ជាតិ
ទេសចរ​កូរ៉េ​ម្នាក់​ស្លាប់​ដោយសារ​ជិះ​ម៉ូតូ​ធំ​កង់​បួន​ធ្លាក់​រណ្ដៅ​ស្រះ​ជម្រៅ​ជាង​២០​ម៉ែត្រ​
16, Jan 2020 , 5:17 pm        
រូបភាព
រូបភាព៖ នគរបាលសង្កាត់ស្រង៉ែ
រូបភាព៖ នគរបាលសង្កាត់ស្រង៉ែ
​សៀមរាប​៖ ទេសចរ​ជនជាតិ​កូរ៉េ​ម្នាក់ បាន​លង់ទឹក​ស្លាប់ បន្ទាប់ពី​ជិះ​ម៉ូតូ​ប្រភេទ​កង់​បួន​កម្សាន្ត​វាលស្រែ​ក្នុង​ក្រុង​សៀមរាប ហើយ​ធ្លាក់ចូល​រណ្ដៅ​ស្រះ​មួយកន្លែង​ជម្រៅ​ជាង​២០​ម៉ែត្រ​។ សមត្ថកិច្ច​ប្រាប់ថា កន្លែងកើតហេតុ​នៅ​ឆ្ងាយ​ពី​ភូមិ និង​រណ្ដៅ​ស្រះ​ជ្រៅ​ពេក ទើប​ធ្វើឱ្យ​ការសង្គ្រោះ​មាន​ភាពយឺតយ៉ាវ​។​

 
​ទេសចរ​ជនជាតិ​កូរ៉េ ឈ្មោះ Jang Seongsu ភេទ​ប្រុស អាយុ​២២​ឆ្នាំ បាន​ជិះ​ម៉ូតូ​ប្រភេទ​កង់​បួន​ទៅ​កម្សាន្ត​នៅ​វាលស្រែ​ក្នុង​សង្កាត់​ស្រ​ង៉ែ ប៉ែក​ខាងលិច​ត្បូង​ក្រុង​សៀមរាប  និង​គ្រោះថ្នាក់​ធ្លាក់ចូល​រណ្ដៅ​ស្រះ​កាយ​យក​អាចម៍ដី​មួយកន្លែង ជម្រៅ​ប្រមាណ​២៥​ម៉ែត្រ នា​ល្ងាច​ថ្ងៃទី​១៥ មករា​។ សព​ជនរងគ្រោះ បាន​រកឃើញ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​១៦ មករា​។​
 
​លោក ភាវ ធឿ​ត មេ​ប៉ុស្ដិ៍​សង្កាត់​ស្រ​ង៉ែ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ជនរងគ្រោះ​បានមក​ដល់​ខេត្តសៀមរាប​នៅ​ថ្ងៃទី​១៣ មករា លុះ​រសៀល​ថ្ងៃទី​១៥ រូបគេ​និង​មិត្តភក្ដិ​បាន​ជួល​ម៉ូតូ​កង់​បួន​ពី​ក្រុម​មួយ ជិះ​កម្សាន្ត​មើល​វាលស្រែ​ក្នុង​សង្កាត់​ស្រ​ង៉ែ ហើយ​ពេល​ត្រឡប់មកវិញ​ដល់​កន្លែងកើតហេតុ ក៏បាន​រេ​ចង្កូត​ម៉ូតូ​ធ្លាក់​ទឹកស្រះ​តែម្ដង​។ ភ្លាមៗ មិត្តភក្ដិ​ដែល​ជិះ​ជាមួយ​ឈ្មោះ LEE GYUHONG បាន​ស្រ​វ៉ា​ឡើង​ច្រាំង​បាន ដោយឡែក​ជនរងគ្រោះ​បាន​លិច​ចូលក្នុង​ទឹកស្រះ​ជាមួយ​ម៉ូតូ​។ លោក ភាវ ធឿ​ត សន្និដ្ឋានថា​ទំនង​ជនរងគ្រោះ​មិនចេះ​ហែល​ទឹក ណាមួយ​ទឹកស្រះ​ពុំមាន​ចរន្ត​អុកស៊ីសែន​ផង ទើប​បណ្ដាលឱ្យ​ស្ថានការណ៍​កាន់តែ​លំបាក​។​
 
​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៥​ល្ងាច ស្ថិតនៅ​ភូមិ​តា​ចក ដែល​តាម​ការបញ្ជាក់​ពី​មេ​ប៉ុស្ដិ៍​ស្រ​ង៉ែ គឺ​ស្ថិតនៅ​ឆ្ងាយ​ពី​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ប្រហែល​២​គីឡូម៉ែត្រ​។ មួយវិញទៀត ដោយសារ​ស្រះ​មាន​ជម្រៅ​ជ្រៅ​ធ្វើឱ្យ​អ្នក​ជួយសង្គ្រោះ​ពិបាក​ធ្វើការ​។ 
 
​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​សៀមរាប លោក លី សំរិទ្ធ បាន​សម្ដែង​ការសោកស្ដាយ​ចំពោះ​ហេតុ​ការ​ដ៏​សោកសៅ​នេះ​។ លោក​ប្រាប់ថា នេះ​ជាការ​ហ្វេ​ស​ប្រហែស​មួយ​របស់​ក្រុមហ៊ុន ដែល​ត្រូវតែមាន​អ្នកទទួលខុសត្រូវ​។ បន្ថែម​ពីនេះ តំបន់​ទាំងនោះ​មិនគួរ​ឱ្យ​ភ្ញៀវទេសចរ​បើកបរ​ឆ្លង​កាត់​ទេ ដោយសារ​មាន​រណ្ដៅ​ស្រះ​ច្រើន​។ នេះ​ជាការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​។​
 
​លើសពីនេះ លោក លី សំរិទ្ធ ក៏បាន​រម្លឹក​ដល់​បណ្ដា​ក្រុមហ៊ុន​មួយចំនួន​ដែល​មិន​គោរព​សារា​ចរណ៍​ណែនាំ​របស់​រដ្ឋបាលខេត្ត​សៀមរាប ដែល​ហាម​ប្រាណ​ភ្ញៀវទេសចរ​បើកបរ​យាន​ជំនិះ​ដោយ​ខ្លួនឯង​។ ចំណុច​នេះ​អ្នកនាំពាក្យ​គូសបញ្ជាក់ថា​៖ «...​នេះ​ជាការ​ហ្វេ​ស​ប្រហែស​មួយ​របស់​ក្រុមហ៊ុន អ្វីដែល​យើង​បាន​ណែនាំ​កន្លងមក គឺ​ដើម្បី​ឱ្យមាន​ការប្រុងប្រយ័ត្ន បង្ការ​ក្រែង​មាន​ហេតុការណ៍​បែបនេះ ដល់​តែ​អ៊ីចឹងទៅ តើ​ដោះស្រាយ​យ៉ាងម៉េច​...​យើង​ដឹងថា ផ្លូវថ្នល់​នៅ​ស្រុក​យើង​មិន​ដូច​ផ្លូវ​ស្រុក​គាត់​ទេ  យើង​នឹង​រៀបចំ​ឱ្យមាន​ការអនុវត្ត​ការណែនាំ​នោះ​ជាការ​ចាំបាច់​»​។ លោក លី សំរិទ្ធ បន្ថែមថា ហេតុការណ៍​បានធ្វើឱ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​ផងដែរ  នៅពេល​ល​រដ្ឋាភិបាល​កំពុងធ្វើកា​រ​ដើម្បី​ទាក់ទាញ​ទេសចរ​មក​កម្សាន្ត​ក្នុង​ខេត្ត​នេះ កាន់តែច្រើន បែរ​ជាមាន​ករណីនេះ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​វិស័យ​ទេសចរ​មួយកម្រិត​ទៀត​។ 
 
​ក្នុង​សេចក្ដីណែនាំ​របស់​រដ្ឋបាល​ខេត្តសៀមរាប​នៅ​ថ្ងៃទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧ បាន​ហាម​ម្ចាស់​អាជីវកម្ម​ទាំងអស់ ជួល​យានជំនិះ​គ្រប់​ប្រភេទ លើកលែងតែ​កង់​និង​កង់​អគ្គិសនី​ដល់​ជនបរទេស ឬ​ភ្ញៀវទេសចរ និង​ហាម​ការបើកបរ​ដោយ​ខ្លួនឯង​។ សេចក្ដីណែនាំ​នេះ មានបំណង​បង្ការ​ករណី​គ្រោះថ្នាក់​នានា​ដែល​បង្កឡើង​ដោយ​ភ្ញៀវទេសចរ​ដែល​មិន​យល់​ពី​ច្បាប់​ចរាចរណ៍​កម្ពុជា​។​ល​៕

Tag:
 ទេសចរ​
  កូរ៉េ​
  ម៉ូតូ​ធំ​
© រក្សាសិទ្ធិដោយ thmeythmey.com