កីឡាជាតិ
ជាតិ
RUPP បើក​ការប្រកួត​កីឡាបាល់ទាត់​ជើងឯក​សាកលវិទ្យាល័យ ដែល​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ចិន​
18, Jan 2020 , 12:50 pm        
រូបភាព
​ភ្នំពេញ​៖ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​បើក​ការប្រកួត​កីឡាបាល់ទាត់​ជ្រើសរើស​ជើងឯក​សាកលវិទ្យាល័យ ដោយមាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ចិន​។ ការប្រកួត​ជ្រើសរើស​ជើងឯក​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នេះ មាន​រយៈពេល​៣​ខែ មាន​ក្រុម​ចំនួន ២០ ចូលរួម​ដែល​មកពី​ដេ​ប៉ា​តឺ​ម៉​ង់​ផ្សេងៗ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។


 
​លោក សោម រតនា សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លើកឡើងថា ការប្រកួត​បាល់ទាត់​នេះ នឹង​ជ្រើសរើស​ជើងឯក​ប្រចាំ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដើម្បី​ទៅ​ប្រកួត​ដណ្ដើម​ពានរង្វាន់​ជា​សាកលវិទ្យាល័យ​ដទៃៗ​ទៀត​។ សាកលវិទ្យាធិការរង​រូបនេះ បញ្ជាក់ថា ការសិក្សា​ផ្សារភ្ជាប់​នឹង​កីឡា ដែល​ធ្វើ​ឲ្យ​និស្សិត​មាន​សុខ​ភាពល្អ និង​មាន​វិន័យ​នៅក្នុង​ខ្លួន ជាពិសេស ក៏​ធ្វើ​ឲ្យ​និស្សិត​មាន​ទំនាក់ទំនង​ជាមួយ​និស្សិត​ដទៃ​នៅក្នុង​សាកលវិទ្យាល័យ​ផងដែរ​។ 
 
​នៅក្នុង​ឆ្នាំនេះ ការប្រកួត​កីឡាបាល់ទាត់​ជ្រើសរើស​ជើងឯក​សាកលវិទ្យាល័យ មានការ​ចូលរួម​ពី​បណ្ដា​ក្រុមហ៊ុន​ចិន ចំនួន ១១​។ លោក Wang HaiTao តំណាង​ក្រុមហ៊ុន Morgan បញ្ជាក់ថា​៖ «​ការឧបត្ថម្ភ​ដល់​វិស័យ​កីឡា​នេះ ដើម្បី ចូលរួម​អភិវឌ្ឍ​ក្នុងប្រទេស​កម្ពុជា​។ ជាក់ស្ដែង ការជ្រើសរើស​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នេះ ដោយសារ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​មួយ ដែល​ល្បី​នៅ​កម្ពុជា​»​។ 
 
​ការប្រកួត​បាល់ទាត់រ​វាង​និស្សិត​នៅក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នេះ មាន​ចំនួន ៤​ពូ​ល គឺ​ពូ​ល A-D ដោយ​ការប្រកួត​នេះ គឺ​ប្រកួត​រៀងរាល់​ចុង​សប្ដាហ៍ ដែលមាន​រយៈពេល ៣​ខែ​។ ជ័យលាភី​លេខ​១ នឹង​ទទួលបាន​ថវិកា ១​ពាន់​ដុល្លារ​, លេខ​២ ចំនួន ៧​រយ​ដុល្លារ​, លេខ​៣ ចំនួន ៥​រយ​ដុល្លារ និង​ជ័យលាភី​លេខ ៤ ទទួលបាន​ថវិកា ៣​រយ​ដុល្លារ​។ 
​សូមបញ្ជាក់ថា សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បានរៀបចំ​ការប្រកួត​បាល់ទាត់​នេះ ជា​រៀងរាល់ឆ្នាំ​ផងដែរ​៕ 


លោក Wang HaiTao តំណាងក្រុមហ៊ុន Morgan


លោក សោម រតនា សាកលវិទ្យាធិការរងនៃ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

























Tag:
 បាល់ទាត់​
  RUPP
  សោម រតនា​
© រក្សាសិទ្ធិដោយ thmeythmey.com