កីឡាជាតិ
ជាតិ
ប្រធានគណៈកម្មការស្ត្រី និងកីឡា៖ បុរសៗ ត្រូវលើកទឹកចិត្តស្ត្រីឲ្យចូលរួមក្នុងវិស័យកីឡា លោកស្រី កុយ ពិសី ប្រធានគណៈកម្មការស្ត្រីនិងកីឡានៃ NOCC, រូបភាពពី Cambodian SEA Games 2023
× អ្នកស្រី កុយ ពិសី ប្រធានគណៈកម្មការស្ត្រី និងកីឡា នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកទឹកចិត្តស្ត្រីឲ្យចូលរួមលេងកីឡា និងហាត់ប្រាណឲ្យបានច្រើន ដើម្បីពង្រឹងសុខភាព និងកាត់បន្ថយការចំណាយ។ អ្នកស្រី ក៏ស្នើឲ្យបុរសៗជួយជំរុញ និងលើកទឹកចិត្តស្ត្រី ឲ្យប្រឡូកក្នុងវិស័យកីឡាផងដែរ។
នាសន្និសីទសារព័ត៌មាន ស្តីពីទិវារត់ប្រណាំងស្ត្រីចម្ងាយ១០គីឡូម៉ែត្រ កាលពីថ្ងៃទី១២ ខែមករា អ្នកស្រី កុយ ពិសី ប្រធានគណៈកម្មការស្ត្រី និងកីឡា នៃគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា បានជំរុញ និងលើកទឹកចិត្តស្ត្រី ឲ្យចូលរួមលេងកីឡា និងហាត់ប្រាណឲ្យបានច្រើន ជាពិសេសចូលរួមរត់ប្រណាំងស្ត្រីចម្ងាយ១០គីឡូម៉ែត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ រៀបចំឡើង ដើម្បីអបអរទិវាបុណ្យសិទ្ធិនារី ៨មីនា និងចូលរួមបំផុសចលនាឲ្យប្រជាពលរដ្ឋ ចេះថែរក្សាបរិស្ថាន និងលើកកម្ពស់យេនឌ័រ។ វាក៏ជាផ្នែកមួយ នៃការពង្រឹង និងអភិវឌ្ឍវិស័យកីឡារត់ប្រណាំង ដើម្បីឈានឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ផងដែរ។
ទន្ទឹមនឹងជំរុញឲ្យស្ត្រីៗចូលរួមក្នុងវិស័យ ឬសកម្មភាពកីឡាឲ្យបានច្រើន អ្នកស្រី ពិសី ក៏ស្នើទៅបុរសៗ ជួយជំរុញ និងលើកទឹកចិត្តស្ត្រី ឲ្យប្រឡូកក្នុងវិស័យកីឡាដែរ ព្រោះប្រសិនបើស្ត្រីមានសុខភាពមិនសូវល្អវិញនោះ វាក៏នឹងជះឥទ្ធិពលអាក្រក់ដល់គ្រួសារ សង្គម និងប្រទេសជាតិវិញ។ រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ លើកឡើងថា៖«ស្ត្រីមិនគួរទទួលបានការរារាំង ឬហាមឃាត់ពីបុរស ក្នុងការប្រឡូកក្នុងវិស័យកីឡានោះឡើយ ផ្ទុយទៅវិញពួកគេគួរទទួលបានការជំរុញនិងលើកទឹកចិត្តពីបុរស។ សម្រាប់ស្ត្រីខ្លួនឯងទៀតសោតត្រូវហ៊ានជម្នះធ្វើនូវអ្វី ដែលជាចំណង់ចំណូលចិត្តរបស់ខ្លួន»។
រូបភាពពី Cambodia SEA Games 2023
សូមជម្រាបថា ព្រឹត្តិការណ៍រត់ប្រណាំងស្ត្រី៨មីនា មានពីរវិញ្ញាសា គឺរត់ចម្ងាយ១០គីឡូម៉ែត្រ និង៤គីឡូម៉ែត្រ។ សម្រាប់តម្លៃចុះឈ្មោះជនបរទេស ត្រូវចំណាយ២០ដុល្លារ និងកម្ពុជា១២ដុល្លារ សម្រាប់វិញ្ញាសារត់ចម្ងាយ១០គីឡូម៉ែត្រ និងបរទេស១៥ដុល្លារ និងកម្ពុជា៧ដុល្លារ សម្រាប់វិញ្ញាសារត់ចម្ងាយ៤គីឡូម៉ែត្រ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អះអាងថា ថវិកាដែលទទួលបានពីចុះឈ្មោះចូលរួម គឺប្រើប្រាស់លើការរៀបចំកម្មវិធី និងទិញសម្ភារផ្សេងៗដែលបម្រើឲ្យការរត់របស់កីឡាករ កីឡាការិនី និងការចំណាយផ្សេងៗទៀត។ ថវិកាដែលនៅសេសសល់ គណៈកម្មការរៀបចំ នឹងយកទៅចូលរួមក្នុងសកម្មភាពសប្បុរសធម៌ និងសង្គមនានា។ នេះបើតាមលោក វ៉ាត់ ចំរើន ដែលបន្តរំពឹងថា ព្រឹត្តិការណ៍រត់ប្រណាំងស្ត្រីចម្ងាយ១០គីឡូម៉ែត្រ លើកទី៣ឆ្នាំនេះ នឹងអាចទាក់ទាញអ្នកចូលរួមជាតិ និងអន្តរជាតិ ប្រមាណ៥ពាន់នាក់៕
រូបភាពពី Cambodia SEA Games 2023
Tag:
រត់ប្រណាំង
កុយ ពិសី
វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com