អន្តរជាតិ
លោក Chirstopher Tolkien កូនប្រុស​អ្នកនិពន្ធ​រឿង «The Lord of the Rings» ស្លាប់​ក្នុង​អាយុ​៩៥​ឆ្នាំ​
17, Jan 2020 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក Christopher Tolkien កូនប្រុស​របស់លោក J.R.R Tolkien ដែលជា​អ្នកនិពន្ធ​រឿង «The Lord of the Rings» បានទទួល​មរណភាព​ក្នុង​អាយុ​៩៥​ឆ្នាំ​។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​សមាគម Tolkien Society កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០​។​

 
​លោក Christopher ជា​កូន​ទី​៣​របស់លោក J.R.R Tolkien កវីនិពន្ធ​អង់គ្លេស​ដ៏​ល្បីឈ្មោះ ដែល​បានទទួល​មរណភាព​កាលពី​ឆ្នាំ​១៩៧៣​ក្នុង​អាយុ​៨១​ឆ្នាំ​។ ស្នាដៃ​ជាច្រើន​របស់លោក​ត្រូវបាន​ត្រួតពិនិត្យ និង​រៀបចំ​បោះពុម្ពផ្សាយ​ក្រោម​ការដឹកនាំ​របស់លោក Christopher ដែលជា​បន្ទុក​ផ្នែក​ប្រតិបត្តិ​ប្រចាំ​សមាគម Tolkien Society​។​
 
​កើត​នៅ​ក្រុង Leeds នៅ​ឆ្នាំ​១៩២៤ លោក Christopher បានបញ្ចប់​ការសិក្សា និង​ធ្លាប់​ធ្វើជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Oxford​។ លោក​មាន​ចំណែក​យ៉ាងសំខាន់​ក្នុង​ស្នាដៃ​រឿងនិទាន «The Lord of the Rings» តាមរយៈ​ការ​គូស​ផែនទី​លម្អិត​ក្នុង​សាច់រឿង​។ រឿងនេះ មានកំណត់​ត្រា​លក់ដាច់​ជាង​១៥០​លាន​ក្បាល​។​
 
​ក្រោយ​ឪពុក​ទទួលមរណភាព​នៅ​ឆ្នាំ​១៩៧៣ លោក Christopher បន្តការងារ​លើ​ស្នាដៃ​ផ្សេងៗ​ទៀត ក្នុងនាម​ជានា​យក​ប្រតិបត្តិ​ផ្នែក​អក្សរ​សី​ល្បិ៍​នៅ Tolkien Estate ដូចជា​ការបោះពុម្ពផ្សាយ​រឿង The Simarillion នៅ​ឆ្នាំ​១៩៧៧ និង​ជួយ​បញ្ចប់រឿង Fall of Gondolin នៅ​ឆ្នាំ​២០១៨ ជាដើម​។​
 
​លោក Christopher មាន​បងប្រុស​ឈ្មោះ John Francis Reuel និង Michael Hilary R. ដែល​សុទ្ធតែ​បានទទួល​មរណភាព ដោយ​បច្ចុប្បន្ន មានតែ​ប្អូនស្រី​ពៅ​របស់លោក គឺ​លោកស្រី Priscialla Anne អាយុ​៩១​ឆ្នាំ ប៉ុណ្ណោះ​ដែល​នៅ​រស់រៀនមានជីវិត​។​
 
​លោក Christopher មាន​ចំណងអាពាហ៍ពិពាហ៍​ពីរលើក និង​មានកូន​៣​នាក់​។ ចុងក្រោយ​លោក​រស់នៅ​ជាមួយ​លោកស្រី Ballie Klass ដែលជា​ភរិយា​ទី​ពីរ​នៅ​តំបន់​ជនបទ​មួយ​ក្នុងប្រទេស​បារាំង​៕



Tag:
 The Lord of the Rings
© រក្សាសិទ្ធិដោយ thmeythmey.com