អន្តរជាតិ
ចិន​៖ អ្នកជំងឺ​ម្នាក់ទៀត បាន​ស្លាប់​ដោយសារ​វីរុស​ថ្មី​នៃ​ជំងឺ​រលាក​សួត​
17, Jan 2020 , 10:13 am        
រូបភាព
ស្រ្តីម្នាក់ ដើរនៅមុខផ្សារលក់ គ្រឿងសមុទ្រហួរណាន ដែលត្រូវបានអាជ្ញាធរសុខាភិបាលជឿថា ជាកន្លែងផ្ទុះវីរុសថ្មីនេះ។ រូបភាព៖ AFP
ស្រ្តីម្នាក់ ដើរនៅមុខផ្សារលក់ គ្រឿងសមុទ្រហួរណាន ដែលត្រូវបានអាជ្ញាធរសុខាភិបាលជឿថា ជាកន្លែងផ្ទុះវីរុសថ្មីនេះ។ រូបភាព៖ AFP
​គិត​មក​ត្រឹម​ពេលនេះ មាន​មនុស្ស​ពីរ​នាក់​ហើយ បានទទួល​មរណភាព​ដោយសារ​វីរុស​ថ្មី នៃ​ជំងឺ​រលាក​សួត​នៅក្នុង​ក្រុង​វូ​ហាន ប្រទេស​ចិន​។ បើតាម​អាជ្ញាធរ​សុខភាព​ក្រុង​នៅ​ថ្ងៃទី​១៦ ខែមករា បុរស​ម្នាក់ បាន​បាត់​បង់ជីវិត ដោយសារ​ជំងឺ​រលាក​សួត បន្ទាប់ពី​គេ​បញ្ជូនទៅ​មន្ទី​ពេទ្យ​។


 
​នេះ គឺជា​ករណី​ទី​ពីរ ដែល​បុរស​វ័យ ៦៩​ឆ្នាំ បាន​បាត់​បង់ជីវិត​ដោយសារ​ជំងឺ​រលាក​សួត បន្ទាប់ពី​គេ​បញ្ជូនទៅ​មន្ទី​ពេទ្យ​។ តាម​សេចក្តីថ្លែងការណ៍​របស់​គណៈកម្មការ​សុខាភិបាល​ក្រុង​វូ​ហាន​នៅលើ​វេ​ប​សាយ​របស់ខ្លួន បុរស​វ័យ​៦៩​ឆ្នាំ ដែល​បាន​បាត់បង់​ជីវិត​នៅ​ថ្ងៃទី ១៥ ខែមករា​នេះ ត្រូវបាន​គេ​រកឃើញថា មាន​បញ្ហា​លើ​តម្រង់​នោម និង​សរីរាង្គ​ខាងក្នុង​ជាច្រើន ត្រូវបាន​បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​។ 
 
​បន្ថែម​ពីនេះ ករណី​ស្លាប់​លើក​ទី​ពីរ នៅ​ក្រុង​វូ​ហាន ចិន​នេះ ត្រូវបាន​គេ​រកឃើញថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​វីរុស​ថ្មី ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​រលាក​សួត​កម្រិតធ្ងន់ SASR​។ គិត​មក​ត្រឹម​ពេលនេះ គេ​មិនទាន់​អាច​កំណត់​អត្តសញ្ញាណ​វីរុស​ថ្មី​នេះ បាន​នៅឡើយ​ទេ ហើយក៏​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា វា​អាច​ឆ្លង​ពី​មនុស្ស​ទៅ មនុស្ស​បាន​ឬ​អត់​។ 
 
​បើតាម​អាជ្ញាធរ​សុខ​ភិ​បាល​ក្រុង​វូ​ហាន វីរុស​ថ្មី​នេះ ត្រូវបាន​គេ​សង្ស័យថា ផ្ទុះ​ចេញពី​ផ្សារ​លក់​គ្រឿង​សមុទ្រ​ហួ​ណាន​(Huanan) នៅក្នុង​ក្រុង​វូ​ហាន ខណៈពេល​វីរុស​ថ្មី នៃ​ជំងឺ​រលាក​សួត​នេះ មាន​៤១​ករណី កំពុង​ត្រូវបាន​គេ​តាមដាន​ធ្វើ​រោគវិនិច្ឆ័យ​យ៉ាង​ម៉ត់ចត់​។ 
 
​ករណី​ស្លាប់​ទីមួយ គឺជា​បុរស​វ័យ ៦១​ឆ្នាំ បាន​បាត់​បង់ជីវិត បន្ទាប់ពី​រកឃើញថា​មាន​ផ្ទុក​វីរុស​ថ្មី​នេះដែរ​។ ជាពិសេស វីរុស​ថ្មី​នេះ ត្រូវបាន​គេ​រកឃើញ​នៅក្រៅ​ប្រទេស​ចិន​មាន​ពីរ​ករណី​ដែរ គឺ​ជប៉ុន និង​ថៃ​។  ចំណែក​នៅ​សិង្ហ​បុរី​នៅ​ថ្ងៃទី​១៦ ខែមករា​វិញ បុរស​ម្នាក់​ត្រូវបាន​គេ យកទៅ​ធ្វើ​រោគវិនិច្ឆ័យ​នៅ​មន្ទី​ពេទ្យ និង​ដាក់​នៅ​បន្ទប់​ដាច់ដោយឡែក ដោយសារ​គេ​សង្ស័យថា មាន​ផ្ទុក​វីរុស​ថ្មី​នេះ បន្ទាប់ពី​ត្រលប់​មកពី​ទីក្រុង​វូ​ហាន​វិញ ៕

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com