ជាតិ
អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​រចនា​ប្រតិទិន​ឆ្នាំ​២០២០ ជាមួយ​រូប​មច្ឆា ដ៏​ទាក់ទាញ​
17, Jan 2020 , 7:59 am        
រូបភាព
ដោយ:
​ខុសពី​ប្រតិទិន​របស់​អង្គការ ស្ថាប័ន និង​ក្រុមហ៊ុន​ដទៃ អង្គការ​អ​ច្ច​រិ​យ​នៃ​ទន្លេមេគង្គ​(Wonder of the Mekong) បាន​បោះពុម្ពផ្សាយ​ប្រតិទិន​ឆ្នាំ​២០២០ ដោយមាន​រចនា​ជាមួយ​ធនធានធម្មជាតិ ពិសេស​ធនធាន​មច្ឆា ដែល​ធ្វើ​ឲ្យ​ប្រតិទិន​នេះ កាន់តែ​មាន​ភាព​ទាក់ទាញ​។ នេះ​មិនមែនជា​លើក​ទី​១​នោះទេ ដែល​អង្គការ​មួយ​នេះ រចនា​ប្រតិទិន​ក្នុង​ទម្រង់​បែបនេះ​។

 
​ក្រៅពី​មាន​លេខ​រ៉ឺ​ម៉ាំង​ធំៗ​ច្បាស់ៗ ប្រជាពលរដ្ឋ​អាច​ទស្សនា​សម្រស់​ធម្មជាតិ និង​ធនធាន​មច្ឆា​ជាច្រើន​ប្រភេទ​ជាមួយ​ប្រតិទិន​ឆ្នាំ​២០២០ ដែល​បោះ​ពុ​ម្ភ​ផ្សាយ​ដោយ​អង្គការ​អច្ឆរិយ​នៃ​ទន្លេមេគង្គ​។ ត្រី​ទាំង​១៣​ប្រភេទ​នៅក្នុង​ប្រតិទិន​នេះ សុទ្ធសឹង​ជា​ត្រី​ងាយ​រងគ្រោះ កំពុង​រងគ្រោះ និង​ជិត​ផុត​ពូជ ដែល​រស់នៅ​តាម​បឹង​ទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ និង​ស្ទឹង​បឹង​នានា​នៅ​កម្ពុជា​។​
 
​ការ​រចនា​ជាមួយ​ធនធានធម្មជាតិ​ដ៏​ទាក់ទាញ​នេះ ធ្វើ​ឲ្យ​ប្រតិទិន​របស់​អង្គការ​អច្ឆរិយ​នៃ​ទន្លេមេគង្គ​មាន​ភាព​ទាក់ទាញ​ជាង​ប្រតិទិន​នានា និង​ទទួលបាន​ការគាំទ្រ ចាប់អារម្មណ៍​ច្រើន​ពី​ប្រជាពលរដ្ឋ​។ ក្រៅពី​បង្កើន​សោ​ភណ្ឌ​ភាព និង​បង្កើន​ភាព​ទាក់ទាញ​ការ​រចនា​បែបនេះ គឺ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ស្គាល់​ពី​ប្រភេទ​ត្រី ដែល​ងាយ​រងគ្រោះ កំពុង​រងគ្រោះ និង​ជិត​ផុត​ពូ​ល​ទាំងនោះ​។ ក្នុងន័យ​ដើម្បី​ចូលរួមចំណែក​ថែរក្សា ការពារ និង​អភិរក្ស​ធនធាន​ត្រី​ទាំងនេះ​។ 
 
​ត្រី​ទាំង​១៣​ប្រភេទ​នោះ​រួមមាន​ត្រី​កន្ត្រប់ខ្លា​, ត្រី​គ្រំ​, ត្រី​ក្រពត​, ត្រី​បបែល​យក្ស​, ត្រី​សក់​, ត្រី​ត្រ​សក់ស​, ត្រី​កាហែ​ក្រហម​, ត្រី​បី​កំណាត់​, ត្រី​កញ្ចុះថ្ម​, ត្រី​កៀក​ស្រង់​, ត្រី​ក្បក​, ត្រី​ក្របី​ធំ និង​ត្រី​ក្របី​តឿ​។ 
 
​ក្រៅពី​ប្រតិទិន អង្គការ​ធ្វើការ​ពាក់ព័ន្ធ​ជាមួយ​ធនធានធម្មជាតិ​នេះ បាន​ផលិត​បៀរ​ដោយ​រចនា​ជាមួយ​រូប​ត្រី​ជាច្រើន​ប្រភេទ ដែល​កំពុង​រងគ្រោះ ងាយ​រងគ្រោះ និង​ប្រ​ឈប​នឹង​ការ​ផុត​ពូ​ល​ទៀតផង​៕   







Tag:
 ​ប្រតិទិន​
  អច្ឆរិយ​នៃ​ទន្លេមេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com