កីឡាអន្តរជាតិ
អន្តរជាតិ
AFC U23៖ កូរ៉េខាងជើង​ដែល​ធ្លាក់​ទៅហើយ ទាញ​វៀតណាម​ទម្លាក់ ត្រឹម​វគ្គ​ចែក​ពូ​ល
17, Jan 2020 , 2:49 pm        
រូបភាព
​ក្រុម​រងជើង​ឯក​ឆ្នាំ​២០១៨ វៀតណាម​បាន​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ AFC U23 Championship ឆ្នាំ​២០២០ បន្ទាប់ពី​ចាញ់​កូរ៉េខាងជើង​ដែល​បាន​វាយបក​យកឈ្នះ ២-១ នា​ជំនួប​ចុងក្រោយ​ពូ​ល D នៅ​យប់​ថ្ងៃទី​១៦ ខែមករា​។ ហ្ស៊​កដា​នី និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ដែល​ប្រកួត​ស្មើគ្នា ១-១ ជា​ក្រុម​ពីរ​ចុងក្រោយ​ឈានទៅ​បង្គ្រប់​៨​ក្រុម​នៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​។​


 
​ក្នុងជំនួប​កាត់សេចក្តី​ពូ​ល Dនៅឯ​កីឡដ្ឋាន Rajamangala ក្រុង​បាងកក ខ្សែប្រយុទ្ធ Nguyen Tien Linh បាន​ជួយ​ឲ្យ​ជម្រើសជាតិ​វៀតណាម​ក្រោម​អាយុ​២៣​ឆ្នាំ​នាំមុខ​កូរ៉េខាងជើង​១​គ្រាប់​មុន​នៅ​នាទី​១៦​។ ប៉ុន្តែ​នៅ​នាទី​២៧ អ្នកចាំទី​វៀតណាម Bui Tien Dung ភ្លាត់ស្នៀត​ចាប់​បាល់​មិន​ជាប់​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង តាមរយៈ​ការទា​ត់បាល់​ពិន័យ (free-kick) របស់​ខ្សែបម្រើ Kang Kuk Chol ដែល​នាំ​ឲ្យ​កូរ៉េខាងជើង​តាម​ស្មើ​វិញ ១-១ ហើយ​លទ្ធផល​នេះ​នៅ​រក្សា​រហូត​ចប់​វគ្គ​ទី​១​។​
 
​ការប្រកួត​បាន​ឈានចូល​ដល់​វគ្គ​ទី​២​។ វៀតណាម​ជា​ក្រុម​ត្រូវការ​ឈ្នះ​ជា​ចាំបាច់​ដើម្បី​ឡើងទៅ​វគ្គ​បន្ត ខណៈ​កូរ៉េខាងជើង​ជា​ក្រុម​ដែល​ធ្លា​ក់ដោយ​ស្វ័យប្រវត្តិ​ទៅហើយ​ទោះ​ឈ្នះ ឬ​ចាញ់ក្តី​។ យ៉ាងណាក៏ដោយ​កូរ៉េខាងជើង​មិន​បន្ធូ​ដៃ​ឲ្យ​ដៃគូ​នោះឡើយ ដោយ​បើក​ការ​វាយ​សម្រុក​គ្នា​ទៅវិញទៅមក​យ៉ាងខ្លាំង​ក្លា​។​
 
​ការខកចិត្ត​សម្រាប់​វៀតណាម​បានកើត​ឡើង​នៅ​ចុង​ម៉ោង​នាទី​៩០ ក្រោយ​ខ្សែការពារ Tran Bao Toan ទាត់​ជើង​កីឡាករ​កូរ៉េខាងជើង​នៅ​តំបន់​គ្រោះថ្នាក់ ហើយ​ត្រូវ​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​ពិន័យ​ដោយ​ផ្តល់​បាល់​ប៉េ​ណា​ល់​ទី​។ ប្រធាន​ក្រុម Ri Chung Gyu ជា​អ្នក​ស៊ុត​គ្រាប់​ជ័យជម្នះ​ឲ្យ​កូរ៉េខាងជើង ដើម្បី​យកឈ្នះ​វៀតណាម ២-១​។​

 
​តាមរយៈ​ជ័យជម្នះ​នេះ កូរ៉េខាងជើង​អាច​រកបាន​៣​ពិន្ទុ ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ពូ​ល D រីឯ​វៀតណាម​រកបាន​២​ពិន្ទុ ហើយ​ក្រុម​ទាំងពីរ​សុទ្ធតែ​ត្រូវ​ត្រឡប់ទៅផ្ទះ​វិញ​រៀងខ្លួន​។​
 
​ហ្ស៊​កដា​នី និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ចាប់ដៃគ្នា​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ បន្ទាប់ពី​ប្រកួត​ស្មើគ្នា ១-១ នៅ​ពូ​ល D នេះ​។ ក្រុម​ទាំងពីរ​រកបាន​៥​ពិន្ទុ​ដូចគ្នា តែ អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ឈរ​កំពូល​តារាង ដ្បិត​មាន​សំណល់​គ្រាប់​ស៊ុត​ល្អ​ជាង​ហ្ស៊​កដា​នី​។​
 
​អេ​មី​រ៉ាត់​អារ៉ាប់​រួម ត្រូវ​ទៅ​ជួប​ម្ចាស់​ជើងឯក​ចាស់​អ៊ូ​ស​បេ​គី​ស្ថាន ខណៈ​ហ្ស៊​កដា​នី​ប៉ះ​កូរ៉េខាងត្បូង​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។ អូស្ត្រាលី​ត្រូវ​តទល់​ជាមួយ​ស៊ី​រី ហើយ​ម្ចាស់ផ្ទះ​ថៃ​ស្វាគមន៍​អា​រ៉ា​ប៊ី​សា​អូឌីត​។ ការប្រកួត​វគ្គ​៨​ចុងក្រោយ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៨ និង​១៩ ខែមករា ឆ្នាំ​២០២០៕







Tag:
 AFC U23 Championship
© រក្សាសិទ្ធិដោយ thmeythmey.com