ជាតិ
​បើ​កូន​ដើរ​ខុសផ្លូវ សូម​កែខ្លួន​ឡើង​! ​ការអង្វរករ​របស់ម្តាយ​​ក្មេងស្រីម្នាក់​ដែល​បង្ក​ហិង្សា​នៅ​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ​
16, Jan 2020 , 9:51 pm        
រូបភាព
ដោយ: រួបរួម
ជា​ស្ត្រី​មេម៉ាយ និង​ប្រកប​របរ​លក់ដូរ​បន្តិច​បន្តួច ស្ត្រី​ម្នាក់​ហួសចិត្ត​នឹង​សកម្មភាព​របស់​កូនស្រី​ខ្លួន​យ៉ាងខ្លាំង​។ គាត់​មិនដែល​គិតថា ខ្លួន​ត្រូវបាន​សម្ភាស និង​ចុះផ្សាយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឡើយ ប៉ុន្តែ​វា​ជា​រឿង​ដែល​មិនអាច​ចៀសផុត ហើយ​ត្រូវតែទទួលស្គាល់​។ គាត់​ជា​ម្តាយ​របស់​ក្មេងស្រី​បង្ក​ម្នាក់​ក្នុងចំណោម​៤​នាក់ ដែល​បាន​វាយ​ទាត់​ធាក់​យ៉ាងដំណំ​ទៅលើ​សិស្សស្រី​ម្នាក់​នៅ​វិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី ផ្សារ​ដើមថ្កូវ​។​



​ឃ្លី​ប​វីដេអូ​មួយ បានបង្ហាញ​ពី​សកម្មភាព​ក្មេងស្រី​៤​នាក់ ព្រួត​ដៃ​គ្នា​វាយ ទាត់​ធាត់ និង​ជេ​ប្រមាទ ទៅលើ​សិស្សស្រី​ម្នាក់​យ៉ាងធ្ងន់ធ្ងរ​។ ហេតុការណ៍​បានកើត​ឡើង​តាំងពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ ហើយ​ឃ្លី​ប​វីដេអូ​ទើប​តែ​ត្រូវបាន​បង្ហោះ និងបែកធ្លាយ​ក្នុង​បណ្តាញ​សង្គម​នា​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០​។​

​តាម​ការស្រាវជ្រាវ សមត្ថកិច្ច រកឃើញថា ទីតាំង​កើតហេតុ​គឺ​ស្ថិតក្នុង​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ ក្នុង​ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ ដោយ​ជនរងគ្រោះ អាយុ​១៦​ឆ្នាំ រៀន​នៅ​ថ្នាក់​ទី​៨ រីឯ​យុវតី​បង្កហេតុ​៤​នាក់ មាន​ម្នាក់​ជា​សិស្ស​រៀន​ថ្នាក់​ទី​៩ រៀននៅវិទ្យាល័យជាមួយគ្នា ហើយ​៣​នាក់​រៀន​នៅ​សាលា​ផ្សេង​។​

«​ខ្ញុំ​សូម​ទទួលកំហុស ព្រោះ​កូន​យើង​វា​ខុស​មែន កូន​យើង​ទៅ​វាយ​គេ​... ជា​អាណាព្យាបាល ខ្ញុំ​មិន​ចង់​ឲ្យ​កូន​ខ្ញុំ​ធ្វើ​បែប​ហ្នឹង​ឡើយ​»​។ គាត់​បាន​និយាយ​យ៉ាង​ដូច្នេះ នៅ​ចំពោះ​មុខកា​ម៉េ​រា និង​ទូរ​សព្ទ​រាប់សិប​គ្រឿង ដែល​គាត់​ត្រូវបាន​សម្ភាស​គាត់​ជុំវិញ​ករណី​ហិង្សា ដែល​បាន​កើតឡើង​ក្នុង​បន្ទប់រៀន​មួយ​ក្នុង​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ​។​

​ស្ត្រី​ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ មិនមាន​អ្វីដែល​ត្រូវការពារ​កូន​នោះឡើយ ពីព្រោះ​សកម្មភាព​ក្នុង​ឃ្លី​ប​វីដេអូ ដែល​ទើបតែ​បែកធ្លាយ​នោះ បង្ហាញថា កូន​របស់គាត់ និង​បក្ខពួក​បីនាក់​ទៀត ពិតជា​បាន​ប្រព្រឹត្ត​ខុស​។ «​ដំណាក់កាល​នេះ មិនបាច់​គេច​មុខ​ទេ​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នក​ម្តាយ​របស់​យុវតី​បង្កហេតុ​ម្នាក់ ដោយបាន​អះអាងថា នេះ​ជាការ​អារម្មណ៍​ខកចិត្ត​លើកដំបូង​បំផុត​ក្នុង​ជីវិត ក្រោយ​តស៊ូ​ចិញ្ចឹម​កូនស្រី​អស់​រយៈពេល​ប្រមាណ​១៥​ឆ្នាំកន្លងមក​។​

​គាត់​បាន​អះអាងថា គាត់​មានតែ​លើកដៃ​សូមទោស​អាណាព្យាបាល​ជន​រងគ្រោះ និង​សុំ​ការលើកលែង​បន្ធូរបន្ថយ​ពី​សំណាក់​សមត្ថកិច្ច ដើម្បី​មានឱកាស​បន្ត​អប់រំ​កូន​ឲ្យ​កែខ្លួន​ឡើងវិញ​។ «​សូម​កូនៗ​យល់​ទឹកចិត្ត​ម្តាយ បើ​កូន​ដើរ​ផ្លូវខុស​សូម​កែ​ច​រឹក​ឡើង ទាន់​មានឱកាស​កែ​»​។ គាត់​បាន​និយាយ​ទាំង​ទឹកភ្នែក​រលីងរលោង ដោយ​មិន​នឹក​ស្មានតែ​ខ្លួន​មានមុខ​ក្នុង​ហ្វេ​ស​ប៊ុ​ក​បែប ដែល​ត្រូវ​មនុស្ស​ច្រើន​សម្ភាស​បែប​ហ្នឹង​នោះឡើយ ព្រោះ​ធ្លាប់តែ​មើល​គេ ឥឡូវ​ដល់​វេន​ខ្លួនឯង​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ម្តាយ​សិស្ស​ដែល​បង្ករឿង ហាក់ដូចជា​ហួសចិត្ត​ដែល​សាលា​ទាំងមូល មិនអាច​គ្រប់គ្រង​ស្ថានការណ៍​បាន ដែល​បណ្តាល​ឲ្យ​មនុស្ស​ពី​ខាងក្រៅ​ចូល​វាយ​សិស្ស​ក្នុង​សាលា រីឯ​សិស្ស​ប្រុស​មួយចំនួន​បានឃើញ​ហេតុការណ៍​បែរជា​នាំគ្នា​ឈរ​មើល និង​ថត​វីដេអូ​ទៅវិញ​។​

​បើតាម​ភាគី​សាលា ថ្ងៃកើតហេតុ កើតឡើង​ចំពេល​ដែល​គ្រូៗ​ប្រជុំ ហើយ​ក្រុម​បង្ករ​បាននាំគ្នា​បិទ​បន្ទប់​វាយ​ជនរងគ្រោះ​។ ក្រុមគ្រួសារ​ជនរងគ្រោះ គ្រាន់តែ​ស្នើ​ឲ្យ​សមត្ថកិច្ច​អប់រំ ជនបង្ក ដើម្បី​កុំ​ឲ្យ​ពួកគេ​ប្រព្រឹត្ត​ខុស​នៅ​ថ្ងៃ​ខាងមុខ​។

​ស្ត្រី​ម្នាក់​ជា​ម្តាយមីង​របស់​ជនរងគ្រោះ បាន​អះអាងថា ជនរងគ្រោះ​មិនបាន​ទៅ​រៀន​ជាច្រើន​ថ្ងៃ​ដោយសារ​ស្ថានភាព​របួស​ពេញ​ខ្លួន តែ​គេ​មិន​ហ៊ាន​ប្រាប់​អាណាព្យាបាល​ឡើយ ព្រោះ​ជនបង្ក​បាននាំគ្នា​គំរាម​រូបនាង​។​

​ក្រុមសិស្ស​ស្រី​ដែល​បង្កហេតុ និង​ជនរងគ្រោះ ក៏ដូចជា​ឪពុកម្តាយ​របស់​ពួកគេ ត្រូវបាន​សមត្ថកិច្ច​ខ​ណ្ឌ​ចម្ការមន ហៅ​ទៅ​សាកសួរ​ផងដែរ ប៉ុន្តែ​មិនទាន់មាន​ការសម្រេច​អ្វី​ឡើយ នា​ល្ងាច​ថ្ងៃទី​១៦ ខែមករា នេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com