ជាតិ
សង្គមជាតិ
ក្រសួងកសិកម្មបង្គាប់ឲ្យមន្ត្រីទប់ស្កាត់ពលរដ្ឋដែលដុតភ្លើងដើម្បីយកឃ្មុំ ដុតស្មៅ ដុតព្រៃ កាប់ឆ្ការព្រៃ សកម្មភាពការដុតព្រៃ
× ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្គាប់ឲ្យសមាគមព្រៃឈើ សមាគមនេសាទ សមាគមកសិកម្ម និងដែនអាជ្ញាធរគ្រប់មូលដ្ឋាន ទប់ស្កាត់ពលរដ្ឋមិនឲ្យប្រើប្រាស់ភ្លើងដើម្បីជាមធ្យោបាយយកឃ្មុំ ការដុតស្ទាក់ចាប់សត្វ ការដុតស្មៅដើម្បីយកល្បាស់ធ្វើចំណីសត្វ ដុតព្រៃដើម្បីពង្រីកផ្ទៃដីដំណាំ។ ក្រសួងកសិកម្ម ចេញវិធានការទប់ស្កាត់នេះ ដោយរដូវប្រាំងឆ្នាំនេះមានសភាពក្តៅហួតហែងខ្លាំងដែលងាយនឹងបណ្តាលឲ្យមានភ្លើងឆេះព្រៃ។
ក្រសួងកសិកម្ម មានក្តីព្រួយបារម្ភជាខ្លាំង ខណៈដែលរដូវប្រាំងនេះ មានពលរដ្ឋតែងតែកាប់ឆ្ការដុតរានព្រៃដើម្បីដាំដំណាំកសិកម្មផ្សេងៗដែលងាយនឹងធ្វើឲ្យមានភ្លើងឆេះព្រៃដែលបណ្តាលឲ្យបាត់បង់ធនធានធម្មជាតិ បរិស្ថាន និងអាចរាលដាលដល់ឆេះស្រែចម្ការអ្នកស្រុក។ ដើម្បីទប់ស្កាត់ហានិភ័យកុំឲ្យកើតឡើង ក្រសួងកសិកម្ម បានណែនាំថាបើមានករណីចាំបាច់ត្រូវតែដុតកាកសំណល់ឈើព្រៃ ពលរដ្ឋត្រូវជូនដំណឹងមកមន្ទីរកសិកម្មតាមខេត្តរបស់ខ្លួន ដើម្បីធានាថាការដុតព្រៃត្រូវនឹងបច្ចេកទេសដែលក្រសូងបានណែនាំ។
ក្នុងករណីដែលពលរដ្ឋជួបនូវហេតុការណ៍ភ្លើងឆេះព្រៃ ពលរដ្ឋត្រូវរាយការណ៍ទៅសមត្ថកិច្ចដើម្បីរួមគ្នាទប់ស្កាត់ និងពន្លត់ភ្លើងឆេះព្រៃឲ្យបានទាន់ពេលវេលា។ ចំពោះជនណាដែលបានប្រព្រឹត្តអំពើដុតព្រៃដោយអចតនា នឹងត្រូវចាត់វិធានការតាមបទល្មើសព្រៃឈើថ្នាក់ទី១ ឬបទល្មើសជលផលថ្នាក់ទី១ ដែលត្រូវជាប់ពន្ធនាគារពី៣ទៅ៥ឆ្នាំ ឬពី៥ទៅ១០ឆ្នាំ។ នេះបើតាមការបញ្ជាក់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
Tag:
ក្រសួងកសិកម្ម
ព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com