អន្តរជាតិ
លោកស្រី ការី ឡាំ៖ ការគ្រប់គ្រង«ប្រទេសមួយ ប្រព័ន្ធពីរ» អាចអនុវត្តក្រោយឆ្នាំ២០៤៧ តទៅទៀត លោកស្រីប្រធានប្រតិបត្តិទីក្រុងហុងកុង ការី ឡាំ, រូបភាព៖ EPA-EFE
× លោកស្រីប្រធានប្រតិបត្តិទីក្រុងហុងកុង ការី ឡាំ នៅថ្ងៃទី១៦ ខែមករា បានលើកឡើងថា ការគ្រប់គ្រង «ប្រទេសមួយ ប្រព័ន្ធពីរ» របស់ទីក្រុងហុងកុង អាចបន្តអនុវត្តរហូតដល់ក្រោយឆ្នាំ ២០៤៧ បើសិនទីក្រុងស្វយ័តមួយនេះ អនុវត្ត «គោលការណ៍ប្រទេសមួយ» បានល្អ។
គិតចាប់មកដល់ពីនេះ បាតុកម្មនៅទីក្រុងហុងកុងគឺមានរយៈពេលជិត ៧ខែហើយ សេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ទីក្រុងក៏កាន់តែខ្សោយ។ បញ្ហាបាតុកម្មនេះ បានបង្កឡើងដោយសារតែបញ្ហាសំណើច្បាប់បត្យាប័ន កាលពីខែមិថុនា។
ថ្លែងប្រាប់ក្រុមប្រឹក្សានីតិបញ្ញត្តិ លោកស្រីការី ឡាំ បានលើកឡើងថា ការគ្រប់គ្រង «ប្រទេសមួយ ប្រព័ន្ធពីរ» នឹងនៅតែរក្សាដដែល និងពេញលេញ រហូតដល់ក្រោយឆ្នាំ ២០៤៧ ប្រសិនបើទីក្រុងហុងកុង អាចអនុវត្តគោលការណ៍ឲ្យបានត្រឹមត្រូវ។ បើតាមការពន្យល់របស់លោកស្រីប្រធានប្រតិបត្តិទីក្រុងហុងកុង គោលការណ៍នេះ គឺគ្រាន់តែជាការគោរពប្រទេសចិនតែមួយ នោះប្រព័ន្ធគ្រប់គ្រងទីក្រុងហុងកុងបច្ចប្បន្ន នឹងនៅតែអនុវត្តដដែលរហូតដល់ផុតឆ្នាំ ២០៤៧។ យ៉ាងណាក៏ដោយ លោកស្រី ការី ឡាំ មិនបានបកស្រាយឲ្យបានច្បាស់លាស់ជាងនេះនោះទេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AP។
ក្រៅពីនិយាយពីការគ្រប់គ្រង «ប្រទេសមួយ ប្រព័ន្ធពីរ» លោកស្រី ការី ឡាំ ក៏បានប្រកាសពីការបង្កើតគណៈកម្មាធិការមួយ នៅខែក្រោយ ដើម្បីស៊ើបអង្កេតរកមូលហេតុ ដែលបានបង្កឲ្យមានបាតុកម្មរហូតដល់ជិត ៧ខែកន្លងមកនេះ។ សមាជិកគណៈកម្មាធិការនេះ អាចមានសមាជិកដូចជា សាស្ត្រាចារ្យ អ្នកជំនាញ មេដឹកនាំសង្គម ខណៈ អ្នកជំនាញទាំងនោះ កំពុងស្ទាក់ស្ទើរ ក្នុងការចូលរួម ដោយសារតែបារម្ភពីបញ្ហា ការវាយប្រហារជាឯកជន និងការបែកធ្លាយព័ត៌មានឯកជនរបស់ខ្លួន។
ជាការពិត នៅក្នុងឆ្នាំ ១៩៩៧ ចិន និងអង់គ្លេស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីប្រគល់ទឹកដីហុងកុងឲ្យមកចិនគ្រប់គ្រងវិញ។ ប៉ុន្តែក្នុងរយៈពេល ៥០ឆ្នាំ ពោលគឺពីឆ្នាំ ១៩៩៧ ដល់ ឆ្នាំ ២០៤៧ ទីក្រុងប៉េកាំង ត្រូវតែរក្សាទំលាប់ចាស់ដដែល រួមទាំងនយោបាយ និងសេដ្ឋកិច្ច។ ទាល់តែផុតឆ្នាំ ២០៤៧ ទើប ចិនមានដែនយុត្តាធិការផ្តាច់មុខលើកោះហុងកុង៕
© រក្សាសិទ្ធិដោយ thmeythmey.com