ជាតិ
សង្គមជាតិ
សិស្ស ៣៨នាក់ ដួលសន្លប់ជាបន្តបន្ទាប់នៅវិទ្យាល័យក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សិស្សសាលាសន្លប់ (រូបពីលោកហ៊ឹម គង់)
× ភ្នំពេញ៖ សិស្សវិទ្យាល័យក្រូចឆ្មារ ៣៨នាក់ ស្ថិតនៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានសន្លប់ជាបន្តបន្ទាប់កាលពីល្ងាចថ្ងៃទី១៧ ដល់ថ្ងៃ១៨ មករា ឆ្នាំ២០២០នេះ។ មូលហេតុនៃការសន្លប់នេះមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។
នាយិការរងនៃវិទ្យាល័យក្រូចឆ្មារ លោកស្រី ប្រាក់ សុភាព ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា សិស្សសាលា១២ នាក់ បានសន្លប់កាលពីរសៀលថ្ងៃទី១៧ មករា ឆ្នាំ២០១៩ ដោយមិនដឹងមូលហេតុ។
លុះដល់ព្រឹកថ្ងៃទី១៨ មករានេះ ខណៈពេលគោរពទង់ជាតិ សិស្ស ១៤នាក់ទៀតបានសន្លប់ជាបន្តបន្ទាប់។ បន្ទាប់ពីបញ្ជូនសិស្សដែលសន្លប់ដល់មន្ទីរពេទ្យបង្អែកខេត្ត សិស្ស១២នាក់ផ្សេងទៀត ដែលអមដំណើរដើម្បីជូនសិស្សសន្លប់ទៅពេទ្យនោះ ក៏បានសន្លប់បន្តគ្នាទៀត។
ក្នុងចំណោមសិស្សដែលដួលសន្លប់ទាំង ៣៨នាក់នេះ មានសិស្សប្រុសម្នាក់ដែរ។
ថ្វីបើមូលហេតុជាក់លាក់មិនទាន់ត្រូវបានគេដឹងក៏ដោយ បើតាមលោកស្រី ប្រាក់ សុភាព កាលពីថ្ងៃទី១៧ មករា នៅពេលព្រឹកធាតុអាកាសចុះត្រជាក់ ហើយពេលថ្ងៃក៏ក្ដៅខ្លាំង។
លោកស្រីបន្តថា៖ «គ្រូពេទ្យប្រាប់ថា សិស្សខ្លះខ្វះជាតិស្ករ និងមានសុខភាពខ្សោយ ទើបភិតភ័យសន្លប់បន្តគ្នា។ ប៉ុន្តែបើស្ថានភាពបរិយាកាសនៅសាលា គឺល្អប្រក្រតីធម្មតាទេ»។
នៅត្រឹមម៉ោង១១នេះ សិស្សដែលសន្លប់ទាំងអស់ត្រូវបានជួយសង្គ្រោះ និងកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ៕
សិស្សសាលាសន្លប់ (រូបពីលោកហ៊ឹម គង់)៖
© រក្សាសិទ្ធិដោយ thmeythmey.com