ការកើនឡើង​នៃ​មូលនិធិ​ស​.​រ​.​អា ជួយ​ប្រទេស​ឡាវ​ដោះស្រាយ​បញ្ហា​គ្រាប់​មិនទាន់​ផ្ទុះ​ដែល​នៅ​សេសសល់​ពី​សង្គ្រាម​វៀតណាម​ដ៏​ប្រល័យ​
អន្តរជាតិ
ការកើនឡើង​នៃ​មូលនិធិ​ស​.​រ​.​អា ជួយ​ប្រទេស​ឡាវ​ដោះស្រាយ​បញ្ហា​គ្រាប់​មិនទាន់​ផ្ទុះ​ដែល​នៅ​សេសសល់​ពី​សង្គ្រាម​វៀតណាម​ដ៏​ប្រល័យ​
17, Jan 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ អ្នក​បច្ចេកទេស​កំពុង​ស្រាវជ្រាវ​នៅ​លើ​វាល​ស្រែ​ស្វែង​រក​គ្រាប់​មិន​ទាន់​ផ្ទុះ នៅ​ខេត្ត Xiangkhouang ប្រទេស​ឡាវ។
រូបឯកសារ៖ អ្នក​បច្ចេកទេស​កំពុង​ស្រាវជ្រាវ​នៅ​លើ​វាល​ស្រែ​ស្វែង​រក​គ្រាប់​មិន​ទាន់​ផ្ទុះ នៅ​ខេត្ត Xiangkhouang ប្រទេស​ឡាវ។
ដោយ: VOA
PHONSAVAN ៖ អ្នកស្រី Bou Kham បាន​រំឭកថា នៅ​ថ្ងៃទី​២ ខែមីនា ឆ្នាំ ២០១៤ ជា​ថ្ងៃ​ដែលមាន​ពន្លឺ​ថ្ងៃ​ចែងចាំង​ល្អ ហើយ​នោះ​វា​ក៏​ជា​ថ្ងៃ​ដែល​គ្រាប់បែក​ទម្លាក់​ដោយ​សហ​រដ្ឋ​អាមេរិក​កាលពី​ជាង ៤ ទសវត្សរ៍​មុន បាន​ផ្ទុះ​ផ្ដាច់​ជើង​ស្ដាំ​របស់​អ្នកស្រី​ពាក់កណ្ដាល​។​

 
​នៅពេលនោះ អ្នកស្រី​និង​កូនប្រុស ២ នាក់ កំពុង​ឆាយ​សម្អាត​វាលស្រែ​នៅ​ជិត​ភូមិ នៅ​ខេត្ត Xiangkhouang ភាគ​ខាងកើត​នៃ​ប្រទេស​ឡាវ គឺ​សម្អាត​គ្រាប់បែក​ចង្កោម​ដែល​សហរដ្ឋអាមេរិក បាន​ទម្លាក់​លើ​ប្រទេស​នេះ​កាលពី​សម័យ​សង្គ្រាម​វៀតណាម​។​
 
​ម្តាយ​និង​កូន មាន​គម្រោង​យក​ដែក​មានតម្លៃ​ទាំងនេះ ទៅ​លក់​ឲ្យ​បុរស​ជនជាតិ​វៀតណាម ២ នាក់ ដែល​បាន​ទៅ​វាលស្រែ​នោះ​ជាមួយគ្នា​។ អ្នកស្រី​បាន​រៀបរាប់​ប្រាប់ VOA ដោយ​លើកដៃ​របស់ខ្លួន​ក្ដាប់​បង្ហាញថា មាន​គ្រាប់បែក​មូលៗ​ដែលមាន​ទំហំ​ប៉ុន​បាល់​សម្រាប់​លេង​កីឡា​តិ​ន្នី​ស​។​
 
​អ្នកស្រី​និយាយថា​៖ «​ខ្ញុំ​បាន​រកស៊ី​របៀបនេះ​១០​ឆ្នាំ​ហើយ ហើយ​អ្នក​នៅក្នុង​ភូមិ​ទាំងមូល​ក៏​ប្រមូល​គ្រឿង​ដែក​ទាំងនោះ ដើម្បី​លក់​ឲ្យ​ជនជាតិ​វៀតណាម​ដែរ​»​។​
 
​នៅពេល​អ្នកស្រី​បានដាក់​គ្រាប់បែក​ទៅក្នុង​ថង់​ប្លា​ស្ទិ​ក​នៅថ្ងៃនោះ គ្រាប់បែក​មួយ​បាន​ទៅ​ទង្គិច​នឹង​គ្រាប់បែក​មួយទៀត ហើយ​ក៏បាន​ផ្ទុះ​ផ្ដាច់​ជើង​ម្ខាង​របស់​អ្នកស្រី​តែម្ដង​។ អំបែង​ដែល​ផ្ទុះ​ទាំង​នោះបាន​បាចសាច​ទៅលើ​ជើង​របស់​អ្នកស្រី ហើយ​បាន​ប៉ះ​នឹង​ទ្រូង​កូនប្រុស​ម្នាក់​របស់​អ្នកស្រី ហើយ​កូនប្រុស​ម្នាក់ទៀត​ត្រូវ​ភ្នែក​ម្ខាង ហើយ​វា​ក៏បាន​សម្លាប់​បុរស​វៀតណាម​ម្នាក់​នៅនឹងកន្លែង​តែម្ដង​។​
 
​អ្នកស្រី​និយាយថា​៖ «​បន្ទាប់ពី​ផ្ទុះ​ភ្លាម ខ្ញុំ​បាន​ឃើញថា ជើង​ម្ខាង​របស់ខ្ញុំ​បាន​ដាច់​បាត់​ហើយ ខ្ញុំ​បាន​ហៅ​ប្ដី​ខ្ញុំ​។ បន្ទាប់មកទៀត​អ្វីដែល​ខ្ញុំ​ចាំបាន​គឺថា ខ្ញុំ​នៅឯ​មន្ទីរពេទ្យ​»​។​
 
​កាលពី​ឆ្នាំ​២០១៦ ក្នុង​ដំណើរ​ទស្ស​កិច្ច​ទៅកាន់​ប្រទេស​ឡាវ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​កាលនោះ​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក បានសម្រេច​ផ្ដល់​ថវិកា​បន្ថែមចំនួន ៩០ លាន​ដុល្លារ សម្រាប់​ជា​កាតព្វកិច្ច​ផ្នែក​សីលធម៌​របស់​អាមេរិក ដើម្បី​ជួយ​បោសសម្អាត​គ្រាប់​មិនទាន់​ផ្ទុះ​ឲ្យ​អស់ពី​ប្រទេស​ឡាវ ដែល​គ្រាប់​ទាំងនេះ​គេ​ហៅថា UXO គឺ​គ្រាប់​សេសសល់​ពី​ការទម្លាក់​គ្រាប់បែក ២ លាន​តោន​ដោយ​សហរដ្ឋអាមេរិក ទៅលើ​ប្រទេស​តូច​មួយ​នេះ ចាប់ពី​ឆ្នាំ ១៩៦៤ ដល់ ឆ្នាំ ១៩៧៣​។ ពាក់កណ្ដាល​នៃ​ទឹកប្រាក់​នោះ ត្រូវបាន​យកទៅ​ប្រើប្រាស់​សម្រាប់​ការស្រាវជ្រាវ​លម្អិត​នៅ​ទូទាំងប្រទេស​ដែល​ខ្ទេចខ្ទាំ​ជា​យូរ​មកហើយ ហើយនឹង​ការស្រាវជ្រាវ​មិន​ធ្លាប់​បានធ្វើ​ពីមុនមក​។​


រូប​ឯកសារ ការ​បោស​សម្អាត​ និង​ការ​ម្ទេច​ចោល​គ្រាប់​មិន​ទាន់​ផ្ទុះ នៅ​ប្រទេស​ឡាវ។
 
​អង្គការសហប្រជាជាតិ​កាលពីពេល​ថ្មីៗ​នេះ បាន​ពន្យារពេល​សម្រាប់​ប្រទេស​ឡាវ​ដែល​បានកំណត់​យក​ឆ្នាំ ២០២០ ថា​ជា​ឆ្នាំ​ដែល​ប្រទេស​នេះ​ត្រូវ​សម្អាត​គ្រាប់បែក​នេះ​ឲ្យ​អស់ ដូចដែល​អនុសញ្ញា​ស្ដីពី​គ្រាប់បែក​ចង្កោម​បានកំណត់​នោះ ដោយ​ត្រូវ​ពន្យារពេល​ដល់​ឆ្នាំ​២០២៥ វិញ​។ រដ្ឋាភិបាល​ឡាវ​បាន​យក​គោលដៅ​សម្អាត​ឲ្យ​អស់​នៅ​ឆ្នាំ​២០៣០ ប៉ុន្តែ​អ្នកជំនាញ​ខ្លះ​និយាយថា គ្មាន​ការបញ្ជាក់​ណាមួយ​ថា តើ​កិច្ចការ​នេះ​ត្រូវការ​ពេលវេលា​យូរ​ប៉ុណ្ណា​ទៀត​នោះទេ​។​
 
​អ្នកស្រី Sarah Goring គឺជា​មន្ត្រី​កម្មវិធី​ប្រចាំ​ប្រទេស​ឡាវ​នៃ​ក្រុមប្រឹក្សា​សម្អាត​មីន ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​។ ក្រុមប្រឹក្សា​នេះ​បានធ្វើ​ប្រតិបត្តិ​ការសម្អាត​មីន​ធំជាងគេ​នៅ​ប្រទេស​ឡាវ បន្ទាប់ពី​រដ្ឋាភិបាល​។​
 
​អ្នកស្រី​និយាយថា​៖ «​សំណួរ​ដែល​គេ​តែងតែ​សួរ​យើង​នោះ​គឺថា តើ​គ្រាប់មីន​ទាំងនេះ​នឹងត្រូវ​សម្អាត​ឲ្យ​អស់​នៅពេលណា​។ ប៉ុន្តែ ពិត​ហើយ​ថា តើ​វា​នឹង​ត្រូវការ​រយៈពេល​យូរ​ប៉ុណ្ណា​នោះ គឺ​ដូចជា​ខ្សែ​ដ៏​វែង​អន្លាយ​មួយ​អីចឹង ពិត​ទេ​? តែ​អ្វីៗ​គឺ​អាស្រ័យ​លើ​ថវិកា​»​។​
 
​អ្នកស្រី Goring និយាយថា អង្គការសហប្រជាជាតិ​បាន​ពន្យា​កាលបរិច្ឆេទ​សម្រាប់​ការសម្អាត​មីន​ក្នុងប្រទេស​ឡាវ រហូតដល់​ឆ្នាំ​២០២៥ នោះ គឺ​ដោយសារ​អង្គការសហប្រជាជាតិ​ផ្ដល់​ការពន្យា​ម្តង​រយៈពេល ៥ ឆ្នាំ​។​
 
​អ្នកស្រី​និយាយថា​៖ «​ខ្ញុំ​គិតថា មិនមាន​អ្នកណាម្នាក់​គិតថា​រឿង​បែបនេះ វា​សាក​សម​នោះទេ ពីព្រោះ​តែ​បរិ​មាណនៃ​ការខូចខាត​វា​ធំ​ណាស់​»​។​
 
​ក្នុងការ​ព្យាយាម​ស្វែងរក​កងកម្លាំង​វៀតណាម​ខាងជើង​នៅតាម​ផ្លូវលំ​ហូជីមិញ និង​ក្រុម​កុ​ម្មុយ​និ​ស្ត​ក្នុងស្រុក​ដែលមាន​ឈ្មោះថា Pathet Lao ដែល​ចុងបញ្ចប់​ក្រុម​នេះ បានឈ្នះ​សង្គ្រាមស៊ីវិល​នៅ​ឆ្នាំ​១៩៧៥​នោះ សហរដ្ឋអាមេរិក​បាន​ប្រែក្លាយ​ប្រទេស​ឡាវ​ទៅជា​ប្រទេស​ដែល​រង​ការទម្លាក់​គ្រាប់បែក​ខ្លាំងជាងគេ​បំផុត​នៅលើ​ពិភពលោក​។ ជម្រើស​នៃ​ការប្រើប្រាស់​សព្វាវុធ​រប​ស់​អាមេរិក គឺ​គ្រាប់បែក​ចង្កោម ដែល​ផលិតឡើង​សម្រាប់​ផ្ទុះ​បំបែក​នៅពេល​ទម្លាក់បាន​ពាក់កណ្ដាល​អាកាស ដើម្បី​ទម្លាក់​គ្រាប់បែក​តូចៗ​រាប់រយ​គ្រាប់ គឺ​ដូចជា​គ្រាប់បែក​ដែល​បានធ្វើ​ឲ្យ​អ្នកស្រី Bou រងរបួស​កាលពី​ប្រាំ​ឆ្នាំមុន​អីចឹង​ដែរ​។​
 
​កូន​គ្រាប់បែក​១​ក្នុងចំណោម​៣ ដែល​ចំនួន​សរុប​មាន​រាប់សិប​លាន​គ្រាប់ ត្រូវបាន​គេ​ជឿថា មិនបាន​ផ្ទុះ​នៅពេល​គេ​ទម្លាក់​វា ហើយ​មានការ​យល់ឃើញ​ផ្សេងៗ​គ្នា ថា​តើ​គ្រាប់​ទាំងនោះ​គ្រប់​ដណ្ដប់​លើ​ផ្ទៃដី​ធំ​ប៉ុណ្ណា​នោះ​។ រដ្ឋាភិបាល​ឡាវ​និយាយថា ទំហំ​ផ្ទៃដី​ដែល​រង​ផលប៉ះពាល់​មាន​ទំហំ ៨,០០០ គីឡូម៉ែត្រ​ការ៉េ​។ ក្រុមប្រឹក្សា​សម្អាត​មីន​និយាយថា យ៉ាងហោចណាស់​ក៏មាន​ទំហំ ២,០០០ គីឡូម៉ែត្រ​ការ៉េ​ដែរ​។​
 
​អ្នកស្រី Goring និយាយថា​៖ «​ខ្ញុំ​គិតថា ធាតុពិត​គឺ​ស្ថិតនៅ​ចន្លោះ​តួលេខ​ទាំងពីរ​នេះ​។ គ្មាន​អ្នកណា​ដឹង​ពិតប្រាកដ​ទេ​»​។​
 
​គម្រោង​សិក្សា​ស្រាវជ្រាវ​បច្ចេកទេស​នៅ​ទូទាំងប្រទេស មាន​ទឹកប្រាក់​ពាក់កណ្តាល​នៃ​ថវិកា​សរុប​៩០ លាន​ដុល្លារ​នៃ​គម្រោង​ដែលជា​ការប្តេជ្ញា​របស់លោក អូ​បា​ម៉ា កាលពី​ឆ្នាំ ២០១៦ គួរតែ​អាច​ឲ្យ​ពួកគេ​រកឃើញ​តួលេខ​ច្បាស់​។ សហរដ្ឋអាមេរិក បាន​ប្រើប្រាស់​ថវិកា​ទាំងនោះ​ដោយ​ជួល​ក្រុមហ៊ុន​ម៉ៅកា​ជាច្រើន​។​
 
​ការសិក្សា​ស្រាវជ្រាវ​អំពី​ផល​ខូចខាត​ភាគច្រើន ដែល​ធ្វើឡើង​នៅ​ប្រទេស​ឡាវ​រហូតមក​ដល់ពេលនេះ​ធ្វើឡើង​ក្នុង​របៀប​មួយ​ដែល​មិន​ផ្អែកលើ​បច្ចេកទេស ដោយ​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​តែ​របាយការណ៍​នៃ​គ្រោះថ្នាក់ និង​តាមរយៈ​ការ​ប្រាប់​ផ្ទាល់មាត់​របស់​ពលរដ្ឋ​ក្នុងស្រុក​។ ការខ្វះ​ភាពជាក់លាក់​មានន័យថា ជាការ​ចំណាយពេល​និង​ប្រាក់កាស​យ៉ាងច្រើន ទៅលើ​ការសម្អាត​តំបន់​នានា ដែល​ចុងក្រោយ​រកឃើញ​គ្រាប់បែក​តែ​ពីរ​បី​គ្រាប់​ប៉ុណ្ណោះ​។​
 
​តាមរយៈ​ការស្រាវជ្រាវ​ដោយ​បច្ចេកទេស ក្រុមការងារ​ត្រូវ​បញ្ជាក់ថា កន្លែង​ណា​ដែល​គេ​សង្ស័យថា បាន​រង​ប៉ះពាល់ មុនពេល ពួកគេ​ចុះទៅ​ធ្វើការ​បោសសម្អាត​ដោយផ្ទាល់​។ ក្រុមប្រឹក្សា​សម្អាត​មីន និង​ក្រុម​ផ្សេងទៀត​បានធ្វើការ​ស្រាវជ្រាវ​ដោយ​បច្ចេកទេស​នៅ​ប្រទេស​ឡាវ​តាំង​ពីមុន​ឆ្នាំ​២០១៦ ប៉ុន្តែ​ការបញ្ចូល​ប្រាក់​ដោយ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​នោះ បានធ្វើ​ឲ្យ​កិច្ចការ​នេះ ត្រូវបាន​ពង្រីក​ធំ​ជាង​មុន​។​
 
​លោក Perparim Elezi អ្នកចាត់ការ​បច្ចេកទេស​របស់​ក្រុមប្រឹក្សា​សម្អាត​មីន (Mines Advisory Group) នៅ​ខេត្ត Xiangkhouang និយាយថា​៖ «​វា​ជួយ​យើង ពីព្រោះ​វា​ធ្វើ​ឲ្យ​ដំណើរការ​លឿន​ជាង​មុន​។ យើង​ដឹង​ច្បាស់​ថា ទីណា​មិន​រង​ការប៉ះពាល់​ដោយសារ​គ្រាប់បែក​ទាំងនោះ និង​ទីណា​រង​ការប៉ះពាល់​»​។​


រូបឯកសារ៖ ក្រុមការងារ​កំក​ពុង​ទាញ​យក​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​ប្រទេស​ឡាវ។
 
​លោក Elezi ដែលជា​អតីត​ទាហាន​មកពី​ប្រទេស​កូ​សូ​វ៉ូ មានបទពិសោធន៍​បោសសម្អាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ជាង​២០​ឆ្នាំ​មកហើយ​នោះ បាន​និយាយថា ការស្រាវជ្រាវ​ដោយ​បច្ចេកទេស​នៅ​តំបន់​ទាំងអស់​ក្នុងប្រទេស​ឡាវ​បង្ហាញថា អាច​សម្រេចបាន​នៅ​ឆ្នាំ​២០២៥​។ តែ​ចំពោះ​លោក​វិញ មើលឃើញ​លទ្ធភាព​តិចតួច​ប៉ុណ្ណោះ ក្នុងការ​បោសសម្អាត​ប្រទេស​នេះ​ឲ្យ​អស់​គ្រាប់​មិនទាន់​ផ្ទុះ​ទាំងស្រុង​នៅ​ឆ្នាំ​២០២៥​នោះ​។ ទោះយ៉ាងណា​លោក​បន្ថែមថា ឆ្នាំ​២០៣០ ហាក់ដូចជា​នៅ​យូរ​បន្តិច ប៉ុន្តែ​យើង​មិនអាច​ថា «​អ្វីៗ​មិនអាច​សម្រេចបាន​» នោះទេ​។​
 
​គិត​ត្រឹម​ខែកក្កដា ឆ្នាំ ២០១៩ កន្លងទៅនេះ រដ្ឋាភិបាល​និង​ក្រុមហ៊ុន​ម៉ៅកា បាន​សម្អាត​ផ្ទៃដី​ក្នុងប្រទេស​ឡាវ​បាន ៦០០ គ​.​ម ការ៉េ ចាប់តាំងពី​ឆ្នាំ​១៩៩៦ មក ដែលជា​ឆ្នាំ​ត្រូវបាន​កត់ត្រា​ផ្លូវការ​។ ទំហំ​ផ្ទៃដី​៦០០ គ​.​មកា​រ៉េ នេះ​ស្មើនឹង​១​ភាគ​៣ នៃ​ទំហំ​ផ្ទៃដី​តិច​បំផុត​ដែល​ក្រុមប្រឹក្សា​សម្អាត​មីន បាន​ប៉ាន់ប្រមាណ​ថា ជា​តំបន់​រង​ការទម្លាក់​គ្រាប់បែក​របស់​សហរដ្ឋ​អាមេរិក​។​
 
​ល្បឿន​នៃ​កិច្ចការ​សម្អាត​មីន មាន​ភាព​លឿន​ជាង​មុន ដោយសារតែ​បច្ចេកទេស​និង​បច្ចេកវិទ្យា​មានការ​រីកចម្រើន ហើយក៏​ដោយសារ​តែមាន​ថវិកា​បន្ថែម​ពី​សហរដ្ឋអាមេរិក និង​ប្រភព​ផ្សេងៗ​ទៀត​។ ផ្ទៃដី​៦២ គ​.​ម ការ៉េ ដែល​សម្អាត​បាន​នៅ​ឆ្នាំ​២០១៨ មាន​ទំហំ​ជិត​២​ដង​បើ​ប្រៀបធៀប​ទៅនឹង​ផ្ទៃដី​ដែល​ត្រូវបាន​សម្អាត​នៅ​ឆ្នាំ ២០០៨​។​
 
​ទន្ទឹមនឹងនេះ​ផងដែរ ដោយសារតែ​ផ្ទៃដី​ជាច្រើន​ត្រូវបាន​សម្អាត​មីន​ហើយ​មាន​សុវត្ថិភាព និង​ដោយសារតែ​សារ​ធា​រណ​ជន​មានការ​យល់ដឹង​ច្រើន​អំពី​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​គ្រាប់បែក​ចាស់ៗ​មិនទាន់​ផ្ទុះ​នោះ ចំនួន​គ្រោះ​ថា្នក់​ក៏បាន​ថយចុះ​ដែរ​។ គ្រាប់​មិនទាន់​ផ្ទុះ​បានសម្លាប់​មនុស្ស​៣​នាក់ និង​ធ្វើ​ឲ្យ​របួស​២១​នាក់ នៅ​ឆ្នាំ ២០១៨ បើ​ធៀប​នឹង​ឆ្នាំ​២០០៨ ដែលមាន​មនុស្ស​ស្លាប់​ចំនួន ៩៩ នាក់ និង​របួស ២០៣ នាក់​។​
 
​អង្គការ​សប្បុរសធម៌​ឡាវ COPE ដែល​ផ្ដល់​ការស្ដារ​នីតិសម្បទា និង​ជើងសិប្បនិម្មិត​ដល់​ជនពិកា ផ្ដល់​សេវា​របស់ខ្លួន​កាន់តែ​តិច​ទៅៗ​ដល់​ជនរងគ្រោះ​ថ្មី ក្នុង​មួយឆ្នាំៗ​។​
 
​នាយិកា​ប្រតិបត្តិ​អង្គការ​នេះ គឺ​អ្នកស្រី Bounlanh Phayboun និយាយថា អ្នកស្រី​ដឹងគុណ​ចំពោះ​ការផ្ដល់​ថវិកា​ដែល​ធ្វើ​ឲ្យ​កិច្ចការ​ស្រាវជ្រាវ​បច្ចេកទេស​ដំណើរការបាន​លឿន ប៉ុន្តែ​អ្នកស្រី​មិន​រីករាយ​នឹង​រឿង​ដែល​គេ​ត្រូវ​ចំណាយពេល​យូរ​ទម្រាំ​តែ​ថវិកា​នោះមក​ដល់​។​
 
​អ្នកស្រី​និយាយថា​៖ «​ពិតណាស់ រឿងនេះ ជា​រឿង​គួរ​ឲ្យ​ខកចិត្ត ដោយសារតែ​វា​ចាប់ផ្ដើម​យឺត​ពេក គឺ​ដល់​ទៅ ៤០​ឆ្នាំ ក្រោយមក​»​។​
 
​អ្នកស្រី Bounlanh និយាយថា អ្នកភូមិ​រាប់ពាន់នាក់​បន្ត​រស់នៅ​ដោយ​ការភ័យខ្លាច​គ្រាប់បែក ដែល​កប់ ឬ លាក់ខ្លួន​នៅក្រោម​បាតជើង​របស់​ពួកគេ ប៉ុន្តែ​ពួកគេ​ត្រូវ​បង្ខំចិត្ត​រស់នៅ ឬ ធ្វើការ​ការងារ​កសិក​ម្ម​លើដី​ទាំងនោះ ដោយសារតែ​ភាពក្រីក្រ និង​ការខ្វះ​ជម្រើស បើទោះបីជា​ពួកគេ​ដឹង​ពី​ហានិភ័យ​ទាំងនោះ​ក៏ដោយ​។​
 
​អ្នកស្រី​និយាយថា​៖ «​ឆ្នាំនេះ អ្នក​អាច​ប្រើប្រាស់​ដី បាន​ដោយ​សុវត្ថិភាព​។ ប៉ុន្តែ​ឆ្នាំក្រោយ ឬ ២​ឆ្នាំ​ទៀត អ្នក​អាច​កាប់​ចំ​វា​នៅពេល​ណាមួយ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com