ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កសិករ​នៅ​បន្ទាយស្រី រអ៊ូ​ពី​តម្លៃ​ស្វាយកែវ​រមៀត​ចុះថោក​, មន្ត្រី​ថា​ទីផ្សារ​ខាងក្រៅ​មិន​ទៀង​
18, Jan 2020 , 9:59 pm        
រូបភាព
​សៀមរាប​៖ ស្វាយកែវ​រមៀត ជា​ប្រភេទ​ស្វាយ​ដែល​ងាយ​ដាំ​ដុះ ងាយ​បាន​ផល និង​អាចឱ្យ​ផល​លើសពី​មួយដង​ក្នុង​មួយឆ្នាំ​។ ដោយសារ​កត្ដា​នេះហើយ ទើប​ប្រជាកសិករ​ខ្មែរ​កាន់តែច្រើន ងាក​មក​ដាំ​ដុះ​ប្រភេទ​ស្វាយ​នេះ​។ ស្រុក​បន្ទាយស្រី ដែល​គេ​ស្គាល់​ថា​ជា​ដែនដី​កសិកម្ម​ដ៏​ធំ​មួយ​ក្នុង​ខេត្តសៀមរាប ក៏មាន​ដីចម្ការ​ស្វាយកែវ​រមៀត​នេះ​ច្រើន​ដែរ​។ នៅ​ខែ​នេះ កសិករ​បាន​ផ្តើម​ប្រមូល​ផល​ជា​បណ្ដើរៗ តែ​តម្លៃ​មិនសូវ​ល្អ​ប៉ុន្មាន​ទេ​។ កសិករ​ប្រមូល​បេះ​លក់​ឱ្យ​ឈ្មួញ​ទាំង​បង្ខំចិត្ត​ទទួលយក​តម្លៃ​ទាប ដោយសារ​បារម្ភ​ខ្លាច​ស្វាយ​ទុំ​ជ្រុះ​ចោល​ឥតអំពើ​។ មន្ត្រី​បាន​និយាយថា ទីផ្សារ​កែវ​រមៀត​នៅ​ស្រុក​បន្ទាយស្រី គឺ​ពឹង​លើ​ទីផ្សារ​ក្នុងស្រុក​មួយផ្នែក ក្រៅពីនោះ​គឺ​ការនាំចេញ​ប្រទេស​ថៃ និង​ទីផ្សារ​ប្រទេស​វៀតណាម ហើយ​ទីផ្សារ​នេះ​ឡើង​ចុះ​មិន​ទៀង​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​អ្នកនាង អ៊ី​សា រ៉​ហា​នី នឹង​លម្អិត​ពី​ព័ត៌មាន​នេះ​៖



 
​នៅក្នុង​ចម្ការ​មួយកន្លែង កម្មករ​ប្រមាណ​ជិត​១០​នាក់ ខ្លះ​កំពុង​លើក​កញ្ច្រែង​ស្វាយ​ឡើង​ឡាន ខ្លះ​កំពុង​មើល​ភ្នែក​ជ​ញ្ជី​ញ និង​ខ្លះទៀត​កំពុង​ស្រាយ​ថង់​ដែល​វេច​ខ្ចប់​ផ្លែស្វាយ​កែវ​រមៀត​តូចធំ ដែលមាន​ទម្ងន់​ចន្លោះ​ពី​៣​ខាំ​ទៅ​កន្លះ​គីឡូក្រាម​ក្នុង​មួយ​ផ្លែ​។ ធ្វើការ​បណ្ដើរ ជជែក​គ្នា​លេង​បណ្ដើរ កម្មករ​ក្នុង​ចម្ការ​ស្វាយបាន​បន្លឺសំឡេង​ឭៗ តែ​វា​មិន​ដូច​អារម្មណ៍​ពិត​ពួកគេ​ឡើយ​។ ទាំង​កម្មករ និង​កសិករ​ម្ចាស់​ចម្ការ បាន​រអ៊ូ​ពី​តម្លៃ​ស្វាយ​ចុះថោក ខណៈដែល​តម្លៃ​ពលកម្ម និង​ថ្នាំ​ជី​ផ្សេងៗ​មានតម្លៃ​ខ្ពស់​។​
 
​កំពុង​អង្គុយ​មើល​កម្មករ​លើក​ថ្លឹង​ស្វាយ លោក សុខ ណារិន អាជីវករ​ប្រមូល​ទិញ​ស្វាយកែវ​រមៀត​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ក្រុង​សៀមរាប ប្រាប់ថា តម្លៃ​ស្វាយ​ប្រមូល​ទិញ​នា​រដូវ​នេះ គឺ​ប្រភេទ​វេច​ខ្ចប់​ថ្លៃ​១២០០​រៀល ទៅ​១៣០០​រៀល​ក្នុង​មួយ​គីឡូក្រាម ខណៈដែល​ឆ្នាំទៅ​លោក​ប្រមូល​ទិញ​ក្នុងតម្លៃ​២៥០០​រៀល ទៅ​៣០០០​រៀល​។ ជា​កសិករ​ដែលមាន​ចម្ការ​ស្វាយ​១០​ហិកតា​ដែរនោះ លោក ណារិន ក៏បាន​រអ៊ូ​ពី​រឿង​តម្លៃ​ចុះថោក​ដែរ​។ លោក​ប្រាប់ថា កសិករ​ជា​អ្នក​ដាំ​លែង​ចង់​ដាំ​ស្វាយ​នេះ​ទៀតហើយ នៅពេល​តម្លៃ​ចុះថោក​ពេក​។ លោក ណារិន បាន​បន្ទោស​រាជរដ្ឋាភិបាល ដែល​មិនបាន​ជួយ​ដោះស្រាយ​បញ្ហា និង​រក​ទីផ្សារ​ឱ្យ​កសិករ ខុសពី​ប្រទេសជិតខាង​ដែលមាន​ទីផ្សារ​ល្អ មិនឱ្យ​កសិករ​លំបាក​។ 


 
​ចំណែក​កសិករ​មួយរូប​ទៀត ដែលមាន​ដីចម្ការ​ស្វាយ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រង្វង់​មូល​បន្ទាយស្រី​-​ភ្នំ​គូលែន គឺ​លោក អេង​។ កសិករ​រូបនេះ​ក៏​បង្ហាញ​អារម្មណ៍​មួរ​ម៉ៅ​ចំពោះ​តម្លៃ​ទីផ្សារ​កែវ​រមៀត​របស់ខ្លួន ដែល​លក់បាន​ត្រឹម​៦០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ប៉ុណ្ណោះ នៅពេល​ឆ្នាំ​ទៅមុន​លក់បាន​ក្នុងតម្លៃ​ជាង​១​ពាន់​រៀល ទៅ​២​ពាន់​រៀល​។ ស្វាយ​លោក អេង មិនបាន​វេច​ខ្ចប់​ថង់​ដូច​គេ​ទេ ទើប​លក់បាន​ក្នុងតម្លៃ​បែបនេះ​។ តម្លៃ​នេះ ធ្វើឱ្យ​កសិករ​ដែល​ជួល​ដើម​គេ ត្រូវ​ខាត​ប្រាក់​និង​កម្លាំង​ពលកម្ម​ច្រើន រីឯ​អ្នកមាន​ចម្ការ​ខ្លួនឯង បាន​មួយ​រួចខ្លួន​។ កសិករ​ខ្លះ​ត្រូវ​ជួល​ដើម​គេ ក្នុងតម្លៃ​ចាប់ពី​៣​ទៅ​៥​ដុល្លារ​ក្នុង​មួយ​ដើម គឺ​ទៅតាម​ប្រភេទ​ស្វាយ​តូចធំ​។ នេះ​ជាការ​លើកឡើង​របស់លោក អេង​។​
 
​លោក អេង ប្រាប់ថា​រាល់​ឆ្នាំមាន​ឈ្មួញ​ពី​វៀតណាម ទីផ្សារ​ពី​ប្រទេស​ថៃ ហើយ​ទីផ្សារ​ក្នុងស្រុក​ក៏មាន​ច្រើន​ដែរ តែ​ឆ្នាំនេះ​រៀង​ស្ងាត់​។ ឈ្មួញ​វៀតណាម​ខ្លះ សម្រេច​ចោល​ប្រាក់​កក់​ច្រើន​កន្លែង ដោយ​មិនបាន​ចុះ​ប្រមូល​បេះ​ស្វាយ​កសិករ​ខ្មែរ​ទេ ការណ៍​នេះ​ធ្វើឱ្យ​កសិករ​ខ្មែរ​បេះ​លក់​ស្វាយ​ឱ្យ​ឈ្មួញ​ក្នុង​តម្លៃថោក​។ លោក​បន្ថែមថា​៖« រាល់​ឆ្នាំ​បាន​ថ្លៃ វៀតណាម​ទិញ តែ​ឆ្នាំនេះ​អត់​ទិញ កក់ ខ្ចប់​ហើយ​ចោល​ទាំង​លុយ​ទៀត អត់​បេះ រាល់​ឆ្នាំ​វៀតណាម​ទិញ​នាំទៅ​ចិន​...​ឆ្នាំមុនៗ​ប្រជែង​គ្នា​ទិញ​ច្រើន​»​។ 
 
​មាន​ដើមកំណើត​នៅ​ខេត្តកំពត និង​បានមក​រស់នៅ​លើទឹក​ដី​ស្រុក​បន្ទាយស្រី​នេះ​តាំងពី​ឆ្នាំ​១៩៩៧​មក ចម្ការ​លោក អេង មាន​ដំណាំ​ចម្រុះ​ច្រើន ដូចជា​ស្វាយ ខ្នុរ ស្វាយចន្ទី​។​ល​។ ដ្បិតថា ស្វាយកែវ​រមៀត​ធ្លាក់​ថ្លៃ​ក៏ពិតមែន តែ​កសិករ​លោក អេង ប្រាប់ថា រង់ចាំ​ក្រែង​ឆ្នាំក្រោយៗ​មាន​ទីផ្សារ​ល្អ​ឡើងវិញ និង​មិន​គិត​ខ្លី​កាប់​ដើម​ស្វាយ​ចោល​ដាំ​ដំណាំ​ផ្សេង​ឡើយ ព្រោះ​ខ្លួន​កាន់តែ​ចាស់​ហើយ​។ យ៉ាងណា ដ្បិតថា​មិន​កាក់កប​នឹង​ស្វាយកែវ​រមៀត តែ​ស្វាយ​ផ្អែម​របស់លោក អេង លក់បាន​តម្លៃ​ថ្លៃ​។ 


 
​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប លោក ភឿន គឹម​លី បានឱ្យដឹងថា នៅ​ខេត្តសៀមរាប​មិនទាន់មាន​កន្លែង​ប្រមូល​ទិញ​ផលិតផល​ស្វាយ​នៅឡើយ ដែល​បច្ចុប្បន្ន​ខាង​លោក​កំពុងធ្វើការ​ដើម្បី​ចង់ភ្ជាប់​កិច្ចការ​នេះ​ទៅ​រោងចក្រ​នៅតាម​បណ្ដា​ខេត្ត​ដទៃ ក្នុង​បំណង​នាំយកទៅ​ទីផ្សារ​កូរ៉េ​។ បច្ចុប្បន្ន ទីផ្សារ​ស្វាយកែវ​រមៀត​នៅ​ស្រុក​បន្ទាយស្រី គឺ​ពឹង​លើ​ទីផ្សារ​នាំ​ចេញទៅ​ប្រទេស​ថៃ ទៅ​វៀតណាម និង​ទីផ្សារ​ក្នុងស្រុក​។ លោក គឹម​លី ក៏​យល់ថា​ប្រហែល​ទីផ្សារ​នាំទៅ​ប្រទេស​ចិន​ហាក់​ស្ងប់ស្ងាត់​បន្ដិច ទើប​បណ្ដាលឱ្យ​ឈ្មួញ​មិនបាន​ប្រមូល​ទិញ តែ​ក្នុងនោះ​លោក​យល់ថា ប្រហែល​ស្វាយ​កសិករ​ខ្មែរ​នៅ​ខ្វះ​ស្ដង់​ដាំ​នាំចេញ​បន្ដិច​ក៏​ថា​បាន​។ ចំណុច​នេះ មន្ទីរ​ពាណិជ្ជកម្ម​ក៏​កំពុងធ្វើការ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ទៅ​រោងចក្រ​កែច្នៃ​នៅ​ខេត្តកំពង់ចាម ហើយ​នៅពេល​ការងារ​នេះ​ដំណើរ​ការល្អ ផលិតផល​ទាំងអស់​នឹង​កែច្នៃ​បាន​ច្រើន​មុខ ដោយ​មិន​ពឹង​លើ​ទីផ្សារ​នាំចេញ​តែមួយ​ឡើយ​។​
 
​ឆ្លើយតប​ទៅនឹង​ការលើកឡើង​ពី​អាជីវករ​ខ្លះ​ដែល​និយាយថា តម្លៃ​ស្វាយកែវ​រមៀត​ទាក់ទង​នឹង​ការធ្លាក់ចុះ​នូវ​ចំនួន​ភ្ញៀវទេសចរ លោក គឹម​លី ពន្យល់ថា បញ្ហា​នេះ​គ្រាន់តែ​មួយផ្នែក​តូច​តែប៉ុណ្ណោះ តែ​វា​ទាក់ទង​នឹង​បញ្ហា​សេដ្ឋកិច្ច​ក្រៅប្រទេស​ខ្លាំង​ជាង​។ បរិយាកាស ឬ​ស្ថានការណ៍​ពី​ខាងក្រៅ មាន​ឥទ្ធិពល​មិនល្អ​មកលើ​ទីផ្សារ​សេដ្ឋកិច្ច​នៅ​កម្ពុជា​៕







Tag:
 ស្វាយកែវ​រមៀត​
  ស្វាយ​
  បន្ទាយស្រី​
© រក្សាសិទ្ធិដោយ thmeythmey.com