កីឡាអន្តរជាតិ
អន្តរជាតិ
AFC U23៖ កូរ៉េខាងជើងដែលធ្លាក់ទៅហើយ ទាញវៀតណាមទម្លាក់ ត្រឹមវគ្គចែកពូល
× ក្រុមរងជើងឯកឆ្នាំ២០១៨ វៀតណាមបានធ្លាក់ចេញពីព្រឹត្តិការណ៍ AFC U23 Championship ឆ្នាំ២០២០ បន្ទាប់ពីចាញ់កូរ៉េខាងជើងដែលបានវាយបកយកឈ្នះ ២-១ នាជំនួបចុងក្រោយពូល D នៅយប់ថ្ងៃទី១៦ ខែមករា។ ហ្ស៊កដានី និងអេមីរ៉ាតអារ៉ាប់រួមដែលប្រកួតស្មើគ្នា ១-១ ជាក្រុមពីរចុងក្រោយឈានទៅបង្គ្រប់៨ក្រុមនៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រ។
ក្នុងជំនួបកាត់សេចក្តីពូល Dនៅឯកីឡដ្ឋាន Rajamangala ក្រុងបាងកក ខ្សែប្រយុទ្ធ Nguyen Tien Linh បានជួយឲ្យជម្រើសជាតិវៀតណាមក្រោមអាយុ២៣ឆ្នាំនាំមុខកូរ៉េខាងជើង១គ្រាប់មុននៅនាទី១៦។ ប៉ុន្តែនៅនាទី២៧ អ្នកចាំទីវៀតណាម Bui Tien Dung ភ្លាត់ស្នៀតចាប់បាល់មិនជាប់ធ្វើឲ្យចូលទីខ្លួនឯង តាមរយៈការទាត់បាល់ពិន័យ (free-kick) របស់ខ្សែបម្រើ Kang Kuk Chol ដែលនាំឲ្យកូរ៉េខាងជើងតាមស្មើវិញ ១-១ ហើយលទ្ធផលនេះនៅរក្សារហូតចប់វគ្គទី១។
ការប្រកួតបានឈានចូលដល់វគ្គទី២។ វៀតណាមជាក្រុមត្រូវការឈ្នះជាចាំបាច់ដើម្បីឡើងទៅវគ្គបន្ត ខណៈកូរ៉េខាងជើងជាក្រុមដែលធ្លាក់ដោយស្វ័យប្រវត្តិទៅហើយទោះឈ្នះ ឬចាញ់ក្តី។ យ៉ាងណាក៏ដោយកូរ៉េខាងជើងមិនបន្ធូដៃឲ្យដៃគូនោះឡើយ ដោយបើកការវាយសម្រុកគ្នាទៅវិញទៅមកយ៉ាងខ្លាំងក្លា។
ការខកចិត្តសម្រាប់វៀតណាមបានកើតឡើងនៅចុងម៉ោងនាទី៩០ ក្រោយខ្សែការពារ Tran Bao Toan ទាត់ជើងកីឡាករកូរ៉េខាងជើងនៅតំបន់គ្រោះថ្នាក់ ហើយត្រូវអាជ្ញាកណ្តាលផ្លុំកញ្ចែពិន័យដោយផ្តល់បាល់ប៉េណាល់ទី។ ប្រធានក្រុម Ri Chung Gyu ជាអ្នកស៊ុតគ្រាប់ជ័យជម្នះឲ្យកូរ៉េខាងជើង ដើម្បីយកឈ្នះវៀតណាម ២-១។
តាមរយៈជ័យជម្នះនេះ កូរ៉េខាងជើងអាចរកបាន៣ពិន្ទុ ឈរនៅចំណាត់ថ្នាក់ទី៣ពូល D រីឯវៀតណាមរកបាន២ពិន្ទុ ហើយក្រុមទាំងពីរសុទ្ធតែត្រូវត្រឡប់ទៅផ្ទះវិញរៀងខ្លួន។
ហ្ស៊កដានី និងអេមីរ៉ាតអារ៉ាប់រួម ចាប់ដៃគ្នាឡើងទៅវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីប្រកួតស្មើគ្នា ១-១ នៅពូល D នេះ។ ក្រុមទាំងពីររកបាន៥ពិន្ទុដូចគ្នា តែ អេមីរ៉ាតអារ៉ាប់រួមឈរកំពូលតារាង ដ្បិតមានសំណល់គ្រាប់ស៊ុតល្អជាងហ្ស៊កដានី។
អេមីរ៉ាត់អារ៉ាប់រួម ត្រូវទៅជួបម្ចាស់ជើងឯកចាស់អ៊ូសបេគីស្ថាន ខណៈហ្ស៊កដានីប៉ះកូរ៉េខាងត្បូងនៅវគ្គ៨ក្រុមចុងក្រោយ។ អូស្ត្រាលីត្រូវតទល់ជាមួយស៊ីរី ហើយម្ចាស់ផ្ទះថៃស្វាគមន៍អារ៉ាប៊ីសាអូឌីត។ ការប្រកួតវគ្គ៨ចុងក្រោយ នឹងចាប់ផ្តើមនៅថ្ងៃទី១៨ និង១៩ ខែមករា ឆ្នាំ២០២០៕
Tag:
AFC U23 Championship
© រក្សាសិទ្ធិដោយ thmeythmey.com