កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd លក់ Young ឲ្យ Inter តម្លៃ​មិន​ដល់ ២ លាន​ដុល្លារ​
17, Jan 2020 , 8:19 pm        
រូបភាព
Manchester United បាន​យល់ព្រម​លក់​ខ្សែការពារ Ashley Young ទៅ​ឲ្យ Inter Milan ហើយ​ក្នុងតម្លៃ​តែ ១,៦៧ លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។ Young ដែល​បាន​រួមរស់​លើទឹក​ដី Old Traffod រយៈពេល​៩​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១១​មក ជា​កីឡា​ករទី​៣​របស់​បិសាច​ក្រហម​ដែល​ទៅ​រួម​ក្រុម​នៅ​អ៊ីតាលី​មួយ​នេះ​។​


 
​ខ្សែការពារ​សញ្ជាតិ​អង់គ្លេស វ័យ​៣៤​ឆ្នាំ​រូបនេះ ក៏​ធ្លាប់បាន​ប្រាប់​ក្លិប​រហស្សនាម​បិសាច​ក្រហម​ពី​បំណង​ចង់ទៅ​ចូលរួម​ជាមួយ​ក្រុម Inter ផងដែរ ខណៈដែល​រូបគេ​គ្មាន​ឈ្មោះ​ដល់​ទៅ​៣​ប្រកួត​ចុងក្រោយ​សម្រាប់​ក្រុម​។​
 
​បើតាម​ករ​ចុះផ្សាយ​របស់​កាសែត​អ៊ីតាលី កិច្ចព្រមព្រៀង​លើ​តម្លៃ ១,៦៧ លាន​ដុល្លារ​នេះ មិនទាន់​គិត​រួមបញ្ចូល​លើ​លក្ខខណ្ឌ​ផ្សេងៗ​ទៀត ដោយ​ក្នុងនោះ​ប្រសិនបើ Inter ឈ្នះ​ជើងឯក​លី​គ​កំពូល Serie A នៅ​រដូវ​កាល​នេះ Man Utd នឹង​ទទួលបាន​ប្រាក់​បន្ថែមទៀត​។​
 
Young បានបង្ហាញ​ខ្លួន​ឲ្យ Man Utd ចំនួន ២៦១​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​១៥​គ្រាប់​។ រូបគេ​បាន​ក្លាយជា​ប្រធាន​ក្រុម​នៅ​រដូវ​កាល​នេះ បើ​ទោះ​ទើបតែ​ចាប់ផ្តើម​ប្រកួត​ក្នុង​លី​គ​កំពូល​អង់គ្លេស​ទើបបាន​ចំនួន​១០​ប្រកួត​ប៉ុណ្ណោះ សម្រាប់​រដូវ​កាល ២០១៩-២០​។​
 
​អតីត​សមាជិក Watford រូបនេះ បាន​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​នៅ​ឆ្នាំ ២០០៧ ដោយ​លេង​ឲ្យ​ក្រុម​រហស្សនាម​នាគ​កំណាត់​នេះ​បាន​ចំនួន​៣៩​លើក​។ 
 
Man Utd បាន​ទិញយក Young ពី Aston Villa ក្នុង​ឆ្នាំ ២០១១ កាល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់ Sir Alex Ferguson​។ រូបគេ​បាន​ជួយ​ក្រុម​ឈ្នះ​ជើងឯក Premier League ក្នុង​រដូវ​កាល ២០១២-១៣, FA Cup នៅ​ឆ្នាំ ២០១៥-១៦ ព្រមទាំង League Cup និង Europa League ផង​នា​រដូវ​កាល ២០១៦-១៧​។​
 
Ashley Young ជា​កីឡាករ​របស់ Man Utd ទី​៣​ហើយ​ដែល​ចាក​ចេញទៅ​រួម​ក្រុម Inter បន្ទាប់ពី​ពួកគេ​បាន​ទិញយក​ខ្សែប្រយុទ្ធ Romelu Lukaku និង​ខ្ចី Alexis Sanchez កាលពីដើម​រដូវ​កាល​។ ក្រុម​ដែលមាន​អ្នកចាត់ការ​ទូទៅ​លោក Antonio Conte ស្ថិតនៅ​លេខ​រៀង​ទី​២ ក្នុង​តារាង​ចំណាត់ថ្នាក់ Serie A ដែល​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Juventus ចំនួន​២​ពិន្ទុ​៕

Tag:
 Manchester United
  Ashley Young
  Inter Milan
© រក្សាសិទ្ធិដោយ thmeythmey.com