អន្តរជាតិ
លោក ប្រាយុទ្ធ ហាមយកឈ្មោះលោក ដាក់ឲ្យសមិទ្ធផលដែលកសាងដោយលុយជាតិ រូបភាពស្ពានភ្ជាប់កោះសាម៊ុយទៅដីគោកក្នុងខេត្តនគរស្រីធម្មរាជ។ រូបភាព Bangkok Post
× នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានបង្ហាញការមិនពេញចិត្តចំពោះការយកឈ្មោះលោកដាក់ឲ្យស្ពានមួយ ហើយក៏មិនអនុញ្ញាតឲ្យយកឈ្មោះលោកដាក់ឲ្យសមិទ្ធផលផ្សេងទៀត។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ Narumon Pinyosinwat បញ្ជាក់បែបនេះនៅថ្ងៃទី១៧ ខែមករា បន្ទាប់ពីសមាជិកសភាមួយរូបមកពីបក្សកម្លាំងប្រជារាស្ត្រ ជាអ្នកផ្ដើមគំនិតបែបនេះ ដោយចង់យកឈ្មោះលោក ប្រាយុទ្ធ ដាក់ឲ្យស្ពានមួយកន្លែងដែលគ្រោងសាងសង់នៅតំបន់ភាគខាងត្បូងថៃ។
លោក Sayant Yutitham សមាជិកសភាបក្សកាន់អំណាចមកពីខេត្តនគរស្រីធម្មរាជ (Nakhon Si Thammarat) នៅថ្ងៃទី១៦ ខែមករា បានលើកឡើងគំនិតយកឈ្មោះនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ដាក់ឲ្យស្ពានមួយដែលគ្រោងសាងសង់ភ្ជាប់ដីគោក និងកោះសាម៊ុយ ដែលជាកន្លែងទេសចរណ៍ល្បីឈ្មោះនៅតំបន់ភាគខាងត្បូងរបស់ថៃ។ លោក Sayant ថ្លែងក្នុងកិច្ចប្រជុំសភាថា ការដាក់ឈ្មោះស្ពានចន្ទអូចា ជាការផ្ដល់កិត្តិយសឲ្យនាយករដ្ឋមន្ត្រីបច្ចុប្បន្ន។
យ៉ាងណាមិញ លោក ប្រាយុទ្ធ មិនយល់ស្របតាមគំនិតនេះឡើយ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ អ្នកស្រី Narumon Pinyosinwat និយាយថា លោក ប្រាយុទ្ធ មិនចង់ឲ្យឈ្មោះរបស់លោកត្រូវបានដាក់ឲ្យស្ពានអ្វីទេ មិនថាជាត្រកូល ឬឈ្មោះផ្ទាល់ឡើយ។ នេះបើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
«ខ្ញុំមិនអនុញ្ញាតឲ្យអ្នកណាយកត្រកូល ឬឈ្មោះខ្ញុំដាក់ឲ្យសមិទ្ធផលដែលកសាងដោយលុយជាតិឡើយ។ មេដឹកនាំ គួរតែត្រូវបានចងចាំនូវអ្វីដែលបានធ្វើ មិនមែនទីតាំងដែលដាក់ឈ្មោះពួកគេឡើយ។» នេះជាការលើកឡើងរបស់លោក ប្រាយុទ្ធ ដែលត្រូវបានអ្នកស្រី Narumon ស្រង់ប្រាប់អ្នកសារព័ត៌មាន។ អ្នកស្រីបន្តថា លោកនាយករដ្ឋមន្ត្រីមិនដឹងពីរឿងនេះឡើយ ហើយសមាជិកសភារូបនោះ ក៏មិនបានជជែកពីការដាក់ឈ្មោះនេះជាមួយលោកដែរ។
ទោះជាយ៉ាងណា លោក ប្រាយុទ្ធ មិនជំទាស់នឹងបំណងសាងសង់ស្ពាននេះឡើយ។ អ្នកស្រី Narumon បន្ថែមថា លោក ប្រាយុទ្ធ បើកចំហឲ្យក្រសួងដឹកជញ្ជូនសិក្សាពីលទ្ធភាពសាងសង់ស្ពាន ដោយផ្ដោតលើការដោះស្រាយផលប៉ះពាល់លើប្រជាជន និងបរិស្ថាន។
គំនិតសាងសង់ស្ពានកាត់សមុទ្រដែលមានប្រវែង១៨គីឡូម៉ែត្រ បានផុសឡើងតាំងពីឆ្នាំ២០១៧ មក សំដៅកាត់បន្ថយរយៈពេលធ្វើដំណើរ និងសម្រួលការដឹកជញ្ជូនអ្នកជំងឺពីលើកោះសាម៊ុយផងដែរ។ បច្ចុប្បន្ន មធ្យោបាយធ្វើដំណើរទៅកាន់កោះនេះ គឺទូក ស្រឡាង និងយន្តហោះ។
នៅថ្ងៃទី១៧ ខែមករា លោក Sayant បានចេញមុខការពារការលើកឡើងរបស់ខ្លួន។ បើតាមកាសែតបាងកកប៉ុស្តិ៍ លោកសរសេរលើហ្វេសប៊ុកថា រឿងសំខាន់ មិនមែនឈ្មោះឡើយ តែជាផលប្រយោជន៍របស់ប្រជាជន និងវិស័យទេសចរណ៍៕
Tag:
ថៃ
ប្រាយុទ្ធ ចន្ទអូចា
© រក្សាសិទ្ធិដោយ thmeythmey.com