អន្តរជាតិ
ការស្ទង់មតិ​៖ សាកលវិទ្យាល័យ​អូស្ត្រាលី​ជា​ជម្រើស​ឈានមុខ​គេ​សម្រាប់​និស្សិត​កម្ពុជា និង​ឡាវ​
17, Jan 2020 , 8:29 am        
រូបភាព
សាកលវិទ្យាល័យជាតិអូស្ត្រាលី (សារព័ត៌មាន abc.net.au)
សាកលវិទ្យាល័យជាតិអូស្ត្រាលី (សារព័ត៌មាន abc.net.au)
ដោយ:
​សាកលវិទ្យាល័យ​អូស្ត្រាលី គឺជា​ជម្រើស​កំពូល​សម្រាប់​និស្សិត​កម្ពុជា និង​ឡាវ ។ នេះ​បើ​យើង​ការស្ទង់មតិ​អាស៊ាន​ថ្មី​មួយ​។ ការស្ទង់មតិ​ដដែល បន្តថា អូស្ត្រាលី គឺជា​ដៃគូ​យុទ្ធសាស្ត្រ​គួរ​ឲ្យ​ទុកចិត្ត​លំដាប់​ទី​៣ របស់​កម្ពុជា ហើយក៏​បានផ្តល់​អាហារូបករណ៍​ច្រើន​ដល់​និស្សិត​កម្ពុជា​ផងដែរ​។​

 
​ក្នុង​របាយការណ៍​រដ្ឋ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ (State of Southeast Asia) ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១៦ ខែមករា បាន​បង្ហាញថា អាហារូបករណ៍​សាកលវិទ្យាល័យ​នៅ​អូស្ត្រាលី ត្រូវបាន​ផ្តល់​តម្លៃ​ខ្ពស់បំផុត​ក្នុងចំណោម​អ្នកឆ្លើយ​សំណួរ​មកពី​ប្រទេស​ទាំងពីរ ពោលគឺ​ឈរ​នៅលើ​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​។ 
 
​កម្ពុជា​ក៏បាន​ចាត់ថ្នាក់​អូស្ត្រាលី​ជា​ដៃគូ​យុទ្ធសាស្ត្រ​គួរ​ឲ្យ​ទុកចិត្ត​បំផុត​ទី ៣ នៅ​ពីក្រោយ​ប្រទេស​ជប៉ុន​និង​សហភាព​អឺរ៉ុប ដើម្បី​ប្រឆាំងនឹង​ភាពមិនប្រាកដប្រជា ដែល​បង្កើតឡើង​ដោយ​ការប្រកួតប្រជែង​អំណាច​រវាង​សហរដ្ឋអាមេរិក​និង​ចិន​។ នេះ​បើតាម​ការស្ទង់មតិ​ដដែល​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Australian លោក Tang Siew Mun ដែលជា​សហ​អ្នកនិពន្ធ​នៃ​ការស្ទង់មតិ​សម្រាប់​មជ្ឈមណ្ឌល​សិក្សា​អាស៊ាន​នៅ​វិទ្យាស្ថាន ISEAS-Yusif Ishak របស់​សិង្ហ​បុរី បាន​បញ្ជាក់ថា​៖«​ជា​ប្រពៃណី អូស្ត្រាលី បានផ្តល់​អាហារូបករណ៍​ជាច្រើន​ដល់​កម្ពុជា​។ ហើយ​រឿងនេះ ពុំ​សូវ​ទទួលបាន​ក្រេ​ឌី​ត ឬ​ការចាប់អារម្មណ៍​ជា​សាធារណៈ​ច្រើន​ឡើយ​»​។ 
 
​សូមបញ្ជាក់ថា ការស្ទង់មតិ​ក្នុង​របាយការណ៍​រដ្ឋ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ (State of Southeast Asia)​គឺ​ផ្តោត​សំខាន់​លើ​ការសិក្សា​លើ​បញ្ហា​សន្តិសុខ សេដ្ឋកិច្ច និង​នយោបាយ​ចម្បងៗ​នៃ​បណ្ដា​ប្រទេស​១០​របស់​អាស៊ាន​។ អ្នកចូលរួម​ឆ្លើយ​ក្នុង​ការស្ទង់មតិ​នេះ គឺ​ជ្រើសរើស​មកពី​ជួរ​រដ្ឋាភិបាល ការពារជាតិ អ្នកស្រាវជ្រាវ សង្គម​ស៊ីវិល អាជីវកម្ម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​៕ 

Tag:
 អូស្ត្រាលី​
  កម្ពុជា​
  ឡាវ​
  សាកលវិទ្យាល័យ​
  អាស៊ាន​
  ការស្ទង់មតិ
© រក្សាសិទ្ធិដោយ thmeythmey.com