ជាតិ
សង្គមជាតិ
ករណីព្រួតវាយសិស្សសាលានៅវិទ្យាល័យផ្សារដើមថ្កូវ បញ្ចប់ដោយការអប់រំនិងចុះកិច្ចសន្យាឈប់ប្រព្រឹត្ត
17, Jan 2020 , 7:58 pm        
រូបភាព
រូបភាពពីអគ្គស្នងការនគរបាលជាតិ
រូបភាពពីអគ្គស្នងការនគរបាលជាតិ
ដោយ:
ភ្នំពេញ៖ ករណីក្មេងស្រីជំទង់៤នាក់ ប្រើអំពើហិង្សាទៅលើសិស្សស្រីម្នាក់នៅវិទ្យាល័យផ្សារដើមថ្កូវ បានបញ្ចប់ ដោយអាណាព្យាបាលជនរងគ្រោះយល់ព្រមឲ្យមានត្រឹមការអប់រំណែនាំជនបង្ក និងចុះកិច្ចសន្យាឈប់ប្រព្រឹត្តដូចនោះតទៅទៀត។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៧ខែមករានេះ។



អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់នៅលើគេហទ័ររបស់ខ្លួនថា ក្មេងស្រីជំទង់ដែល ទាំង៤នាក់នេះ បានទទួលស្គាល់កំហុសឆ្គងរបស់ខ្លួន និងបានសុំទោស ហើយឳពុកម្ដាយរបស់ជនរងគ្រោះក៏មិនបានប្ដឹងផ្ដល់តទៅទៀតដែរ។

ជនបង្កទាំងនេះបានព្រមចុះកិច្ចសន្យាមិនប្រព្រឹត្តទង្វើខុសឆ្គងបែបនេះម្ដងទៀត និងទទួលការអប់រំរបស់សមត្ថកិច្ច។ សមត្ថកិច្ចមិនបញ្ជូនសំណុំរឿងទៅតុលាការឡើយ ដោយជនបង្កសុទ្ធតែជាអនីតិជន។ ព័ត៌មានប្រភពពីអគ្គស្នងការដ្ឋាននគរបាលជាតិ មិនបានអះអាងថាមានការបង់សំណងជាប្រាក់ ដើម្បីបញ្ចប់រឿងនេះដែរ។ គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី១៦ ខែមករាឆ្នាំ២០២០ ក្មេងស្រីជំទង់៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ បន្ទាប់ពីបែកធ្លាយវីដេអូឃ្លីប ដែលបង្ហាញថា ពួកគេបានវាយធ្វើបានស្រីជំទង់ម្នាក់ទៀតដែលជាសិស្សវិទ្យាល័យផ្សារដើមថ្កូវ។ វីឌីអូនេះបានបង្កឲ្យមានការចាប់អារម្មណ៍ពីមហាជន ហើយសមត្ថកិច្ច បានស្រាវជ្រាវតាមចាប់ខ្លួនបានភ្លាមៗយកមកសួរនាំអប់រំ តាមបណ្ដឹងភាគីឪពុកម្ដាយខាងក្មេងស្រីរងគ្រោះ ។ អំពើហិង្សានេះកើតឡើងតាំងពីថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៩មកម្លេះ។ ជនបង្កម្នាក់ក្នុងចំណោមនោះ គឺជាសិស្សថ្នាក់ទី៩នៅវិទ្យាល័យនេះដែរ តែ៣នាក់ទៀតគឺជាគ្នីគ្នាដែលក្មេងស្រីរូបនេះហៅមកពីក្រៅសាលា។

ក្នុងករណីនេះដែរ លោក រស់ សុវាចា អ្នកនាំពាក្យនៃក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា ក្រសួងអប់រំបានដាក់ចេញនូវគោលការណ៍សម្រាប់ឲ្យគណៈគ្រប់គ្រងសាលារៀននីមួយៗ អនុវត្តនៅលើសិស្សានុសិស្ស។ ក្នុងករណីមានសិស្សប្រព្រឹត្តិ អំពើអសីលធម៌អ្វីមួយ គណៈគ្រប់គ្រងសាលានឹងណែនាំទៅសិស្សមិនឲ្យប្រព្រឹត្តអំពើនោះតទៅទៀត។ បើសិស្សប្រព្រឹត្តខុសលើកទី២ គណៈគ្រប់គ្រងសាលានឹងពិន័យរដ្ឋបាលដែលមានជាធរមាន។ កាលណាសិស្សដដែលនោះនៅតែប្រព្រឹត្តខុសទៀត សិស្សនោះនឹងត្រូវបានសាលាលុបឈ្មោះចេញពីសាលា។

អ្នកនាំពាក្យនៃក្រសួងអប់រំរូបនេះ បានលើកឡើងដូច្នេះថា៖«ក្រសួងអប់រំ យុវជន និងកីឡា មានការយកចិត្តទុកដាក់ខ្ពស់ទៅលើសុខភាព និងវិន័យរបស់សិស្សានុសិស្សគ្រប់រូប ហើយនិងបុគ្គលិកអប់រំគ្រប់កម្រិតថ្នាក់»។

លោក ខាត់ ពែក នាយកវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ បានបញ្ជាក់ថា ខាងវិទ្យាល័យរបស់លោក មិនមានការដាក់ទោសលើសិស្សដែលបានប្រព្រឹត្តខុសនោះទេ តែបានអប់រំណែនាំ។

បើតាមលោក ខាត់ ពែក ថ្ងៃដែលកើតហេតុគឺចំពេលដែលខាងសាលាជាប់ប្រជុំ ហើយហេតុការណ៍នោះកើតឡើងតាំងពីថ្ងៃទី២៥ ខែឆ្នូ ឆ្នាំ២០១៩ ដោយពុំមានសិស្សណាម្នាក់រាយការណ៍ពីហេតុការណ៍នោះឡើយ៕

Tag:
 វិទ្យាល័យផ្សារដើមថ្កូវ
  សិស្ស
  ហិង្សា
© រក្សាសិទ្ធិដោយ thmeythmey.com