ពលរដ្ឋ​១៥០​គ្រួសារ ប្តឹង​មនុស្ស​៦​នាក់ ពីបទ​សមគំនិត​សម្លាប់​អ្នក​ជាប់ឃុំ​ម្នា​ក់នៅ​បន្ទាយមានជ័យ
ជាតិ
សង្គមជាតិ
ពលរដ្ឋ​១៥០​គ្រួសារ ប្តឹង​មនុស្ស​៦​នាក់ ពីបទ​សមគំនិត​សម្លាប់​អ្នក​ជាប់ឃុំ​ម្នា​ក់នៅ​បន្ទាយមានជ័យ
16, Jan 2020 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រជាពលរដ្ឋ​១៥០​គ្រួសារ ព្រួត​គ្នា​ប្តឹង​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោក បោ​ន ប៉ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ រួមទាំង​មនុស្ស​៤​នាក់​ទៀត ពីបទ​សមគំនិត​ធ្វើ​មនុស្សឃាត និង​ប្រើ​អំពើហិង្សា លើ​ពលរដ្ឋ​ម្នាក់ឈ្មោះ ទុយ ស្រស់ រហូតដល់​ស្លាប់​។ ពួកគាត់ ធ្វើបណ្តឹង​នេះ តាមរយៈ​តំណាង​៣​នាក់ ដោយមាន​ផ្តិតមេដៃ កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០​។


 
​លោក រឿន លី​ណា ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​តុលាការខេត្ត​បន្ទាយមានជ័យ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​១៦ ខែមករា​ថា ប្រជាពលរដ្ឋ បានដាក់​បណ្តឹង​នេះ ទៅកាន់​ព្រះរាជអាជ្ញា​ហើយ​។ តែលោក មិនទាន់​បានដឹង​ឡើយ​ថា ព្រះរាជអាជ្ញា នឹង​ចាត់វិធានការ​ឬ​ដំណើរការ​នីតិវិធី​យ៉ាងណា​នោះទេ ចំពោះ​បណ្តឹង​នេះ​។ 
 
​លោក អ៊ុំ  រាត្រី បដិសេធ​មិន​បំភ្លឺ​អ្វី​ទាំងអស់ ក្នុង​កិច្ច​សម្ភាស​តាម​ទូរ​ស័ព្ទ ដោយ​លោក ខ្លាច​យក​សំឡេង​របស់លោក ទៅកាត់តមិន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លុះត្រាតែ​ទៅ​ជួប​លោក​ផ្ទាល់ ទើប​លោក​អាច​ផ្តល់​បទ​សម្ភាស​ជូន​បាន ព្រមទាំង​នឹង​បង្ហាញ​ភស្តុតាង​និង​ឯកសារ​នានា​។ 
 
​មនុស្ស​៤​នាក់​ទៀត ដែល​រង​បណ្តឹង​ដដែល​នោះ គឺ​ ប្រធាន-អនុប្រធានពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ ប្រធាន​រដ្ឋបាល​ព្រៃឈើ​ខេត្តបន្ទាយមានជ័យ និង ប្រធាន​ពន្ធដា​ខេត្តបន្ទាយមានជ័យ​។  ក្នុង​បណ្តឹង ប្រជាពលរដ្ឋ រៀបរាប់​ពី​សាវតារ​រឿង​ថា លោក អ៊ុំ  រាត្រី បាន​ដឹកនាំ​កម្លាំងប្រដាប់អាវុធ​ជាច្រើន​នាក់ ទៅ​ឈូសឆាយ​-​ដក រោង​និង​ផ្ទះ​របស់​ពួកគាត់ កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៩​។ 
 
​ប្រជាពលរដ្ឋ អះអាងថា ពួកគាត់ បាននាំគ្នា​ទៅ​តវ៉ា​នៅមុខ​សាលាខេត្ត ដើម្បី​រក​ដំណោះស្រាយ តែ​ពេលនោះ លោក អ៊ុំ  រាត្រី បាន​នាំ​កម្លាំង​កងរាជអាវុធហត្ថ ទៅ​ចាប់​គ្នា​ពួកគាត់​៥​នាក់ ដោយ​ចោទថា អ្នក​ទាំង​៥​នោះ ជា​មេខ្លោង ដែល​នាំគ្នា​ទៅយក​ដី​ស្ថានីយ៍​ព្រៃឈើ​តា​បែន​២ នៅ​ឃុំ​ស្លក្រាម ឃុំ​សឹង ស្រុក​អូរជ្រៅ និង ស្រុក​ស្វាយចេក ក្នុង​ខេត្តបន្ទាយមានជ័យ​។ ប្រជាពលរដ្ឋ អះអាង​ទៀតថា អ្នក​ទាំង​៥​នោះ បាន​រង​ការធ្វើ​ទារុណកម្ម រហូតដល់​ស្លាប់​ម្នាក់​ឈ្មោះ ទុយ ស្រស់​។  
 
​អ្នក​ទាំង​៥​នាក់ ត្រូវបាន​បញ្ជូនទៅ​ឃុំ​នៅ​ពន្ធនាគារ កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩​។ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន រដ្ឋបាលខេត្ត​បន្ទាយមានជ័យ លើកឡើងថា នៅ​ថ្ងៃទី​១ ខែមករា ជនរងគ្រោះ​ឈ្មោះ ទុយ ស្រស់ បាន​ស្លាប់ ពេល​ត្រូវបាន​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូរី ដោយ​លទ្ធផល​នៃ​ការធ្វើ​កោសល្យវិច័យ​របស់​ការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ និង​តាម​ការបំភ្លឺ​ពី​ជនជាប់ចោទ​ទាំង​៤​នាក់ ដែលជា​គ្នីគ្នា បាន​អះអាង​ដូចគ្នា និង​បាន​សន្និដ្ឋានថា ជនរងគ្រោះ «​មាន​ភាពមិនប្រក្រតី មាន​សុខភាព​មិនល្អ និង​ញៀន​ស្រា​ដាច់​មិនបាន​...»​។ 
 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០ បាន​សរសេរ​ទៀតថា មុនពេល​ស្លាប់ ក្រុមមន្ត្រី​ពន្ធនាគារ​ខេត្ត​និង​ក្រុមគ្រួសារ​ជនរងគ្រោះ បាន​យកចិត្តទុកដាក់​ជាខ្លាំង ដោយបាន​បញ្ជូន​យកទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូរី ប៉ុន្តែ​មិនអាច​ជួយ​សង្គ្រោះបាន​ទាន់ពេលវេលា​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី បញ្ជា​ឲ្យ​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឲ្យ​រួមគ្នា​បង្កើត​គណៈកម្មការ​មួយ ដើម្បី​ស៊ើបអង្កេត​ករណីនេះ​។ ក្នុង​ពិធី​ជួប​សំណេះសំណាល​ប្រចាំឆ្នាំ​លើក​ទី​៤ ជាមួយ​អ្នកកាសែត កាលពី​ថ្ងៃទី​១៤ ខែមករា ប្រមុខ​រដ្ឋាភិបាល សង្កត់ធ្ងន់ថា បើ​ជនរងគ្រោះ ពិតជា​ស្លាប់​ដោយសារ​ការធ្វើ​ទារុណកម្ម​មែន​នោះ ត្រូវ​ជាប់​អ្នក​ប្រព្រឹត្តទៅ​ផ្តន្ទាទោស​ឲ្យ​បាន​។ 
 
​ក្រោយ​ការដាក់​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល លោក សៅ សុខា ក៏បាន​បង្កើត​គណៈកម្មកា​រ​មួយ​ភ្លាម ដើម្បី​ស៊ើបអង្កេត​ករណីនេះ​។ លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បច្ចុប្បន្ន គណៈកម្មការ កំពុង​ស៊ើបអង្កេត តែ​លោក មិនអាច​ផ្តល់ព័ត៌មាន​លម្អិត​បាន​ឡើយ​។ លោក និយាយ​បែបនេះ​ថា​៖«​ក្នុងដំណាក់កាល​ស៊ើបអង្កេត និយាយ​មិនកើត​ទេ​»៕ 

Tag:
 ​ស្លាប់​ក្នុង​ពន្ធនាគារ​
  ទុយ ស្រស់​
© រក្សាសិទ្ធិដោយ thmeythmey.com