កីឡាអន្តរជាតិ
អន្តរជាតិ
៣​ឆ្នាំ Everton ខាត​ដល់​ទៅ​១៤៦​លាន​ដុល្លារ ប៉ុន្តែ​ក្លិប​សន្យា​ស្តារ​ស្ថានភាព​ឡើងវិញ​
16, Jan 2020 , 8:39 pm        
រូបភាព
Everton បានប្រកាស​ពី​ការខាតបង់​ប្រាក់​ជា​កំណត់ត្រា​ក្លិប​ចំនួន ១១១,៨ លាន​ផោន (១៤៦​លាន​ដុល្លារ​អាមេរិក​) ក្នុង​រយៈពេល​៣​ឆ្នាំ គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៩​។ យ៉ាងណាក៏ដោយ​ក្លិប​ក្នុង​ក្របខណ្ឌ Premier League មួយ​នេះ ប្តេជ្ញា​ថា​នឹងធ្វើ​ឲ្យ​មាន​ចីរភាព​ផ្នែក​ហិរញ្ញវត្ថុ​របស់ខ្លួន​ឡើងវិញ​។​


 
​កាលពី​ឆ្នាំ ២០១៧ Everton ទទួលបាន​ប្រាក់ចំណេញ ៣០,៦ លាន​ផោន (៤០​លាន​ដុល្លារ​) ហើយ​បាន​ខាតបង់​ទៅវិញ​នៅ​ឆ្នាំ​២០១៨ ចំនួន ១៣,១​លាន​ផោន (១៣​លាន​ដុល្លារ​)​។ ប៉ុន្តែ​តួលេខ​ចុងក្រោយ​បង្ហាញថា​ក្រុម​រហស្សនាម​ស្ករ​គ្រាប់​បាន​ឈានដល់​កម្រិត​ប្រកាសអាសន្ន​នៃ​ការចំណាយ​ក្រោម​ការគ្រប់គ្រង​របស់​ម្ចាស់​ភាគហ៊ុន​ធំ​លោក Farhad Moshiri​។​
 
​ច្បាប់​ចីរភាព​នៅក្នុង​លី​គ​កីឡាបាល់ទាត់​កំពូល​អង់គ្លេស អនុញ្ញាត​ឲ្យ​ក្លិប​មួយ​ត្រូវ​ខាតបង់​ចំណូល​ចំនួន ១០៥​លាន​ផោន (១៣៧​លាន​ដុល្លារ​) ក្នុង​រយៈពេល​ត្រឹម​៣​ឆ្នាំ ខណៈដែល​ការខាតបង់​សរុប​របស់ Everton ក្នុង​រយៈពេល​ដូចគ្នានេះ​មាន​ចំនួន​៩៤,៣​លាន​ផោន (១២៣​លាន​ដុល្លារ​)​។​


 
​ទាំងអស់នេះ​មិនទាន់​គិត​បញ្ចូល​ថ្លៃ​កីឡដ្ឋាន Goodison Park និង​ក្រុម​ថ្នាល​ផង​ទេ ស្រប​ពេលដែល​ក្លិប​បាន​កាត់បន្ថយ​ចំណាយ​រួចហើយនោះ​។​
 
​មួយវិញទៀត ការចំណាយ​លើ​ប្រាក់​ឈ្នួល​របស់​កីឡាករ Everton មាន​ចំនួន​១៦០​លាន​ផោន (២០៩​លាន​ដុល្លារ​) ដែល​កើនឡើង​ពី​៧៧​ភាគរយ ក្នុង​ឆ្នាំ​២០១៨ ដល់ ៨៥​ភាគរយ​នៅ​រដូវ​កាល​មុន​។​
 
​លោក Moshiri អ្នកវិនិយោគ​សញ្ជាតិ​អង់គ្លេស​-​អ៊ីរ៉ង់ ដែល​កាន់​កាន់​ភាគហ៊ុន​នៅ Everton ចំនួន​៧៣,២​ភាគរយ បាន​ចំណាយ​ប្រាក់​ប្រមាណ ៤៥០ លាន​ផោន (៥៨៧​លាន​ដុល្លារ​) ទៅលើ​ការ​ដុះ​ដូរ​កីឡាករ​។ ស្ថិតក្រោម​ការគ្រប់គ្រង​របស់លោក​ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៦ Everton បាន​ផ្លាស់ប្តូរ​អ្នកចាត់ការ​ទូទៅ ៤​រូប​មកហើយ ដែល​បញ្ហា​នេះ​នាំ​ឲ្យ​មាន​សំណួរ​ពី​អ្នកគាំទ្រ​អំពី​និរន្ត​ភាព​របស់​ក្លិប​។​
 
Everton ដែល​សព្វថ្ងៃ​មាន​អ្នកចាត់ការ​ទូទៅ​លោក Carlo Ancelotti ឈរ​នៅ​ចំណាត់ថ្នាក់​ទី​១១ ក្នុង​តារាង​ចំណាត់ថ្នាក់ Premier League ដោយ​រកបាន​២៨​ពិន្ទុ ពី​ការប្រកួត​២២​លើក​នៅ​រដូវ​កាល​២០១៩-២០​នេះ​៕

Tag:
 Everton
  ខាត​ចំណូល
© រក្សាសិទ្ធិដោយ thmeythmey.com