អត្ថបទពាណិជ្ជកម្ម
កម្ពុជា ដាក់​ឲ្យ​ប្រើប្រាស់​មជ្ឈមណ្ឌល​ជាតិ​ត្រួតពិនិត្យ​គុណភាព​ឧបករណ៍ និង​បរិក្ខារ​បង្ការ និង​ពន្លត់​អគ្គិភ័យ និង​វិទ្យាស្ថាន​ជាតិ សុវត្ថិភាព និង​ពន្លត់​អគ្គិភ័យ​
18, Jan 2020 , 3:17 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មជ្ឈមណ្ឌល​ជាតិ​ត្រួតពិនិត្យ គុណភាព​ឧបករណ៍ សម្ភារៈ​បរិក្ខារ បង្ការ និង​ពន្លត់​អគ្គិភ័យ និង​វិទ្យាស្ថាន​ជាតិ សុ​វត្តិភាព និង​ពន្លត់​អគ្គិភ័យ បាន​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១៧ មករា​នេះ​។ មជ្ឈមណ្ឌល និង​វិទ្យាស្ថាន​នេះ នឹង​ផ្ដល់ជូន​ការត្រួតពិនិត្យ​តាម​ស្ដង់ដា ដើម្បី​ធានាបាន​នៅ​សុវត្ថិភាព និង​ចែករំលែក​ចំណេះដឹង​ជូន​ដល់​ប្រជាជន​កម្ពុជា​ឲ្យ​មានការ​យល់ដឹង​បន្ថែម​ពី​វិធី​ប្រើប្រាស់ សម្ភារ បរិក្ខារ ពន្លត់​អគ្គិភ័យ​។​
 
​ក្នុង​ពិធី​សម្ពោធ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​លោក នាយ​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ឌឿ​ន អគ្គ​ស្នងការរង​នគរបាលជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​មន្ត្រី​ជាច្រើនរូប​របស់​នគរ​បាល​ជាតិ​។​
 
​ក្នុងឱកាស​នេះ លោក នាយ​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ឌឿ​ន បាន​មានប្រសាសន៍ថា​៖ «​ខ្ញុំ​សូម ជម្រាបជូន​ថា មជ្ឈមណ្ឌល​ជាតិ​ត្រួតពិនិត្យ គុណភាព​ឧបករណ៍ សម្ភារ បរិក្ខារ បង្ការ និង​ពន្លត់​អគ្គិភ័យ ដែលមាន​ប្រកាស​ទទួលស្គាល់​ពី​ក្រសួងមហាផ្ទៃ បាន​ដំឡើង​មន្ទីរពិសោធន៍​ជា​លើកដំបូង មាន​សមត្ថភាព​ធ្វើការ​ពិសោធន៍​រាល់​ផលិតផល​បង្ការ និង​ពន្លត់​អគ្គិភ័យ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ខ្ញុំ​ជឿជាក់ថា មជ្ឈមណ្ឌល​នេះ នឹង​សហការ​ផ្ទាល់​ជាមួយ​អង្គភាព​នគរបាល​ជាតិ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ក្នុងការ​ត្រួតពិនិត្យ​ការ​នាំចូល​ផលិតផល និង​ការ​ចែកចាយ​ផលិតផល​បង្ការ និង​ពន្លត់​អគ្គិភ័យ ឱ្យបាន​ហ្មត់ចត់​។ ហើយ​បច្ចុប្បន្ននេះ មជ្ឈមណ្ឌល​នេះ មានលទ្ធភាព​ពិសោធន៍​រាល់​ផលិតផល​បង្ការ និង​ពន្លត់​អគ្គិភ័យ​បាន​ចំនួន​១១​ប្រភេទ​។​


 
​លោក នាយ​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ឌឿ​ន បាន​បន្តថា​៖ «​វិទ្យាស្ថាន​ជាតិ សុ​វត្តិភាព និង​ពន្លត់​អគ្គិភ័យ ដែលមាន​ប្រកាស​ទទួលស្គាល់​ពី​ក្រសួងមហាផ្ទៃ បាន​ដំឡើង​សាល​សិក្សា​បណ្ដុះបណ្ដាល​មុខជំនាញ​បង្ការ និង​អគ្គិភ័យ​ជា​លើកដំបូង ដែលមាន​សមត្ថភាព​ទ​ទួល​សិក្ខាកាម​ចំនួន ១០០​នាក់​ក្នុង​១​វគ្គៗ​។ តាម​ទស្សនវិស័យ​នាពេលខាងមុខ គឺ​ផែនការអភិវឌ្ឍន៍ នឹង​កសាង​សាកលវិទ្យាល័យ​សុវត្ថិភាព​អគ្គិភ័យ ដែល​រួមមាន​៖ កម្រិត​វិស្វករ​អគ្គិភ័យ ស្ថាបត្យករ​អគ្គិភ័យ វិស្វករ​សំណង់​ស៊ីវិល​អគ្គិភ័យ វិស្វករ​មេកានិច វិស្វករ​អគ្គិសនី វិទ្យាសាស្ត្រ​អគ្គិភ័យ វិស្វករ​សុវត្ថិភាព​អគ្គិភ័យ​»​។​
 
​ការសម្រេច​បង្កើតឡើង​នូវ​មជ្ឈមណ្ឌល និង​វិទ្យាស្ថាន​ខាងលើ​របស់​ក្រុមហ៊ុន CFE ដែល​កិច្ចខិតខំ​ប្រឹងប្រែង​នេះ ពិតជា​បានរួម​ចំណែក​ជួយ​ព​ង្រឹ​ក​ការងារ​បង្ការ និង​ពន្លត់​អគ្គិភ័យ ស្របពេល​ដែល​យើង​កំពុងតែ​ប្រឈម​ជាមួយ​កង្វះខាត​បច្ចេកទេស ក្នុងការ​ត្រួតពិនិត្យ​លើ​ឧក​រណ៍ បរិក្ខារ​ដែល​បាន​នាំចូល​ពី​បរទេស ហើយ​កំពុងតែ​ចរាចរណ៍​ដាក់លក់​ទូទាំងប្រទេស ក៏ដូចជា​កង្វះខាត​ការយល់ដឹង​អំពី​លក្ខខណ្ឌ វិធានការ បង្ការ និង​ពន្លត់​អគ្គិភ័យ កង្វះ​អ្នកបច្ចេកទេស​ជំនាញ និង​វិទ្យាស្ថាន​បណ្ដុះបណ្ដាល ដើម្បី​ធ្វើជា​ថ្នាល​សាប​ព្រួស បណ្ដុះ​នូវ​ចំណេះដឹង​ទាំងនេះ​ឲ្យ​បាន​ទូលំទូលាយ សម្ដៅ​សម្រេច​ឲ្យ​បាន​តាម​គោលដៅ​ចុងក្រោយ​គឺ «​យើង​រួមគ្នា​បង្ការ និង​ពន្លត់​អគ្គិភ័យ​»៕
















 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com