ជាតិ
សង្គមជាតិ
ឆ្អឹង​កូនដំរី​ដែល​ងាប់​ដោយសារ​លង់ទឹក នឹង​ត្រូវយក​ធ្វើជា​រូបសំណាក​
17, Jan 2020 , 10:32 am        
រូបភាព
កូនដំរីដែល ស្លាប់ដោយសារ លង់ ទឹក នៅក្នុង តំបន់អូរលាវ ព្រំប្រទល់ខេត្ត រតនគិរី និងខេត្តមណ្ឌលគិរី ។ រូបភាព៖ ក្រសួងបរិស្ថាន។​
កូនដំរីដែល ស្លាប់ដោយសារ លង់ ទឹក នៅក្នុង តំបន់អូរលាវ ព្រំប្រទល់ខេត្ត រតនគិរី និងខេត្តមណ្ឌលគិរី ។ រូបភាព៖ ក្រសួងបរិស្ថាន។​
ដោយ:
​ភ្នំពេញ​៖ មន្ទីរ​បរិស្ថាន​រតន​គិរី នឹង​យក​សាកសព​កូនដំរី​មួយ​ក្បាល​ដែល​ងាប់​ដោយសារ​លង់ទឹក ទៅ​កប់ ប៉ុន្តែ ប្រមូល​ឆ្អឹង​របស់​វា​មក​រក្សាទុក និង​ប្រគល់​ឲ្យ​ក្រសួងបរិស្ថាន សម្រាប់​ធ្វើជា​រូបសំណាក​។ សាកសព​កូនដំរី​នេះ ត្រូវបាន​អ្នកភូមិ​ក្នុង​តំបន់​អូរ​លាវ ព្រំប្រទល់​រវាង ខេត្តរតនគិរី និង​ខេត្តមណ្ឌលគិរី ប្រទះឃើញ​អណ្តែត​ក្នុង​ទឹក កាលពី​ថ្ងៃទី​១៥ ខែមករា​។

 
​លោក ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា សាកសព​កូនដំរី​នោះ​ត្រូវបាន​អ្នកជំនាញ​ត្រួតពិនិត្យ​រួចហើយ​ថា​មិនមែន​ងាប់​ដោយ​ជាប់អន្ទាក់​របស់​ព្រានព្រៃ​នោះទេ គឺ​ងាប់​ដោយសារ​លង់ទឹក ព្រោះ​ជើង​របស់​វា​កៀប​នឹង​ថ្ម​ដែល​ដើរ​ឆ្លង​អូរ​ក្នុង​តំបន់​អូរ​លាវ ដែលជា​ព្រំប្រទល់​រវាង​ខេត្តរតនគិរី និង​មណ្ឌលគិរី​។ 
 
​លោក​បាន​បញ្ជាក់ថា មន្ទីរ​បរិស្ថាន បន្ត​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ដើម្បី​ថែរក្សា​ឆ្អឹង​កូនដំរី​ឲ្យ​បានល្អ​ប្រសើរ សម្រាប់​ទុក​ឲ្យ​ក្រសួងបរិស្ថាន​ចាត់ចែង​ធ្វើ​រូបសំណាក​។ លោក ផុន ខេមរិន្ទ ប្រាប់​ដូច្នេះ​ថា​៖«​យើង​ព្យាយាម​យក​វា​មក​កប់​សិន ប៉ុន្តែ​មុននឹង​កប់ យើង​ធ្វើការ​ជាមួយនឹង​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​សិន ដើម្បី​រក​ទីតាំង​សម្រាប់​កប់​វា ពេល​វា​រលួយ​សាច់​អស់ យើង​នឹង​ប្រមូល​ឆ្អឹង​របស់​វា យកមក​រក្សាទុក និង​ប្រគល់​ឲ្យ​ក្រសួងបរិស្ថាន​»​។​
 
​បើតាម​លោក ផុន ខេ​ម​រិ​ន្ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី សត្វ​ដំរី​ដែល​នៅជាប់​ព្រំប្រទល់​ខេត្តរតនគិរី និង​មណ្ឌលគិរី តែងតែ​ដើរ​ឆ្លងកាត់​គ្នា​ទៅវិញទៅមក ដើម្បី​ស្វែងរក​ចំណី​។ 
 
​សូមបញ្ជាក់ថា ប្រទេស​កម្ពុ​ជាមាន​សត្វ​ដំរី​សរុប​ចំនួន​ប្រមាណ​ជាង​៣០០​ក្បាល ក្នុងនោះ​ដំរី​ស្រុក​មាន​ចំនួន​៧២​ក្បាល និង​ដំរីព្រៃ​២៥០​ក្បាល​។ សម្រាប់​សមាគម​អភិរក្ស​ដំរី​អៃ​រាវ​ត្តា ក្នុង​ខេត្តរតនគិរី មាន​សត្វ​ដំរី​៤​ក្បាល ក្នុងនោះ​ឈ្មោល​៣​ក្បាល និង​ញី​១​ក្បាល​៕

Tag:
 ដំរី​
© រក្សាសិទ្ធិដោយ thmeythmey.com