្រ។ សម្រាប់តម្លៃចុះឈ្មោះ គឺវិញ្ញាសារត់ចម្ងាយ១០គីឡូម៉ែត្រជនបរទេស២០ដុល្លារ ឯកម្ពុជា១២ដុល្លារ និង៤គីឡូម៉ែត្រជនបរទេស១៥ដុល្លារ កម្ពុជា៧ដុល្លារ៕
Tag:
រត់ប្រណាំង
៨ មីនា
វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com