ស្វីសជាប់ជាប្រទេសដែលល្អជាងគេលើពិភពលោក សម្រាប់រយៈពេល៤ឆ្នាំជាប់ៗគ្នា។ នេះបើតាមចំណាត់ថ្នាក់ World’s Best Countries ក្នុងរបាយការណ៍ U.S. News & World Report សម្រាប់ឆ្នាំ២០២០ ។
របាយការណ៍ U.S. News & World Report មានការចូលរួមស្ទង់មតិពីមនុស្សប្រមាណ២ម៉ឺននាក់ ដែលជាអ្នកដឹកនាំ អ្នកជំនួញ និងពលរដ្ឋពី៣៦ប្រទេស។ ពួកគេបានវាយតម្លៃលើប្រទេសចំនួន៧៣ តាមរយៈការផ្តល់ពិន្ទុលើគុណភាពជីវិត សហគ្រិនភាព ឥទ្ធិពលសេដ្ឋកិច្ច វប្បធម៌ អំណាច ការអប់រំ បរិស្ថាន និងភាពរួសរាយរាក់ទាក់ផ្សេងៗ។ ស្វីស បន្តជាប់ចំណាត់ថ្នាក់លេខ១ រយៈពេល៤ឆ្នាំជាប់គ្នា ខណៈកាណាដា ដណ្តើមបានចំណាត់ថ្នាក់លេខ២ ពីជប៉ុន។
ប្រទេស២០ដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុង World’s Best Countries 2020 រួមមាន ស្វីស, កាណាដា, ជប៉ុន, អាល្លឺម៉ង់, អូស្ត្រាលី, អង់គ្លេស, សហរដ្ឋអាមេរិក, ស៊ុយអែត, ហូឡង់, ន័រវេស, នូវែលសេឡង់, បារាំង, ដាណឺម៉ាក, ហ្វាំងឡង់, ចិន, សិង្ហបុរី, អ៊ីតាលី, អូទ្រីស, អេស្ប៉ាញ និងកូរ៉េខាងត្បូង។
ក្រៅពីនេះ មាន រុស្ស៊ី (លេខ២៣), ឥណ្ឌា (លេខ២៥), ថៃ (លេខ២៦), ម៉ាឡេស៊ី (លេខ៣២), ឥណ្ឌូណេស៊ី (លេខ៤១), វៀតណាម (លេខ៤៣), ហ្វីលីពីន (លេខ៤៥), មីយ៉ាន់ម៉ា (លេខ៥៧)។ កម្ពុជា, ឡាវ និង ព្រុយណេ មិនមាននៅក្នុងបញ្ជីនៃចំណាត់ថ្នាក់នេះឡើយ។
ប្រទេសដែលស្ថិតនៅបាតតារាងទាំង១០នោះ រួមមាន លីបង់, ស៊ែប៊ី, អូម៉ង់, បេឡារុស, ទុយនីស៊ី, អ៊ុយក្រែន, ហ្គាណា, កាហ្សាក់ស្ថាន, ហ្គាតេម៉ាឡា និងហ្ស៊កដានី៕