ជាតិ
សង្គមជាតិ
រដ្ឋបាល​ជលផល​ហាម​ឲ្យ​ពលរដ្ឋ​នេសាទ​នៅ​រដូវ​ពង​កូន​របស់​ត្រី​កា​ម៉ុង​
16, Jan 2020 , 9:19 pm        
រូបភាព
រូបភាពត្រី​កាម៉ុង ឬ​ត្រីប្លាធូ រូបភាពពីរដ្ឋបាល​ខេត្តកោះ​កុង
រូបភាពត្រី​កាម៉ុង ឬ​ត្រីប្លាធូ រូបភាពពីរដ្ឋបាល​ខេត្តកោះ​កុង
ដោយ:
​ភ្នំពេញ​៖ រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចេញ​សេចក្តីប្រកាស​មិន​ឲ្យ​អ្នកនេសាទ​ទូទាំង​រាជធានី​ខេត្ត និង​អ្នករស់នៅ​តំបន់​ពាម​ក្រសោប ខេត្តកោះកុង នេសាទ​ត្រី​កា​ម៉ុង ក្នុង​រដូវ​កាល​ពង​កូន​ក្នុង​រយៈពេល​៣​ខែ ចាប់ពី​ថ្ងៃទី​១៥ ខែមករា រហូតដល់​ថ្ងៃទី ៣១ ខែមីនា​នេះឡើយ​។​


 
​លោក អេង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ការហាម​ឲ្យ​នេសាទ​ត្រី​កា​ម៉ុង​នេះ សម្រាប់តែ​អ្នកប្រើប្រាស់​ឧបករណ៍​នេសាទ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​។ 
 
​ចំពោះ​ការនេសាទ​ខ្នាត​គ្រួសារ​តូចៗ រដ្ឋបាល​ជលផល​អនុ​ញ្ញាត​ឲ្យ​នេសាទ​បាន​ធម្មតា ដែល​រដ្ឋបាល​ជលផល​ចាត់ទុកថា ការនេសាទ​ខ្នាត​គ្រួសារ​ដែល​ប្រើប្រាស់​ឧបករណ៍​នេសាទ​នោះ មិន​បង្កលក្ខណៈ​ធ្ងន់ធ្ងរ​ដល់​រដូវ​ការពង​កូន​របស់​ត្រី​ឡើយ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក អេង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ 
 
​របាយការណ៍​ដែល​បង្ហាញ​ដោយ​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ថា ផល​នេសាទ​ទឹកសាប​ក្នុង​ឆ្នាំ​២០១៩​នេះ មាន​ចំនួន​ជាង​៤៧​ម៉ឺន​តោន ដែល​ធ្លាក់ចុះ​ជាង​៥​ម៉ឺន​តោន គឺ​ស្មើនឹង​១០​ភាគរយ បើ​ធៀប​នឹង​ផល​នេសាទ​ក្នុង​ឆ្នាំ​២០១៨ ដែលមាន​ចំនួន​ជាង​៥៣​ម៉ឺន​តោន​៕  
 

Tag:
 រដ្ឋបាល​ជលផល​
 ​នេសាទ​
 ​ត្រី​កា​ម៉ុង
© រក្សាសិទ្ធិដោយ thmeythmey.com