ក្រសួងកសិកម្ម​បង្គាប់​ឲ្យ​មន្ត្រី​ទប់ស្កាត់​ពលរដ្ឋ​ដែល​ដុត​ភ្លើង​ដើម្បី​យក​ឃ្មុំ ដុត​ស្មៅ ដុត​ព្រៃ កាប់ឆ្ការ​ព្រៃ​
ជាតិ
សង្គមជាតិ
ក្រសួងកសិកម្ម​បង្គាប់​ឲ្យ​មន្ត្រី​ទប់ស្កាត់​ពលរដ្ឋ​ដែល​ដុត​ភ្លើង​ដើម្បី​យក​ឃ្មុំ ដុត​ស្មៅ ដុត​ព្រៃ កាប់ឆ្ការ​ព្រៃ​
17, Jan 2020 , 8:59 am        
រូបភាព
សកម្មភាពការ​ដុតព្រៃ​
សកម្មភាពការ​ដុតព្រៃ​
​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្គាប់​ឲ្យ​សមាគម​ព្រៃឈើ សមាគម​នេសាទ សមាគម​កសិកម្ម និង​ដែន​អាជ្ញាធរ​គ្រប់​មូលដ្ឋាន ទប់ស្កាត់​ពលរដ្ឋ​មិន​ឲ្យ​ប្រើប្រាស់​ភ្លើង​ដើម្បី​ជា​មធ្យោបាយ​យក​ឃ្មុំ ការដុត​ស្ទាក់ចាប់​សត្វ ការដុត​ស្មៅ​ដើម្បី​យក​ល្បាស់​ធ្វើ​ចំណី​សត្វ ដុត​ព្រៃ​ដើម្បី​ពង្រីក​ផ្ទៃដី​ដំណាំ​។ ក្រសួងកសិកម្ម ចេញ​វិធានការ​ទប់ស្កាត់​នេះ ដោយ​រដូវប្រាំង​ឆ្នាំនេះ​មាន​សភាព​ក្តៅ​ហួតហែង​ខ្លាំង​ដែល​ងាយ​នឹង​បណ្តាល​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​។


 
​ក្រសួងកសិកម្ម មាន​ក្តី​ព្រួយបារម្ភ​ជាខ្លាំង ខណៈដែល​រដូវប្រាំង​នេះ មាន​ពលរដ្ឋ​តែងតែ​កាប់ឆ្ការ​ដុត​រាន​ព្រៃ​ដើម្បី​ដាំ​ដំណាំ​កសិកម្ម​ផ្សេងៗ​ដែល​ងាយ​នឹងធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ដែល​បណ្តាល​ឲ្យ​បាត់បង់​ធនធានធម្មជាតិ បរិស្ថាន និង​អាច​រាលដាល​ដល់​ឆេះ​ស្រែចម្ការ​អ្នកស្រុក​។ ដើម្បី​ទប់ស្កាត់​ហានិភ័យ​កុំ​ឲ្យ​កើតឡើង ក្រសួងកសិកម្ម បាន​ណែនាំ​ថាបើ​មាន​ករណី​ចាំបាច់​ត្រូវតែ​ដុត​កាកសំណល់​ឈើ​ព្រៃ ពលរដ្ឋ​ត្រូវ​ជូនដំណឹង​មក​មន្ទីរ​កសិកម្ម​តាម​ខេត្ត​របស់ខ្លួន ដើម្បី​ធានាថា​ការដុត​ព្រៃ​ត្រូវ​នឹង​បច្ចេកទេស​ដែល​ក្រ​សូង​បាន​ណែនាំ​។ 
 
​ក្នុងករណី​ដែល​ពលរដ្ឋ​ជួប​នូវ​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ ពលរដ្ឋ​ត្រូវ​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​រួមគ្នា​ទប់ស្កាត់ និង​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ឲ្យ​បាន​ទាន់ពេលវេលា​។ ចំពោះ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​ដុត​ព្រៃ​ដោយ​អ​ចត​នា នឹងត្រូវ​ចាត់វិធានការ​តាម​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​១ ឬ​បទល្មើស​ជលផល​ថ្នាក់​ទី​១ ដែល​ត្រូវ​ជាប់ពន្ធនាគារ​ពី​៣​ទៅ​៥​ឆ្នាំ ឬ​ពី​៥​ទៅ​១០​ឆ្នាំ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕ 

Tag:
 ​ក្រសួងកសិកម្ម​
 ​ព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com