រថយន្ត
អន្តរជាតិ
លោក វី​ដូ​ដូ​៖ រដ្ឋធានី​ឥណ្ឌូណេស៊ី​ថ្មី នឹង​ប្រើប្រាស់​រថយន្ត​អគ្គិសនី និង​ដើរ​ដោយ​ស្វ័យប្រវត្តិ​
20, Jan 2020 , 8:19 pm        
រូបភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ (ខាងឆ្វេង) ជាមួយមន្រ្តីរបស់លោក។ រូបភាព៖ AFP
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ (ខាងឆ្វេង) ជាមួយមន្រ្តីរបស់លោក។ រូបភាព៖ AFP
​ប្រធានាធិបតី​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​១៥ ខែមករា បាន​លើកឡើងថា រដ្ឋធានី​ថ្មី​របស់​ឥណ្ឌូណេស៊ី នឹង​បំពាក់​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ និង​ឯកជន​ដើរ​ដោយ​ស្វ័យប្រវត្តិ និង​ថាមពល​អគ្គិសនី​។ ការប្រកាស​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​បែបនេះ គឺ​ដើ​ម្ប​កាត់បន្ថយ​ការប្រើប្រាស់​ប្រេងឥន្ធនៈ និង​លើកទឹកចិត្ត​ឲ្យ​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ ដែល​មិន​បះ​ពាល់​ដល់​បរិស្ថាន​។


 
​ថ្លែង​ក្នុងអំឡុងពេល​បើក​កិច្ចប្រជុំ​សមាគម​សហគ្រិន​វ័យក្មេង​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី បាន​លើកឡើងថា ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​នៅក្នុង​រដ្ឋធានី​ថ្មី នឹងត្រូវ​ដើរ​ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្តិ ចំណែកឯ​រថយន្ត​ឯកជន អាច​នឹង​ដើរ​ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្តិ និង អគ្គិសនី​។ 
 
​ប្រសិនបើ​ឥណ្ឌូណេស៊ី អាចធ្វើ​បែបនេះ​បាន​មែន រដ្ឋធានី​ថ្មី នឹង​ក្លាយជា​ទីក្រុង​ដំបូង​គេ​បំផុត ដែល​ដើរ​ដោយ​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ​ស្វ័យប្រវត្តិ​។ បើតាម​លោក វី​ដូ​ដូ ដែល​ស្គាល់​ជាទូទៅ​ថា ចូ​កូ​វី ការប្រើប្រាស់​អគ្គិសនី និង​ប្រព័ន្ធ​ស្វ័យប្រវត្តិ អាចធ្វើ​ឲ្យ​ឥណ្ឌូណេស៊ី​ចំណាយ​ថវិកា​អស់​តិច និង​មាន​ប្រសិទ្ធភាព​។ ជាការ​ពិត ការប្រកាស​ប្រធានាធិបតី​បែបនេះ គឺធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ប្រេង​ឥន្ទ​នៈ ម្យ៉ាង​ដើម្បី​លើកតម្កើង​ផលិតផល​ក្នុងស្រុក​ផង​។ 
 
​ឥណ្ឌូណេស៊ី គឺជា​ប្រទេស ដែល​សម្បូរ​ទៅដោយ​ធាតុ​កម្រ កូ​បែ​ល​( Cobalt) និង និង​ម៉​ង់​កា​ណែ​ស (manganese) ដែលជា​ធនធានធម្មជាតិ យកទៅ​ផលិត​ជា​អាគុយ​សម្រាប់​បំពាក់​លើ​រថយន្ត​អគ្គិសនី​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Jakarta Post​។ 
 
​ដូច​ធ្លាប់​បានលើកឡើង​នាពេល​កន្លង លោក​ចូ​កូ​វី បានប្រកាសថា ទីក្រុង​ថ្មី ត្រូវតែ​ជាទី​ក្រុង​បៃតង និង​វៃឆ្លាត​។ ដើម្បី​កសាង​ទីក្រុង​នេះ​បាន ក្រសួង​ផ្ទះសម្បែង និង​ការងារ​សាធារណៈ​ឥណ្ឌូណេស៊ី បានជ្រើសរើស ក្រុមហ៊ុន​គូរ​ប្លង់ URBAN+ ដើម្បី​រៀបចំ​គម្រោង​រដ្ឋធានី​ថ្មី​មួយ​មាន​លក្ខណៈ​ទំនើប និង​ច្នៃប្រឌិត បញ្ញា​សិប្បនិម្មិត និង​ទីក្រុង​ស្អាត​។  
 
​សូមបញ្ជាក់ថា ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ​វី គ្រោង​ផ្លាស់ប្តូរ​រដ្ឋធានី​ហ្សា​ការ​តា ទៅ​តាំងនៅ​តំបន់​ថ្មី ដែល​ស្ថិតនៅ​តំបន់​កាលី​ម៉ាន់​តាន់​ខាងកើត (East Kalimantan) នៅ​ឆ្នាំ ២០២៤​។ គម្រោង​ផ្លាស់ប្តូរ​រដ្ឋធានី​នេះ នឹងត្រូវ​ចំណាយ​ដល់​ប្រមាណ ៣២,៧​ពាន់​លាន​ដុល្លារ​។ ពាក់ព័ន្ធ​នឹង​រដ្ឋធានី​ថ្មី​នេះ លោក វី​ដូ​ដូ បាន​ទាក់ទង​ជាមួយ​ក្រុមហ៊ុន​ឯកជន​ផង និង​ប្រទេស​ជា​ដៃគូ​អភិវឌ្ឍ​ផង​ដូចជា អេ​មី​រ៉ាត់​អារ៉ាប់​រួម​ជាដើម​៕ 

Tag:
 ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com