អត្ថបទ៖ ស៊ីធី
ខុន ស៊ីចាន់ ជាកីឡាករគុនចម្រុះតែម្នាក់គត់ ដែលនឹងបង្ហាញខ្លនលើសង្វៀនលំដាប់ពិភពលោក ONE Championship នៅឆ្នាំ២០២០នេះ។ អ្នកលេងគុនចម្រុះកម្ពុជាចាស់វស្សារូបនេះ ត្រូវប៉ះម្ចាស់ផ្ទះឥណ្ឌូណេស៊ី Eko Roni Saputra នៅថ្ងៃទី៧ ខែកុម្ភៈ ក្នុងកម្មវិធី ONE: WARRIOR’S CODE ដែលធ្វើឡើងនៅក្រុងហ្សាការតា។
ដើម្បីត្រៀមខ្លួនបានកាន់តែល្អ និងទទួលបានជ័យជម្នះត្រលប់មកវិញ ក្រោយរងបរាជ័យពីរលើកជាប់គ្នានៅឆ្នាំ២០១៩ កីឡាករមកពីឧត្តរមានជ័យរូបនេះ បានឡើងមកហាត់ត្រៀមនៅភ្នំពេញ នាដើមខែមករានេះ។
លោក Fernando Salvador បានបង្ហើបថា៖«អ្វីដែលយើងធ្វើ គឺត្រៀមខ្លួនឲ្យល្អប្រសើរឡើង។ យើងបង្ហាត់ការបង្កើនកម្លាំង, ភាពអំណត់, ភាពរហ័សរហួន និងកម្លាំងស៊ុហ្វជាដើម មុនពេលជួបកីឡាករឥណ្ឌូណេស៊ី។ យើងមានការហ្វឹកហាត់ត្រឹមត្រូវ រួមទាំងសម្ភារទំនើបពីសំណាក់ដៃគូសហការរបស់យើង។ យើងហាត់នៅ The Place Gym រៀងរាល់ថ្ងៃ ទៅតាមកាលវិភាគដែលបានគ្រោងទុក»។
គ្រូបង្វឹកសញ្ជាតិអាមេរិករូបនេះ គូសបញ្ជាក់ទៀតថា៖«ក្រៅពីយកចិត្តទុកដាក់ហ្វឹកហាត់ យើងរៀបចំរបៀបតមអាហារផងដែរ។ យើងមានដៃគូហ្វឹកហាត់ក្នុងប្រទេស និងក្រៅប្រទេស មកជួយ។ ពួកគេជាដៃគូហ្វឹកហាត់កម្រិតខ្ពស់ ដើម្បីជួយឡាំ និងសមប្រកួតជាមួយ ស៊ីចាន់ រាល់ថ្ងៃ។ យើងពិតជាចង់ឈ្នះការប្រកួតលើកនេះ»។
ក្នុងកំណត់ត្រាប្រកួតកាលឆ្នាំ២០១៩ ម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge ឆ្នាំ ២០១៣ ចាញ់កីឡាករឥណ្ឌូណេស៊ី Rudy Agustian ត្រឹមទឹកទី១ កាលខែកុម្ភៈ ក្នុងកម្មវិធី ONE : CALL TO GREATNESS មុនពេលចាញ់ក្រោមថ្វីដៃកីឡាករឥណ្ឌា Roshan Mainam ត្រឹមទឹកទី១ ដូចគ្នា កាលដើមខែ វិច្ឆិកា ឆ្នាំ ២០១៩។ ទោះជាយ៉ាងនេះក្តី លោក Fernando សង្កត់ធ្ងន់ថា៖«ខ្ញុំនឹងអភិវឌ្ឍផែនការលើសង្វៀនសម្រាប់ ខុន ស៊ីចាន់ ដើម្បីឈ្នះការប្រកួតលើកនេះ ឲ្យខាងតែបាន។ យើងពិតជាចង់ឈ្នះការប្រកួតនេះ។ យើងបង្វឹក ស៊ីចាន់ ឲ្យកាន់តែខ្លាំងឡើងៗ»។
ក្នុងដំណើរហ្វឹកហាត់នេះ លោក Randy Fadlila ប្រធានផ្នែកទីផ្សាររបស់ក្លិបហាត់ប្រាណ The Place Gym បានថ្លែងអំពីការជួយសម្រួលបែបនេះ៖«ខ្ញុំចង់ជួយឲ្យ ស៊ីចាន់ ហាត់បានល្អ និង មានលទ្ធផលល្អ ហើយក៏ជាការរួមចំណែកក្នុងវិស័យកីឡាផងដែរ។ ក្លិបរបស់យើង នឹងបន្តជួយសម្រួលដល់ការហ្វឹកហាត់សម្រាប់ ស៊ីចាន់ មិនត្រឹមតែប្រកួតដើមខែកុម្ភៈ នោះទេ ប៉ុន្តែ យើងអាចបន្តជួយសម្រួល ពេលមានការប្រកួតលើកក្រោយៗទៀត»។
ទន្ទឹមគ្នានេះលោក កង សុវណ្ណារ៉ា នាយកក្រុមហ៊ុន Mega De Roux ក៏បានចូលខ្លួនមកជួយជ្រោមជ្រែងដល់ ខុន ស៊ីចាន់ ដែរនោះបញ្ជាក់បែបនេះ៖«គេចូលរួមចំណែកផ្សេង ខ្ញុំចូលរួមចំណែកផ្សេង។ ខាងខ្ញុំជួយសម្រួលដល់ការស្នាក់នៅ ការហូបចុក និងការធ្វើដំណើររបស់ស៊ីចាន់ ក្នុងការចេញទៅប្រកួតនេះ។ នេះជាការរួមចំណែកសម្រាប់កីឡាករជាតិ ដើម្បីលទ្ធផលល្អលើឆាកអន្តរជាតិ»។
កុំភ្លេចទស្សនា កម្មវិធីបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: A NEW TOMORROW នៅថ្ងៃទី ១០ ខែ មករា ចាប់ពីវេលាម៉ោង ៧ ល្ងាចតទៅ ដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕