អន្តរជាតិ
សវនាការ​កាត់ទោស​លោ​ក​ត្រាំ​នៅ​ព្រឹទ្ធសភា នឹង​បើក​នា​សប្តាហ៍​ក្រោយ
16, Jan 2020 , 9:39 pm        
រូបភាព
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក (AFP)
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក (AFP)
ដោយ:
​សភា​តំណាង​អាមេរិក នៅ​ថ្ងៃ​ពុធ ១៥ មករា បានអនុម័ត​សេចក្តីសម្រេច​បញ្ជូន​មាត្រា​នៃ​បទចោទប្រកាន់​ប្រឆាំង​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ទៅកាន់​ព្រឹទ្ធសភា​ដើម្បី​បើកសវនាការ​។ សេចក្តីសម្រេច​នេះ បានអនុម័ត​ដោយ​សំឡេងគាំទ្រ ២២៨ ទល់នឹង ១៩៣ ។ សវនាការ​នេះ គ្រោង​ចាប់ផ្តើម​នា​ដើម​សប្តាហ៍​ក្រោយ​។

 
​ប្រធាន​មតិ​ភាគច្រើន​ក្នុង​ព្រឹទ្ធសភា​មកពី​បក្ស​សាធារណរដ្ឋ លោក Mitch McConnell បានប្រកាសថា មាត្រា​ទាំងពីរ​នេះ នឹងត្រូវ​អាន​ជា​ផ្លូវការ នៅ​រសៀល ថ្ងៃ​១៦ ខែមករា ។ ក្រោយមក លោក John Roberts  ប្រធាន​តុលាការ​កំពូល​អាមេរិក នឹង​ស្បថ​ចូល​ធ្វើជា​ប្រធាន​ចៅក្រម​ក្នុងការ​ជំនុំជម្រះ​នេះ​។ បន្ទាប់មក​សមាជិក​ព្រឹទ្ធសភា​ទាំង​១០០​នាក់ នឹងត្រូវ​ស្បថ​ចូលកាន់​តំណែង​ជា​សមាជិក​គណៈ​វិនិច្ឆយ ហើយ​សវនាការ​នេះ នឹង​បើក​នា​ថ្ងៃ​២១ មករា សប្តាហ៍​ក្រោយ​។ 
 
​អ្នកចាត់ការ​ដែល​ទើប​តែងតាំង​ចំនួន ៧ នាក់ ថ្មី​មកពី​បក្ស​ប្រជាធិបតេយ្យ នឹង​ដើរតួនាទី​ដូចជា​រដ្ឋអាជ្ញា​សំណុំ​រឿងនេះ​ប្រឆាំង​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ ពួកគេ នឹង​ដឹកនាំ​ដោយ​លោក Adam Schiff ប្រធាន​គណៈកម្មាធិការ​ចារកម្មរ​របស់​សភា​តំណាង​។ ដោយឡែក​មេធាវី​សេត​វិមាន​អាមេរិក ២ រូប រួមមាន Pat Cipollone និង Jay Sekulow នឹង​ចូលទៅ​ដឹកនាំ​ក្រុម​ការពារ​ក្តី​លោក​ប្រធានាធិបតី​។ 
 
​ខណៈ​តាម​នីតិវិធី ទាមទារ​សំឡេង ២ ភាគ ៣ ក្នុង​ព្រឹទ្ធសភា​ដើម្បី​កាត់ទោស និង​ដកហូត​ប្រធានាធិបតី​ពី​តំណែង ការលើកលែងទោស​រប​ស់លោក ត្រាំ ត្រូវបាន​គេ​រំពឹង​នឹង​កើតឡើង ព្រោះ​បក្ស​សាធារណរដ្ឋ​មាន​សំឡេង​ភាគច្រើន​។ ទាក់ទិន​នឹង​ការបញ្ជូន​មាត្រា​ចោទប្រកាន់​នេះ​ទៅ​ព្រឹទ្ធសភា​ពី​សំណាក់​សភា លោក ដូ​ណា​ល់ ត្រាំ បាន​ហៅ​ដំណើរការ​នេះ​ថា​ជា ការរៀបចំ​ឆាកល្ខោន​ឡើង​ពី​សំណាក់​សមាជិក​បក្ស​ប្រជាធិបតេយ្យ ដែល​លោក​អះអាងថា «​គ្មាន​ការងារ​ធ្វើ​»​។​
 
​សូមបញ្ជាក់ថា លោក ដូ​ណា​ល់ ត្រាំ ត្រូវបាន​បោះឆ្នោត​ចោទប្រកាន់​ជា​ផ្លូវការ កាលពី​ថ្ងៃ ១៨ ខែធ្នូ ក្រោម​បទ​ចោទ​ពីរ​។ ការចោទប្រកាន់​ទី​១​គឺ លោក ត្រាំ បាន​អនុវត្ត​អំណាច​ប្រធានាធិបតី​ដើម្បី​បាន​ផលចំណេញ​ផ្ទាល់ខ្លួន ខណៈ​មិន​ខ្វាយខ្វល់ ឬ​ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ ដោយ​ដាក់​សម្ពាធ​លើ​អ៊ុយ​ក្រែ​ន​ឲ្យ​ជ្រៀតជ្រែក​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ២០២០​។ ការចោទប្រកាន់​ទី​២​គឺ នៅពេល​ត្រូវបាន​ចាប់កំហុស​បាន​, នៅពេល​សភា​តំណាង​បាន​បើក​ការស៊ើបអង្កេត និង​ស៊ើបសួរ​ក្នុង​នីតិវិធី​ដកតំណែង​ប្រធានាធិបតី​នោះ លោក​ត្រាំ​បាន​ព្យាយាម​រារាំង​ដំណើរការ​របស់​សភា​នេះ​៕

Tag:
 សហរដ្ឋអាមេរិក​
  សភា​តំណាង​
  ព្រឹទ្ធសភា​
  impeachment
© រក្សាសិទ្ធិដោយ thmeythmey.com