កីឡាអន្តរជាតិ
អន្តរជាតិ
Xavi មិន​ទទួលយក​តំណែង ជា​អ្នកចាត់ការ​ទូទៅ Barcelona
17, Jan 2020 , 4:30 pm        
រូបភាព
Xavier Hernandez អះអាងថា​ខ្លួន​បាន​បដិសេធ​សំណើ​របស់​ក្លិប​ចាស់​ខ្លួន​ដែល​ចង់​តែងតាំង​លោក​ធ្វើជា​អ្នកចាត់ការ​ទូទៅ Barcelona​។ Xavi ប្រាប់​មូលហេតុ​ថា Barca មក​លឿន​ពេក​ធ្វើ​ឲ្យ​រូបគេ​រៀបចំខ្លួន​មិនទាន់​សម្រាប់​តំណែង​ដ៏​ធំ​នេះ​។​


 
​អតីត​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ និង Barca រូបនេះ សព្វ​ថ្ងៃជា​អ្នកចាត់ការ​ក្រុម Al Sadd នៃ​លី​គ​កីឡាបាល់ទាត់​កំពូល​កាតា ចាប់តាំងពី​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​កាលពី​ឆ្នាំ​២០១៩​។ យ៉ាងណាក៏ដោយ តំណែង​ជា​អ្នកចាត់ការ​នៅ Al Sadd របស់ Xavi នឹងត្រូវ​បញ្ចប់​នៅ​ខែឧសភា ឆ្នាំ​២០២០​។​
 
Xavi បាន​និយាយថា នាយក​ប្រតិបត្តិ​ក្លិប​រហស្សនាម​អ្នកមាន​បុណ្យ​លោក Oscar Grau និង​នាយក​កីឡា​លោក Eric Abidal បានផ្តល់​ឲ្យ​លោក​សម្រាប់​តំណែង​ជា​អ្នកចាត់ការ មុនពេល​ពួកគេ​បញ្ចប់​តំណែង​លោក Ernesto Valverde នៅ​ថ្ងៃទី​១៣ ខែមករា​។​


Xavi កាលនៅជាកីឡាកររបស់ Barca
 
​ម្ចាស់​ការពារ​ជើងឯក La Liga នេះ បានតែងតាំង​អតីត​គ្រូ Real Betis លោក Quique Setien ជា​អ្នកចាត់ការ​ទូទៅ​របស់​ពួកគេ​វិញ ដោយ​ផ្តល់​កិច្ចសន្យា​រយៈពេល​២​ឆ្នាំកន្លះ​។​
«​ខ្ញុំ​មិន​យល់ស្រប​នឹង​ការផ្តល់ជូន​នេះ​ទេ ជាពិសេស​វា​លឿន​ពេក​សម្រាប់​ខ្ញុំ​ក្នុងការ​ដឹកនាំ​ក្រុម​យក្ស​ដូចជា Barcelona នេះ​។ ប៉ុន្តែ​យ៉ាងណា តំណែង​នេះ​នៅតែ​ជា​សុបិន​របស់ខ្ញុំ​នាពេល​អនាគត​»​។ នេះ​ជាការ​អះអាង​របស់ Xavi ដែល​សព្វថ្ងៃ​ឈានចូល​ដល់​វ័យ​៣៩​ឆ្នាំ​ទៅហើយ​។​
 
Xavi ដែល​បាន​បង្ហាញខ្លួន​លើសពី ៧៥០​ប្រកួត​ឲ្យ Barca នៅ​ចន្លោះ​ឆ្នាំ ១៩៩៨ ដល់​ឆ្នាំ ២០១៥ ក៏បាន​បង្ហើប​ថា​ខ្លួន​មានការ​ពេញចិត្ត​លោក Setien ក្នុង​តំណែង​នេះដែរ​។ Xavi បន្ថែមថា​រូបគេ​ស្រឡាញ់​របៀប​ដឹកនាំ​របស់លោក Setien និង​ជឿជាក់ថា Barca ពិតជា​ទទួលជោគជ័យ​មិន​ខាន​៕

Tag:
 Xavi
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com