អភិបាលខេត្ត​កំពង់ស្ពឺ នឹង​ឡើង​ភ្នំ​ឱ​រ៉ា​ល់​សិក្សា​ពី​សក្ដានុពល​ទេសចរណ៍​នៅ​តំបន់​នោះ​
ជាតិ
អភិបាលខេត្ត​កំពង់ស្ពឺ នឹង​ឡើង​ភ្នំ​ឱ​រ៉ា​ល់​សិក្សា​ពី​សក្ដានុពល​ទេសចរណ៍​នៅ​តំបន់​នោះ​
16, Jan 2020 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៧-១៩ និង​ថ្ងៃទី​២៧-២៩ មករា​នេះ រដ្ឋបាលខេត្ត​កំពង់ស្ពឺ រួមទាំង​មន្ត្រី ព្រះសង្ឃ យុវជន នឹង​ឡើង​ភ្នំ​ឱ​រ៉ា​ល់​ដែល​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​។ លោក វ៉ី សំណាង បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា ការឡើង​ភ្នំ​ឱ​រ៉ា​ល់​នេះ ដើម្បី​សិក្សា​ពី​សក្ដានុពល​ទេសចរណ៍ និង​សិក្សា​ពី​ការធ្វើ​កាំជណ្ដើរ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ ថា​តើ​មាន​ផលប៉ះពាល់​បរិស្ថាន​ឬ​យ៉ាងណា​?

 
​ភ្នំ​ឱ​រ៉ា​ល់ មាន​កម្ពស់​១៨១៣​ម៉ែត្រ ដែល​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​។ សក្ដានុពល​នៅ​ភ្នំ​ឱ​រ៉ា​ល់ បាន​ទាក់ចិត្ត​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជាច្រើន ធ្វើដំណើរ​កម្សាន្ត​នៅ​ទីនោះ​។ លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បានបង្ហាញ​ក្ដីសប្បាយ​រីករាយ នៅពេល​ភ្ញៀវទេសចរ​ជ្រើសរើស​ភ្នំ​ឱ​រ៉ា​ល់ ជា​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​។​
 
​បើតាម​លោក វ៉ី សំណាង រដ្ឋបាលខេត្ត​កំពង់ស្ពឺ បានរៀបចំ​ដំណើរ​ផ្សងព្រេង​ឆ្ពោះទៅ​ភ្នំ​ឱ​រ៉ា​ល់​នៅ​ថ្ងៃទី​១៧-១៩ និង​ថ្ងៃទី​២៧-២៩ មករា ឆ្នាំ​២០២០ នេះ ក្នុង​គោលដៅ​សិក្សា​ពី​សក្ដានុពល​នៃ​វិស័យ​ទេសចរណ៍​នៅ​តំបន់​ជួរ​ភ្នំ​ឱ​រ៉ា​ល់​។ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ដល់​ការឡើង​ភ្នំ រដ្ឋបាលខេត្ត​កំពង់ស្ពឺ មាន​គម្រោង​ធ្វើ​កាំជណ្ដើរ​ឡើង ដោយ​បច្ចុប្បន្ន​ផ្លូវ​ឡើង​ភ្នំ​មានការ​លំបាក​ដោយ​ត្រូវ​វែក​ព្រៃ​, តោង​ថ្ម​ឡើង​ភ្នំ​។​
 
​លោក វ៉ី សំណាង លើកឡើង​បែបនេះ​៖«​ខ្ញុំ​ចង់​សិក្សា​ពី​សក្ដានុពល​វិស័យ​ទេសចរណ៍ ដោយ​អាជ្ញាធរ​យើង ត្រូវ​កៀងគរ​អ្នកវិនិយោគ ឬ​សប្បុរសជន​ដែលមាន​លទ្ធភាព​ជួយ​ធ្វើ​ផ្លូវ និង​កាំជណ្ដើរ ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ដល់​ទេសចរ​។ ហើយ​យើង​ត្រូវ​សិក្សា​ពី​សក្ដានុពល​ទេសចរណ៍​សិន និង​សិក្សា​ពី​ផលប៉ះពាល់​នៃ​បរិស្ថាន​ដែរ ក្រែងលោ​ធ្វើទៅ​ត្រូវ​កាប់​ព្រៃឈើ អញ្ចឹង​ចប់​ហើយ មាន​នរណា​មកលេង​ទៀត​»​។​
 
​លោក ឈឺ​ន ឆី​ម អ្នក​នាំ​ភ្ញៀវទេសចរ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កំណើន​ភ្ញៀវទេសចរ​មានការ​កើនឡើង ដោយ​ឆ្នាំ​២០១៨ មាន​ចំនួន ៣៥០០​នាក់ និង​ឆ្នាំ​២០១៩ មាន​ចំនួន ៤៥១៥​នាក់ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ជើងភ្នំ​ឪ​រ៉ា​ល់ អា​ចរក​ចំណូល​ផ្គង់​ផ្គង់​ជីវភាព​គ្រួ​សារបាន​សមរម្យ តាមរយៈ​ការនាំ​ភ្ញៀវ​ឡើង​ភ្នំ​។​
 
​បើតាម​លោក ឆី​ម តាមរយៈ​ចំនួន​ភ្ញៀវទេសចរ​កើនឡើង​នេះ ក៏​ធ្វើ​ឲ្យ​អ្នក​នាំ​ភ្ញៀវ​មាន​កំណើន​ផងដែរ ពិសេស​ពួកគេ​បញ្ឈប់​ការកាប់​ព្រៃឈើ​នៅ​ទីនោះ​។ ជាមួយគ្នានេះ លោក ឈឺ​ន ឆី​ម ក៏បាន​បេ្ត​ជ្ញា​ចិត្ត យកចិត្តទុកដាក់​ខ្ពស់បំផុត​សម្រាប់​ភ្ញៀវទេសចរ​ផងដែរ​។ 
 
​សូមបញ្ជាក់ថា ភ្នំ​ឱ​រ៉ា​ល់ ស្ថិតនៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដែលមាន​ចម្ងាយ​ប្រមាណ​៦០​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តកំពង់ស្ពឺ​។ ដើម្បី​ទៅដល់​ភ្នំ​ឱ​រ៉ា​ល់ ភ្ញៀវទេសចរ​ត្រូវធ្វើ​ដំណើរ​តាម​គោយន្ត​ពី​ភូមិ​ស្រែ​កិន​៣ ទៅដល់​ជើងភ្នំ​ប្រមាណ ១២​គីឡូម៉ែត្រ និង​ធ្វើដំណើរ​ថ្មើរជើង​ឡើង​ពីរ​ដំណាក់​ទើប​ដល់​កំពូលភ្នំ​៕

Tag:
 ភ្នំ​ឱ​រ៉ា​ល់​
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com