អត្រាកំណើត​ទារ​កនៅ​ចិន ធ្លាក់ចុះ​ទាប​បំផុត​ក្នុង​រយៈពេល​ជិត​៦​ទសវត្សរ៍​កន្លងមក​នេះ​
អន្តរជាតិ
អត្រាកំណើត​ទារ​កនៅ​ចិន ធ្លាក់ចុះ​ទាប​បំផុត​ក្នុង​រយៈពេល​ជិត​៦​ទសវត្សរ៍​កន្លងមក​នេះ​
18, Jan 2020 , 8:59 am        
រូបភាព
រូបភាព៖ Internewscast
រូបភាព៖ Internewscast
​អត្រាកំណើត​ទារក​ចិន បាន​ធ្លាក់ចុះ​យ៉ាង​ទាប​បំផុត​ចាប់ពី​ឆ្នាំ ១៩៦១​មក​។ នា​ឆ្នាំ ២០១៨ អត្រាកំណើត​នៅក្នុង​ប្រទេស​ចិន គឺមាន​ចំនួន ១៥,២៣ លាន​នាក់ ប៉ុន្តែ​ចំនួន​ទារក​ចុះ​កាន់តែ​ទាប នៅ​ឆ្នាំ​២០១៩ ពោល​គឺមាន​ត្រឹមតែ ១៤,៦៥​លាន​តែប៉ុណ្ណោះ​។ នេះ​បើតាម​ទិន្នន័យ​របស់​ការិយាល័យ​ស្ថិតិ​ជាតិចិន នៅ​ថ្ងៃទី​១៧ ខែមករា​។ ជំនាញ​ខាង​ប្រជាសាស្ត្រ បារម្ភ​ថា វា​អាច​ប៉ះពាល់​កំណើនសេដ្ឋកិច្ច​ចិន និង​កម្លាំង​ពលកម្ម ខណៈ​ប្រជាជន​វ័យ​ចំណាស់ មាន​កាន់តែច្រើន​។


 
​ចិន គឺជា​ប្រទេស​ដែលមាន​ចំនួន​ប្រជាជន​ច្រើនជាងគេ​បំផុត​លើ​ពិភពលោក ខណៈពេល​ឥណ្ឌា កំពុងស្ថិត​លំដាប់ថ្នាក់​ទី​ពីរ​។ តាម​ទិន្នន័យ​របស់​ការិយាល័យ​ស្ថិតិ​ជាតិ ប្រជាជន​ចិន បាន​កើនឡើង​ពី​១,៣៩​ពាន់​លាន​ដល់ ១,៤​ពាន់​លាន​នាក់​នៅក្នុង​ឆ្នាំ ២០១៩​។ 
 
​ក្នុងចំណោម​ប្រជាជន​ដ៏​ច្រើនសន្ធឹក​បែបនេះ ប្រជាជន​ចិន​ដែល​គ្រប់​អាយុ​ធ្វើការ​ចន្លោះ​ពី ១៦​ឆ្នាំ ដល់​៥៩​ឆ្នាំ គឺមាន​ចំនួន​ជាង ៨៩៨​លាន​នាក់ ឬ​ស្មើនឹង ៦៤​ភាគរយ​នៃ​ប្រជាជន​សរុប​នៅក្នុង​ឆ្នាំ ២០១៩​។ នៅក្នុង​ឆ្នាំ ២០១៩​ដដែល​នេះ ប្រជាជន​ដែលមាន​វ័យ​លើ​ពី​៦០ គឺមាន​ចំនួន ២៥៣,៨​លាន​នាក់ ឬ​ស្មើ​១៨​ភាគរយ​។ 
 
​បើទោះបី​ជាមាន​ប្រជាជន​ច្រើនជាងគេ​ក្តី ប៉ុន្តែ​ចិន​កំពុង​បារម្ភ​ពី​បញ្ហា​ធ្លាក់ចុះ​ជា​លំដាប់​នៃ​កំណើត​ទារក​។ កំណើត​ទារក​នៅក្នុង​ឆ្នាំ ២០១៩ គឺមាន​ចំនួន តែ​១៤,៦៥​លាន​នាក់​តែប៉ុណ្ណោះ ខណៈពេល​ចំនួន​នេះ គឺ​ទាប​ឆ្ងាយ​ណាស់ បើ​ធៀប​ទៅនឹង​ឆ្នាំ ១៩៦១ ដែលមាន​កំណើត​ទារក​រហូតដល់​ជាង ២៤​លាន​នាក់​។ បើ​ចំនួន​ទារក​ចិន នៅតែ​ធ្លាក់ចុះ​នៅ​ឆ្នាំ​បន្ទាប់​ទៀត ចិន អាច​ជួប​បញ្ហា​មួយចំនួន​ដូចជា កំណើនសេដ្ឋកិច្ច កម្លាំង​ពលកម្ម​របស់​ប្រជាជន​ជំនួស​ប្រជាជន​ចាស់ៗ ចំណូល​របស់​ជាតិ និង​ការប្រើប្រាស់​ផលិតផល​កាន់តែ​តិចជាង​មុន​ជាដើម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​ហុងកុង South China Morning Post​។ 
 
​បើតាម​ទិន្នន័យ​របស់ ការិយាល័យ​ស្ថិតិ​ជាតិចិន កំណើត​ទារក​ចិន បាន​ធ្លាក់ចុះ​ជា​លំដាប់​ចាប់តាំងពី​១៩៨៩​មក​ម្លេះ ពោលគឺ​ពី​២៤,៣២​លាន​នាក់ មក​ត្រឹម ១៧​លាន​នាក់​នៅក្នុង​ឆ្នាំ​២០១៥​។ បញ្ហា​នេះ ត្រូវបាន​ក្រុម​ជំនាញ​ខាង​ប្រជាសាស្ត្រ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចិន បោះបង់​គោលនយោបាយ​កូន​មួយ​របស់​ចិន (One Child Policy) ដើម្បី​បញ្ចៀស​ផលវិបាក​។ 
 
​នៅក្នុង​ឆ្នាំ​២០១៦ គោលនយោបាយ​កូន​មួយ ត្រូវបាន​បញ្ចប់ ហើយ​អ្នកជំនាញ​ឃើញថា ចំនួន​ទារក គឺមាន​ការកើនឡើង​បន្តិច គឺមាន​ចំនួន​១៧,៨៦​លាន​នាក់ ប៉ុន្តែ​នៅ​ឆ្នាំ​បន្ទាប់ កំណើន​ទារក​នៅតែ​បន្ត​ធ្លាក់ចុះ ហើយ​នៅក្នុង​ឆ្នាំ ២០១៩ កំណើត​ទារក​ចិន គឺមាន​ត្រឹមតែ ១៤,៦៥​លាន​នាក់​ប៉ុណ្ណោះ​។ 
 
​សូមបញ្ជាក់ថា គោលនយោបាយ​កូន​មួយ​របស់​ចិន ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ១៩៨០ ដើម្បី​កាត់បន្ថយ​អត្រាកំណើត​នៅក្នុង​ប្រទេស​ចិន ដែលមាន​ចំនួន​ប្រជាជន​ដ៏​ច្រើនសន្ធឹក ប៉ុន្តែ​ចាប់ពី​ឆ្នាំ ២០១៦ ចិន​បានអនុញ្ញាត​ឲ្យ​ប្រជាជន​អាច​មានកូន​ពីរបាន​វិញ​៕

Tag:
 ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com