ជាតិ
សង្គមជាតិ
កែតម្រូវ៖ កុដិមួយ ក្នុងវត្តខ្មែរអាយុកាលជាង១៣០០ឆ្នាំ នៅកម្ពុជាក្រោម ត្រូវឆេះស្ទើរទាំងស្រុង កុដិអាយុកាលជាង១៣០០ឆ្នាំ ដែលត្រូវភ្លើងឆេះ ក្នុងវត្តបិដកត្យារាម។ រូបពី វិទ្យុសំឡេងខ្មែរកម្ពុជាក្រោម (VOKK)
× ភ្នំពេញ៖ កុដិមួយ ក្នុងវត្តបិដកត្យារាម នៅខេត្តព្រះត្រពាំង ទឹកដីខ្មែរកម្ពុជាក្រោម ត្រូវបានភ្លើងឆាបឆេះស្ទើរទាំងស្រុង កាលពីល្ងាច ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ បើតាមលោក ថាច់ ឡែន ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម អគ្គិភ័យនេះ បានបង្កឱ្យខូចខាតព្រះពុទ្ធរូប សម្ភារ និងវត្ថុ មានតម្លៃជាច្រើន។
មូលហេតុដែលបណ្តាលឱ្យមានភ្លើងឆាបឆេះកុដិនេះ ត្រូវបានគេសង្ស័យថាឆ្លងចរន្តអគ្គិសនី ពីកុដិដទៃ ហើយបន្តឆេះរាលដាលកាន់តែខ្លាំងមកដល់កុដិនេះ។
វិទ្យុសំឡេងខ្មែរកម្ពុជាក្រោម ផ្សាយថា កុដិនេះ សាងសង់ពីឈើ ដំបូលប្រក់ដោយក្បឿងបុរាណ រនាបធ្វើពីឈើ ជញ្ជាំងបាំងដោយក្តារនៅខាងក្នុង និងផ្នែកជាច្រើនទៀត តាមរចនាប័ទ្មខ្មែរពីបុរាណ។
វត្តបិដកត្យារាម ត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទភវវរ្ម័នទី២ ក្នុងឆ្នាំ៦៤១គ.ស. ដែលរហូតមកដល់ពេលនេះ មានអាយុកាលដល់ទៅជាង១៣០០ឆ្នាំហើយ។ ចំណែកអាយុកាលកុដិដែលឆេះនេះ មិនទាន់ការប្រភព អះអាងឲ្យច្បាស់នោះទេ ថាមានអាយុកាលប៉ុនណា។
ប៉ុន្តែ បុរសម្នាក់ឈ្មោះ ធឿង ដែលធ្លាប់បួសក្នុងវត្តវត្តបិដកត្យារាម បានប្រាប់សារព័តមានថ្មីៗតាមទូរស័ព្ទ ថា កុដិដែលឆេះ ត្រូវបានកសាងឡើងនៅសម័យក្រោយៗនេះទេ។ លោកថាប្រហែលជាត្រូវកសាងពីសម័យបារាំង។
កុដិនេះ មើលទៅមានទម្រង់ដូចព្រះវិហារ៕
កុដិ ដែលមិនទាន់ត្រូវភ្លើងឆេះ។ រូបពី វិទ្យុសំឡេងខ្មែរកម្ពុជាក្រោម (VOKK)© រក្សាសិទ្ធិដោយ thmeythmey.com