ករណីអ្នកជាប់ឃុំស្លាប់ បានកើតឡើងពីរលើកហើយ ដោយរងការសង្ស័យថា មកពីមានការធ្វើទារុណកម្ម។ តែមន្ត្រីបដិសេធ និងបកស្រាយថា «ការស្លាប់ គឺបណ្តាលមកពីបញ្ហានានារបស់ជនរងគ្រោះខ្លួនឯង»។
ករណីទីមួយ បុរសឈ្មោះ ទិត រ៉ន អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិវត្ត ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានស្លាប់ក្នុងពន្ធនាគារខេត្តកំពង់ចាម កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩។ លោក ទិត រ៉ន ស្លាប់ពេលបញ្ជូនចេញពីអគារឃុំខ្លួននៃស្នងការខេត្តកំពង់ចាម ទៅឃុំនៅពន្ធនាគារខេត្តកំពង់ចាម។ លោក ទិត រ៉ន គឺជាកូនរបស់លោក អៀម ទិត ដែលបានអះអាងថា ខ្លួនជាសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ។
សមត្ថកិច្ច ចាប់លោក ទិត រ៉ន យកទៅឃុំ តាមអំណាចដីការបស់ចៅក្រមស៊ើបសួរនៃតុលាការខេត្តកំពង់ចាម។ បើតាមដីកានោះ លោក ទិត រ៉ន រងការចោទប្រកាន់ថា បានប្រព្រឹត្តបទល្មើសបង្ករបួសស្នាមដោយចេតនា តាំងពីខែវិច្ឆិកា ឆ្នាំ២០០៦មកម្ល៉េះ។
ក្រុមគ្រួសារ សង្គមស៊ីវិល រួមទាំងលោក សម រង្ស៊ី ប្រធានអតីតគណបក្សសង្គ្រោះជាតិ រហូតដល់ក្រសួងការបរទេសរដ្ឋអាមេរិក ទាមទារឲ្យស្វែងរកយុត្តិធម៌ ដោយសង្ស័យថា លោក ទិត រ៉ន ស្លាប់ដោយសារតែរងការធ្វើទារុណកម្មពីមន្ត្រីពន្ធនាគារ។ តាមរយៈវីដេអូឃ្លីប ដែលគេថតពីសាកសពរបស់លោក ទិត រ៉ន ពេលបញ្ជូនទៅដល់ផ្ទះ ហើយត្រូវបានបង្ហោះលើបណ្តាញសង្គម គេ ឃើញស្លាកស្នាមមួយចំនួនលើសាកសព ដូចជា នៅលើភ្នែកខាងស្តាំ និងនៅម្តុំកញ្ចឹងក ជាដើម។
ប៉ុន្តែ មន្ត្រី បានបកស្រាយផ្ទុយស្រឡះ ចំពោះមរណភាពរបស់លោក ទិត រ៉ន។ កាលនោះ ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការខេត្តកំពង់ចាម បានសរសេររបាយការណ៍ស្តីពីមរណភាពរបស់លោក ទិត រ៉ន ជូនទៅនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
លោក ឯម កុសល ប្រាប់លោក នេត សាវឿន ថា លោក ទិត រ៉ន មានសភាពញ័រដៃ ញ័រជើង និង ញ័រទាំងខ្លួនប្រាណ ដែលមើលទៅដូចជាមនុស្សញៀនស្រា ហើយបានដើរដួលក្នុងបន្ទប់ទឹកនៃអគារឃុំខ្លួន ដោយមិនប្រុងប្រយ័ត្ន ក៏បោកក្បាល់ប៉ះនឹងជ្រុងអាងទឹក បណ្តាលឲ្យរបួសលើត្របកភ្នែកខាងស្តាំ និងចេញឈាម។ លោក ឯម កុសល បន្តថា សមត្ថកិច្ច ពិនិត្យមើលដងខ្លួនរបស់លោក ទិត រ៉ន ឃើញមានរបួសបែកលើចិញ្ចើមផ្នែកខាងស្តាំប្រវែង២សង់ទីម៉ែត្រ ស្នាមក្រហមលើកំភួនដៃទាំងសងខាង និងស្នាមក្រហមនៅត្រង់កំភួនជើងស្តាំ ហើយសមត្ថកិច្ច បានលាងនិងរុំរបួសឲ្យលោក ទិត រ៉ន។
លោកស្នងការ សរសេរក្នុងរបាយការណ៍យ៉ាងដូច្នេះថា៖«ពេលឃុំខ្លួន សមត្ថកិច្ចយើង ពុំបានប្រើអំពើហិង្សា ឬធ្វើទារុណកម្មទៅលើជនសង្ស័យឈ្មោះ ទិត រ៉ន ឡើយ។ ឈ្មោះ ទិត រ៉ន បានស្លាប់នៅពន្ធនាគារ ដោយមូលហេតុបណ្តាលមកពីដួលប៉ះទង្គិចក្បាល កាលពីថ្ងៃទី១៧ ខែមេសា»។ លោក អះអាងទៀតថា៖«ឈ្មោះ ទិត រ៉ន ពិតជាមនុស្សញៀនស្រា ពេលមិនបានផឹកស្រា ញ័រដៃ ញ័រជើង ហើមមុខ ហើមដៃ និងហើមជើង....»។
គេ មិនទាន់ឃើញមានមន្ត្រីណាម្នាក់ រងការចោទប្រកាន់ថា ពាក់ព័ន្ធនឹងការធ្វើទារុណកម្មលើលោក ទិត រ៉ន ឡើយ ហើយមកដល់បច្ចុប្បន្ននេះ មរណភាពរបស់លោក ទិត រ៉ន ហាក់ស្ងប់ស្ងាត់ទៅហើយ។
ករណីទីពីរ បុរសឈ្មោះ ទុយ ស្រស់ អាយុ៣៤ឆ្នាំ រស់នៅ ភូមិជ្រៃ ឃុំសឹង្ហ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ បានស្លាប់ក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ក្រោយបញ្ចូនចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យ ទៅព្យាបាលនៅមន្ទីរពេទ្យ។ លោក ទុយ ស្រស់ ជាពលរដ្ឋម្នាក់ក្នុងចំណោម៥នាក់ ដែលត្រូវចាប់ខ្លួន ក្រោយពួកគេ តវ៉ានឹងអាជ្ញាធរ ដែលទៅឈូសឆាយផ្ទះរបស់ពួកគេ។ សមត្ថកិច្ច ចោទលោក ទុយ ស្រស់ ពីបទអំពើហិង្សាលើអ្នកកាន់កាប់អចលនទ្រព្យដោយសុចរិត។
មរណភាពរបស់លោក ទុយ ស្រស់ គឺដូចមរណភាពរបស់លោក ទិត រ៉ន ដែរ ដោយប្រជាពលរដ្ឋ មន្ត្រីអតីតគណបក្សប្រឆាំង និង អ្នកប្រើប្រាស់បណ្តាញសង្គម ចោទប្រកាន់ថា លោក ទុយ ស្រស់ រងការធ្វើទារុណកម្ម។ តាមរយៈរូបភាព ដែលត្រូវបានបង្ហោះលើបណ្តាញសង្គម គេ ឃើញលោក ទុយ ស្រស់ មានស្នាមជាំមួយចំនួន នៅលើផ្ទៃមុខ ដូចជា ភ្នែកខាងស្តាំ និងម្តុំគុម្ភត្រចៀក ជាដើម ហើយលើដងខ្លួន និង ដៃ ក៏មានរបួសនិងស្នាមជាំដែរ ដែលមើលទៅហាក់ដូចរងការវាយដំ។
ប្រជាពលរដ្ឋ ដែលជាអ្នកតវ៉ាជាមួយលោក ទុយ ស្រស់ អះអាងថា មុនពេលចាប់ខ្លួន លោក ទុយ ស្រស់ គ្មានរបួសនិងស្នាបជាំអ្វីឡើយ។ យ៉ាងណាក៏ដោយ ខាងមន្ត្រី បានច្រានចោលចំពោះការចោទប្រកាន់ថា លោក ទុយ ស្រស់ ស្លាប់ព្រោះរងការធ្វើទារុណកម្ម។ ការបកស្រាយរបស់មន្ត្រីខេត្តបន្ទាយមានជ័យ ហាក់មិនខុសពីការបកស្រាយរបស់មន្ត្រីខេត្តកំពង់ចាមឡើយ។
តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលធ្វើឡើងកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ រដ្ឋបាលខេត្តបន្ទាយមានជ័យ អធិប្បាយថា លោក ទុយ ស្រស់ បានស្លាប់ ពេលត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ដោយលទ្ធផលនៃការធ្វើកោសល្យវិច័យរបស់ការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្ររបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងតាមការបំភ្លឺពីអ្នកជាប់ឃុំទាំង៤នាក់ ដែលជាគ្នីគ្នារបស់លោក ទុយ ស្រស់ បានអះអាងដូចគ្នា និងបានសន្និដ្ឋានថា លោក ទុយ ស្រស់ «មានភាពមិនប្រក្រតី មានសុខភាពមិនល្អ និងញៀនស្រាដាច់មិនបាន...»។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសរសេរទៀតថា មុនពេលស្លាប់ ក្រុមមន្ត្រីពន្ធនាគារខេត្តនិងក្រុមគ្រួសារជនរងគ្រោះ បានយកចិត្តទុកដាក់ជាខ្លាំង ដោយបានបញ្ជូនយកទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ប៉ុន្តែមិនអាចជួយសង្គ្រោះបានទាន់ពេលវេលា។
ដំណឹងមរណភាពរបស់លោក ទុយ ស្រស់ បានឮទៅដល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្នុងពិធីជួបសំណេះសំណាលប្រចាំឆ្នាំលើកទី៤ ជាមួយអ្នកកាសែត កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្ត្រី បញ្ជាឲ្យលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមគ្នាបង្កើតគណៈកម្មការមួយ ដើម្បីស៊ើបអង្កេតករណីនេះ។ ប្រមុខរដ្ឋាភិបាល សង្កត់ធ្ងន់ថា បើជនរងគ្រោះ ពិតជាស្លាប់ដោយសារការធ្វើទារុណកម្មមែននោះ ត្រូវចាប់អ្នកប្រព្រឹត្តយកទៅផ្តន្ទាទោសឲ្យបាន។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី១៦ ខែមករា ថា បច្ចុប្បន្ន គណៈកម្មការ ដែលទើបនឹងបង្កើតនេះ កំពុងស៊ើបអង្កេត តែលោក មិនអាចផ្តល់ព័ត៌មានលម្អិតបានឡើយ។ លោក និយាយបែបនេះថា៖«ក្នុងដំណាក់កាលស៊ើបអង្កេត និយាយមិនកើតទេ»។
ទន្ទឹមនេះ ប្រជាពលរដ្ឋដល់ទៅ១៥០គ្រួសារ បានរួមគ្នាធ្វើបណ្តឹង១ តាមរយៈតំណាង៣នាក់ ដាក់ទៅកាន់តុលាការខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៤ ខែមករា ដើម្បីប្តឹងមនុស្ស៦នាក់ ពីបទសមគំនិតធ្វើមនុស្សឃាត និងប្រើអំពើហិង្សាលើលោក ទុយ ស្រស់ រហូតដល់ស្លាប់។ មនុស្សទាំង៦នាក់នោះ គឺ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោក បោន ប៉ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ, ប្រធាន-អនុប្រធានពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ, ប្រធានរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ, និង ប្រធានពន្ធដាខេត្តបន្ទាយមានជ័យ។
គេ កំពុងរង់ចាំមើលថា តើគណៈកម្មការដែលលោក កែវ រ៉េមី និង លោក សៅ សុខា បង្កើតរួមគ្នានេះ នឹងអាចរកឃើញអ្នកណាខ្លះ ដែលពាក់ព័ន្ធនឹងការធ្វើទារុណកម្មលើលោក ទុយ ស្រស់៕