ជាតិ
​ក្រុមហ៊ុន​មួយ វិនិយោគ​លើ​ការដាំ​ឈើ​៣០​លាន​ដើម នៅ​ក្រចេះ និង​ស្ទឹងត្រែង​
19, Jan 2020 , 8:59 am        
រូបភាព
រោងចក្រកែច្នៃឈើ។ រូបថត៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន។​
រោងចក្រកែច្នៃឈើ។ រូបថត៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន។​
​ភ្នំពេញ​៖ ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេ​ក (​ខេ​ម​បូ​ឌា​) ទទួលបាន​ដី​៣,៤ ​ម៉ឺន​ហិកតា នៅ​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​ពី​រដ្ឋាភិបាល សម្រាប់​ដាំ​ដើមឈើ​៣០​លាន​ដើម​។ ការដាំ​ដើមឈើ​នេះ គឺមាន​លក្ខណៈ​ជា​ឧស្សាហកម្ម ដែល​នឹង​ចាប់ផ្តើម​ដាំ​នៅ​ខែឧសភា ឆ្នាំ​២០២០ ដល់​២០២២​។ ការវិនិយោគ​នេះ ត្រូវបាន​ក្រសួងបរិស្ថាន​អះអាងថា ជាការ​វិនិយោគ​ចម្ការ​ឈើ ដែល​ជួយ​កាត់បន្ថយ​ការនាំ​ចូល​វត្ថុធាតុដើម​កែច្នៃ​ពី​បរទេស និង​បង្កើត​ប្រភព​ឈើ​ប្រើប្រាស់​ប្រកបដោយ​និរន្តរភាព​។

 
​លោក លូ ឈូ​ឆាង នាយក​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេ​ក លើកឡើងថា ការអភិវឌ្ឍ​ចម្ការ​ឈើ គឺមាន​គុណ​តម្លៃ​ក្នុងការ​ផ្គត់ផ្គង់​វត្ថុធាតុដើម​ឈើ​សម្រាប់​ឧស្សាហកម្ម​កែច្នៃ ខណៈ​ការសាងសង់​សំណង់​នៅ​កម្ពុជា​កំពុង​រីកចម្រើន ជាពិសេស​ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ​។ លោក បាន​រៀបរាប់ថា ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០១៩​មក ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេ​ក បានចាប់ផ្តើម​ឈូសឆាយ​លើ​ផ្ទៃដី​៥​ពាន់​ហិកតា ដោយ​គ្រោង​ដាំ​ឈើ​បាន​ជិត​៧​លាន​ដើម នៅក្នុង​អំឡុង​ខែឧសភា ឆ្នាំ​២០២០​។ ដោយឡែក នៅ​ឆ្នាំ​២០២១ និង​២០២២ ក្រុមហ៊ុន​នេះ នឹង​ដាំ​ឈើ​ឱ្យបាន​២៥​លាន​ដើម​ទៀត លើ​ផ្ទៃដី​ផ្សេងទៀត​ក្នុង​ខេត្ត​ទាំងពីរ​ខាងលើ​។ 
 
​ក្រុមហ៊ុន​នេះ បាន​ចុះកិច្ចសន្យា ទិញ​កូនឈើ​១០​លាន​ដើម​ក្នុង​មួយឆ្នាំ ពី​ក្រុមហ៊ុន Angkor Plywood ដើម្បី​ដាំ​ដុះ​តាម​ផែនការអាជីវកម្ម​រប​ស់​ខ្លួន ព្រោះ​ក្រុមហ៊ុន Angkor Plywood មាន​វិទ្យាស្ថាន​បង្កាត់​ពូជ​កូនឈើ​តាម​បច្ចេកទេស​។ លោក មើលឃើញថា ចម្ការ​ឈើ​នេះ នឹង​បង្កើត​ការងារ​ជូន​ពលរដ្ឋ​១០​ម៉ឺន​នាក់ ក្នុង​ដំណើរ​ការដាំដុះ​និង​ប្រមូល​ផល ព្រមទាំង​ការកែច្នៃ ផងដែរ​។​
 
​លោក បញ្ជាក់ថា​៖«​ចម្ការ​ឈើ​ដែល​ដាំ​នេះ​នឹង​ទទួល បាន​ផល​ក្នុង​រយៈពេល​៥​ឆ្នាំក្រោយ​ការដាំដុះ​។ ហើយ​ផល​ឈើ​ដែល​ទទួលបាន នឹងត្រូវ​ប្រើប្រាស់​ជា​វត្ថុធាតុដើម​សម្រាប់​ការកែច្នៃ បម្រើឱ្យ​ការផលិត​កែច្នៃ​ឈើ​ក្នុងប្រទេស​ដែល​កំពុង​តែមាន​តម្រូវការ​ខ្ពស់​។ បច្ចុប្បន្ន​ដោយសារតែ​ការផលិត​ក្នុងស្រុក​មិនទាន់​គ្រប់គ្រាន់ កម្ពុជា​ក៏បាន​នាំចូល​ឈើ​កែច្នៃ​ពី​បរទេស​ផងដែរ​»​។ 


កន្លែងស្តុកឈើ ដែលកែច្នៃរួច។ រូបថត៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន។​
 
​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លើកឡើងថា  ការវិនិយោគ​ចម្ការ​ឈើ​នៅ​កម្ពុជា​នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់ ព្រោះ​វា​នឹង​ជួយ​កាត់បន្ថយ​សម្ពាធ​មកលើ​ការប្រើប្រាស់​ឈើ​ធម្មជាតិ ហើយ​ការបង្កើតឱ្យមាន​ឧស្សាហកម្ម​កែច្នៃ​ឈើ​នេះ ក៏​នឹង​ជួយ​បង្កើត​ការងារ បង្កើន​ចំណូល​ជូន​ពលរដ្ឋ​នៅក្នុង​តំបន់​នោះ និង​ចូលរួម​ក្នុង​កំណើន​សេដ្ឋកិច្ចជាតិ​។ លោក បន្តថា ការបង្កើត​ចម្ការ​ឈើ​ដាំ គឺជា​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ និង​ចូលរួម​ពង្រឹង​ការអភិរក្ស​ធនធានធម្មជាតិ ដែល​កម្ពុ​ជាមាន​នាពេល​បច្ចុប្បន្ន និង​អាច​លក់​តួនាទី​របស់​ព្រៃឈើ​ក្នុង​ក្របខណ្ឌ​ឥណទាន​កាបូន​។ 
 
​លោក បន្ថែមថា បច្ចុប្បន្ន កម្ពុ​ជាមាន​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ដ៏​សំបូរបែប​។ លោក អះអាងថា ព្រៃឈើ​គ្របដណ្តប់​ប្រមាណ​៥០​ភាគរយ នៃ​ផ្ទៃ​ប្រទេស ដែលជា​អត្រា​ខ្ពស់បំផុត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ 
 
​លោក និយាយថា​៖«​ការប្រឹងប្រែង​ក្នុងការ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​បានល្អ​ប្រសើរ យើង​បាន​លក់​ឥណទាន​កាបូន​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ (​ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង​) ដែនជម្រកសត្វព្រៃ​ក្រវ៉ា​ញ​ខាងត្បូង និង​ដែនជម្រកសត្វព្រៃ​តា​តៃ ក្នុង​ក្របខណ្ឌ​ទីផ្សារ​ស្ម័គ្រចិត្ត ដោយ​ទទួលបាន​ថវិកា​១១​លាន​ដុល្លារ សម្រាប់​ទ្រទ្រង់​ដល់​ការការពារ​និង​អភិរក្ស ក៏ដូចជា​ជួយ​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជា​សហគមន៍​មូលដ្ឋាន ដែល​ឆ្លើយតប​ទៅនឹង​គោលការណ៍​ហិរញ្ញប្បទាន​និរន្តរភាព​»៕


រូបថត៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន។


Tag:
 ​ឈើ​
  វិនិយោគ​
© រក្សាសិទ្ធិដោយ thmeythmey.com