ជាតិ
អន្តរជាតិ
សម្តេច ហ៊ុន សែន បំពាក់គ្រឿងឥស្សរិយយសជូនភរិយាអតីតនាយករដ្ឋមន្ត្រីជប៉ុន Keizo Obuchi
× សម្តេច ហ៊ុន សែន នាព្រឹកថ្ងៃទី១៦ ខែមករា បានទទួលជួបលោកស្រី Obuchi Chizuko ដែលភរិយា របស់លោក Keizō Obuchi អតីតនាយករដ្ឋមន្ត្រីជប៉ុន នាដំណើរទស្សនកិច្ចរបស់លោកស្រីនៅកម្ពុជា។ នាឱកាសនោះ សម្តេច ហ៊ុន សែន ដែលតំណាងព្រះមហាក្សត្រ ក៏បានបំពាក់គ្រឿងឥស្សរិយយសជូនដល់អតីតស្ត្រីទីមួយជប៉ុន រូបនោះផងដែរ។
កាលពី២០ឆ្នាំមុន លោកស្រី Obuchi Chizuko បានមកធ្វើទស្សនកិច្ចនៅកម្ពុជាជាមួយស្វាមី ដែលកាលណោះ លោក Obuchi ជានាយករដ្ឋមន្ត្រីជប៉ុនពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០០។ យោងតាមហ្វេសប៊ុកសម្តេច ហ៊ុន សែន លោកស្រី Obuchi បានចង់ចាំយ៉ាងច្បាស់ពីដំណើរទស្សនកិច្ចរបស់ខ្លួននៅមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងអនុស្សាវរីយ៍ផ្សេងៗទៀត។
ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានរំលឹកពីការយកចិត្តទុកដាក់របស់លោក Obuchi លើបញ្ហាដោះមីននៅកម្ពុជា រួមទាំងជួយដល់កម្ពុជានាអំឡុងការបោះឆ្នោតឆ្នាំ១៩៩៨ បន្ទាប់ពីកម្ពុជាមានជម្លោះដោយប្រដាប់អាវុធនៅឆ្នាំ១៩៩៧ ក៏ដូចជាការជំរុញឲ្យមានការផ្តល់នូវថវិកាទ្រទ្រង់ដល់កម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។
លោក Obuchi បានទទួលមរណភាពក្នុងអាយុ៦២ឆ្នាំ កាលពីឆ្នាំ២០០០។ លោកបានរៀបការជាមួយលោកស្រី Chizuko Ono នៅឆ្នាំ១៩៦៧ ដោយមានកូនប្រុសម្នាក់ និងស្រីម្នាក់។ លោកស្រី Yuko Obuchi ដែលជាកូនរបស់លោក Obuchi បច្ចុប្បន្នជាសមាជិកសភានៃគណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោកនាយករដ្ឋមន្ត្រី Abe៕
© រក្សាសិទ្ធិដោយ thmeythmey.com