ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
យុវជន​មួយក្រុម​យក​បញ្ហា​សង្គម ថត​ជា​ភាពយន្ត​ឯកសារ​ខ្លី​
19, Jan 2020 , 10:59 am        
រូបភាព
រូបពី មជ្ឈមណ្ឌល បុប្ផាណា
រូបពី មជ្ឈមណ្ឌល បុប្ផាណា
​ភ្នំពេញ​៖ ក្រោយពី​ទទួលបាន​ការបណ្ដុះបណ្ដាល​ពី​ជំនាញ​ផលិតភាព​យន្ត​ឯកសារ និង​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្រោម​គម្រោង «​ការ​បន្លឺសំឡេង​របស់​ស្ត្រី​ជនជាតិដើម​ភាគតិច និង​ក្រុមមនុស្ស​ដែល​ត្រូវបាន​គេ​រើសអើង តាមរយៈ​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី​» យុវជន​ជនជាតិខ្មែរ និង​ជនជាតិដើម​ភាគតិច​មួយក្រុម​ដែលមាន​ជ​មា​ជិ​ក​១២​នាក់ បាន​ចុះទៅ​តំបន់​ដែល​ខ្លួន​រស់នៅ ផ្ដិត​យក​ជីវភាព​ជាក់ស្ដែង​របស់​ក្រុមមនុស្ស​ត្រូវបាន​គេ​រើសអើង ដែល​កំពុង​ប្រឈម​បញ្ហា មក​ផលិត​ជា​ភាពយន្ត​ឯកសារ​ខ្លី​។


 
​ដើម្បី​ជ្រាប​ច្បាស់​ពី​ជីវិត​របស់​ក្រុមមនុស្ស​ដែល​ត្រូវបាន​គេ​រើសអើង សូម​ប្រិយមិត្ត​អញ្ជើញ​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖



 
​ត្រូវបាន​ផលិត​ឡើងជា​ភាពយន្ត​ឯកសារ​ខ្លី​មាន​១៩​ចំណងជើង​និង​ប្រធានបទ ចែកចេញជា​២​វគ្គ  សិក្ខាកាម​ចំនួន​១២​រូប មាន​យុវជន​ជនជាតិខ្មែរ​៣​រូប និង​ជនជាតិដើម​ភាគតិច​៩​រូប បាន​មើលឃើញ​បញ្ហា​ផ្សេងគ្នា​កើត​ក្នុង​តំបន់​របស់​ពួកគេ​រស់នៅ ដោយ​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់​ពី​សង្គម​។ 
 
​នៅ​ល្ងាច​ថ្ងៃទី​១០​ខែមករា ឆ្នាំ​២០២០​កន្លងទៅ គឺជា​ថ្ងៃ​ចាក់​បញ្ចាំងភាពយន្ត​ឯកសារ​ខ្លី ដែល​ត្រូវបាន​ផលិត​ផ្ដោត​សំខាន់​លើ​បញ្ហា​ប្រឈម​របស់​ក្រុមមនុស្ស ដែល​ត្រូវបាន​គេ​រើសអើង ហើយ​បាន​ចាក់​បញ្ចាំង​នៅ​មជ្ឈមណ្ឌល​សោត​ទស្ស​បុប្ផា​ណា​។ ក្នុង​កម្មវិធី​ចាក់​បញ្ចាំងភាពយន្ត​ឯកសារ​ខ្លី​នេះ មានការ​ចូលរួម​ពី​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន  និង​បណ្ដា​អង្គទូត​មួយចំនួន ព្រមទាំង​អង្គការ​អុក​ស្វា​ម​ប្រចាំ​កម្ពុជា ដែលជា​ម្ចាស់ជំនួយ​ផងដែរ​។​
 
​ឆ្លៀតពេល​កំពុង​បញ្ចាំងភាពយន្ត​កញ្ញា ភោក រ៉ានី មកពី​ខេត្តរតនៈគិរី ដែលជា​ផលិតករ​មួយរូប ក្នុង​គម្រោង​«​ការ​បន្លឺសំឡេង​របស់​ស្ត្រី​ជនជាតិដើម​ភាគតិច និង​ក្រុមមនុស្ស​ដែល​ត្រូវបាន​គេ​រើសអើង តាមរយៈ​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី​» បាន​ប្រាប់​ពី​ចំណងជើង​ប្រធានបទ​របស់ខ្លួន​៖«​ចំណងជើង​រឿង​របស់ខ្ញុំ​គឺ “​កុំ​បោះបង់​” ទាក់ទង​ជាមួយ​អ្នកគ្រូ​ម្នាក់​គាត់​ជា​ជនជាតិ​គ្រឹ​ង​។ គាត់​ចង់ឱ្យ​សិស្ស​នៅក្នុង​សហគមន៍​របស់គាត់​ហ្នឹង កុំ​បោះបង់​ភាសា​គ្រឹ​ង​។ គាត់​ថាបើ​ក្មេងៗ​ជនជាតិ​គ្រឹ​ង​មិនចេះ​ភាសា​របស់​ខ្លូន​ទេ វា​ដូចជា​ជនជាតិ​គ្រឹ​ង​ស្លាប់​បាត់បង់​អ៊ីចឹង​។ គាត់​បង្រៀន​ទាំង​ភាសា​គ្រឹ​ង​និង​ភាសា​ខ្មែរ ដោយ​បង្រៀន​ពី​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទី​៣ ហើយ​សិស្ស​របស់គាត់​ក្នុង​មួយ​ថ្នាក់​មាន​ជាង​៣០​នាក់​។ ដល់​ថ្នាក់​ទី​៤​គេ​ឈប់​បង្រៀន​ភាសា​គ្រឹ​ង​ហើយ គេ​បង្រៀន​តែ​ភាសា​ខ្មែរ​ទេ​»​។


កញ្ញា ភោគ រ៉ានី ទទួល​សញ្ញាប័ត​បញ្ជាក់​ការ​សិក្សា(រូបពី មជ្ឈមណ្ឌល បុប្ផាណា)
 
​វ័យ​២៨​ឆ្នាំ​ផលិតករ​ដែលមាន​សម្បុ​រស ភោក រ៉ានី ចាប់អារម្មណ៍​គ្រូបង្រៀន​ជនជាតិដើម​ភាគតិច​គ្រឹ​ង ដោយសារ​បានឃើញ​ពី​ការតស៊ូ​លះបង់ និង​បញ្ហា​ប្រឈម​របស់​អ្នកគ្រូ​រូបនោះ​៖« មុនដំបូង​គាត់​រៀន​វគ្គ​បំប៉ន បន្ទាប់មក​ក្រសួង​មើលឃើញថា​គាត់​តស៊ូ គាត់​លះបង់​ពេលវេលា គេ​ក៏​ចុះឈ្មោះ​គាត់​ជា​គ្រូបង្រៀន​ក្របខណ្ឌ ប៉ុន្តែ​ពីមុន​គាត់​គ្រាន់តែ​ជា​គ្រូ​ស្ម័គ្រចិត្ត​ក្នុងភូមិ​ប៉ុណ្ណោះ​។ បញ្ហា​ប្រឈម​របស់គាត់​គឺ​ក្មេងៗ​ឥឡូវ​បោះបង់ចោល​ការសិក្សា​ច្រើន​។ គាត់​ថា​គាត់​នៅតែ​បន្ត​ជំរុញ​ឪពុកម្ដាយ នៅក្នុង​សហគមន៍​របស់គាត់​ប​ន្តិ​ច​ម្ដងៗ ឱ្យ​គាត់​ដឹងថា​ការអប់រំ​នេះ​មាន​សារសំខាន់ ព្រោះ​បើ​អត់​ពី​ចម្ការ​មានតែ​ការអប់រំ​នេះហើយ​ដែល​អាចជួយ​បាន​»​។​
 
​កញ្ញា​បន្ថែម​៖« អ្នកគ្រូ​គាត់​ពកូន​អាយុ​៤​ខែ​ទៅ​បង្រៀន​ជាមួយ​គ្រប់ពេល​។ ដល់​ម៉ោង​កូនបៅ គាត់​ក៏​ឱ្យ​កូនបៅ​សិន រួចហើយ​គាត់​បន្ត​បង្រៀន​ទៀត ព្រោះ​គាត់​ខ្លាច​ថា​សិស្ស​ដាច់​ភាគ​។ ហើយ​កូន​គាត់​ក៏​ស្រួល​ដែរ គាត់​ដូចជា​ស៊ាំ​ហើយ ព្រោះ​យកទៅ​តាំងពី​តូច ហើយ​កូន​នោះ​មិន​យំ​រញ៉េចរញ៉ាច​ទេ​។ ម៉ាក់​បង្រៀន​ហើយ​កូន​គេង ដូច​គេ​ច្រៀង​បំពេ​អ៊ីចឹង​»​។​
 
​ងាក​មក​ចាប់អារម្មណ៍​ផលិតករ​មួយរូប​ទៀត គឺ​កញ្ញា ហេង មិនា​។ មកពី​ខេត្តបន្ទាយមានជ័យ​ក្នុង​ក្រុង​ប៉ោយប៉ែ​ត្រ មិនា បាន​ចាប់យក​ប្រធានបទ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​។ ព្រោះតែ​បញ្ហា​មិនអាច​ចូលទៅ​ថត​សកម្មភាព​របស់​តួអង្គ​ដល់​ក្នុងប្រទេស​ថៃ ធ្វើឱ្យ មិនា យល់ថា​ភាពយន្ត​របស់ខ្លួន​មិនសូវមាន​គុណភាព ហើយ​កញ្ញា​ពន្យល់​បែបនេះ​៖«​ខ្ញុំ​គិតថា​សាច់រឿង​របស់ខ្ញុំ​វា​នៅ​មិនទាន់​ខ្លាំង មើលទៅ​ខ្វះ​សាច់រឿង ព្រោះ​គាត់​ត្រូវ​អូស​អីវ៉ាន់​ចូលទៅក្នុង​ព្រុំដែន​ថៃ ហើយ​ខ្ញុំ​មិនអាច​ចូលទៅ​ថត​គាត់ ក្នុង​ដី​ថៃ​បានទេ ព្រោះ​វា​ខុសច្បាប់​។ ប្រសិនបើ​ខ្ញុំ​អាច​ចូលទៅ​ថៃ​ថត​បាន ខ្ញុំ​គិតថា​រឿង​របស់ខ្ញុំ​អាចមាន​ឥទ្ធិពល​ខ្លាំង​»​។


កញ្ញា ហេង មិនា កំពុង​អនុវត្តន៍​សកម្មភាព​ថត​ភាពយន្ត(រូបពី មជ្ឈមណ្ឌល បុប្ផាណា)
 
​វ័យ​២២​ឆ្នាំ នារី​សម្បុរ​ស​ដែលមាន​សំនួន​សំដី​ហាក់​អាណិតអាសូរ​ចំពោះ​ពលករ​ចំណាកស្រុក មិនា ប្រាប់​ពីបទ​ពិសោធ​ចំណាកស្រុក​របស់​បងប្រុស​ជីដូនមួយ​របស់​នាង​៖«​នៅ​ស្រុក​របស់ខ្ញុំ​ភាគច្រើន​គឺ​សម្បូរ​អ្នកធ្វើ​ចំណាកស្រុក អ្នកខ្លះ​បែកបាក់​គ្រួសារ អ្នកខ្លះ​ធ្វើការ​ស្រុក​គេ​មាន​បញ្ហា អ្នក​ខ្លះទៀត​ក៏ត្រូវ​គេ​នាំទៅ​លក់​នៅឯ​ដែនសមុទ្រ​។ និយាយ​ទៅ​គេ​ប្រើ​មិនឱ្យ​ប្រាក់ខែ ប្រើ​ទាំង​ឈឺ​ហើយ គេ​វាយ​ធ្វើបាប​ទៀត នេះ​គឺជា​ជីវិត​បងជីដូនមួយរ​បស់​ខ្ញុំ​ដែល​គាត់​ជួប​ផ្ទាល់ ប៉ុន្តែ​គាត់​អាច​រួច​ជីវិត​មកវិញ​បាន​។ ជា​សារ​ដែល​ខ្ញុំ​ចង់បង្ហាញ​ទៅដល់​អ្នកមើល ប្រសិនបើ​គាត់​នៅក្នុង​ស្ថាប័ន​អ្វីមួយ គាត់​អាច​បង្កើតជា​ព័ត៌មាន​ឬ​ជា​ភាពយន្ត​ឯកសារ​ខ្លី​ដូចជា​ខ្ញុំ​បែបនេះ ដើម្បី​ទប់ស្កាត់​កុំឱ្យ​ប្រជាជន​យើង​ចំណាកស្រុក​»​។​
 
​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​បុប្ផា​ណា​លោក ជា សុភាព បាន​បញ្ជាក់ថា​ភាពយន្ត​ឯកសារ​នេះ និង​ចាក់​បញ្ចាំង​នៅក្នុង​សហគមន៍ ដើម្បី​រក​ដំណោះស្រាយ​៖«​ចំពោះ​ការចាក់​បញ្ចាំងភាពយន្ត​នេះ​គឺ​យើង​ចាក់​បញ្ចាំង​ដោយ​សេរី​នៅតាម​សហគមន៍ ហើយ​យើង​បង្កើត​កិច្ចសន្ទនា​ក្រោយពី​មើល​ភាពយន្ត​នេះហើយ​។ ព្រោះថា​យើង​ឃើញ​មាន​បញ្ហា​មួយចំនួន​ដែល​កើតមាន​នៅក្នុង​សហគមន៍ ដូចជា​បញ្ហា​អំពើ​ហឹ​ង្សា ថា​តើ​ត្រូវមាន​វិធានការ​យ៉ាងណា​? ថា​តើ​បុរស​ហ្នឹង​ត្រូវ​គិត​យ៉ាងម៉េច​? ថា​តើ​សហគមន៍​នោះ​គិត​យ៉ាងម៉េច បើ​អំពើ​ហឹ​ង្សា​ចេះតែ​បន្ត​កើតមាន​? ក្នុង​រឿង​អំបាញ់មិញ​មាន​បងស្រី​ម្នាក់​ត្រូវ​ប្តី​វ៉ៃ រហូតដល់​គាត់​ទ្រាំលែងបាន គាត់​សម្រេចចិត្ត​បញ្ចប់​ចំណងអាពាហ៍ពិពាហ៍​»​។


សិក្ខាកាមអនុវត្តន៍​ថត​ភាព​យន្ត(រូបពី មជ្ឈមណ្ឌល បុប្ផាណា)
 
​ត្រឡប់មក​កញ្ញា មិនា វិញ នាង​បានលើកឡើង​ពី​បញ្ហា​ប្រឈម​របស់​ពលករ​ចំណាកស្រុក ដែល​រស់នៅក្នុង​តំបន់​របស់​នាង​៖«​ប្រហែលជា​ឆ្នាំ​២០០៨​ឬ​២០០៩ នៅ​ខាង​ជាយដែន​គេ​នាំគ្នា​លូន​ទៅតាម​ព្រៃ​ឬក៏​ចម្ការ​ដំ​ឡួ​ង​កាត់​ព្រំប្រទល់ តែ​នៅ​ពេលយប់​ទេ​។ ពេលខ្លះ​អាច​ចាប់​ឬក៏​បាញ់​គាត់​ស្លាប់​នៅនឹងកន្លែង​ក៏មាន​។ មានការ​ចាប់រំលោភ​ឬ​ការបង្ខិតបង្ខំ​ដែល​គាត់​មិនបាន​ព្រមព្រៀង ហើយ​អ្នកខ្លះ​ត្រឡប់មកវិញ​មិនបាន​ប្រាក់​ហើយ ថែមទាំង​មានកូន​ត្រឡប់មក​វិញទៀត​។ គាត់​ត្រូវ​ប្រឈម​នឹង​អ្នក​នៅក្នុង​ភូមិ​ជេរប្រមាថ ដូច្នេះហើយ​គាត់​មិនអាច​រស់នៅ​កន្លែង​ហ្នឹង​គាត់​ត្រូវ​ទៅ​រស់នៅ​កន្លែង​ផ្សេងទៀត​»​។​
 
​យុវជន​រូបនេះ​ផលិត​វីដេអូ​នេះ​ឡើង ដើម្បី​ជា​មធ្យោបាយ​ផ្ញើ​សារ​ទៅដល់​ប្រជាជន​ខ្មែរ ដែល​មានបំណង​ចំណាកស្រុក​៖«​ឧទាហរណ៍​មាន​អាជីវករ​គាត់​បើក​ជា​ក្រុមហ៊ុន ចឹ​ង​ហើយ​ប្រជាជន​យើង​អាច​រកប្រាក់​ចំណូល​បាន ដូច្នេះ​ពួកគាត់​មិនចាំបាច់​ទៅ​ថៃ​ទេ​។ ខ្ញុំ​ចង់ឱ្យ​ប្រជាជន​យើង​គិតថា​ការ​ទៅ​ថៃ​ហ្នឹង​វា​ពិត​ជាមាន​គ្រោះថ្នាក់​មែនទែន ព្រោះ​ខ្ញុំ​ជួប​ផ្ទាល់ អ្នកខ្លះ​គាត់​មិនបាន​ត្រឡប់មកវិញ​ទេ គាត់​ត្រូវស្លាប់​ឬក៏​ជាប់គុក​នៅ​ប្រទេស​គេ​មិនបាន​ត្រឡប់មកវិញ​ទេ ទាំង​ស្របច្បាប់​ទាំង​ខុសច្បាប់​។ ស្របច្បាប់​ពេលខ្លះ អាច​ប៉ះ​ថៅកែ​ដែល​គេ​ដក​លិខិតឆ្លងដែន​របស់គាត់ ហើយ​គេ​រក​មធ្យោបាយ​គំរាម​»​។


កញ្ញា ហេង មិនា ទទួល​សញ្ញាប័ត​បញ្ជាក់​ការ​សិក្សា(រូបពី មជ្ឈមណ្ឌល បុប្ផាណា)
 
​ជា​លទ្ធផល​នៃ​ការផលិត​ភាពយន្ត​ឯកសារ​របស់​កញ្ញា ភោក រ៉ានី បាន​ផ្លាស់ប្ដូរ​សាលា​មួយ​ដែល​ចាស់​ទ្រុឌទ្រោម មកជា​សាលា​ដែលមាន​ភាពស្រស់ស្អាត​៖«​មុននឹង​ខ្ញុំ​ចុះ​រក​ប្រធានបទ​នេះ​ខ្ញុំ​ឃើញ​សាលារៀន របង ជ​ញ្ចាំ​ង ពុកផុយ​។ ពេលដែល​ពូក​ខ្ញុំ​បាន​ចុះទៅ​ធ្វើ​ភាពយន្ត​ឯកសារ​ខ្លី​ហើយ ឥឡូវនេះ​សាលា​ហ្នឹង​កែប្រែ​មាន​អ្នក​ឧបត្ថម្ភ មាន​អ្នក​ជួយ​ជួសជុល ហើយ​ពេលនេះ​សាលា​ហ្នឹង​ក្លាយជា​សាលា​ស្អាត​ហើយ​។ អ៊ីចឹង​ខ្ញុំ​ឃើញថា​ក្រោយពី​ខ្ញុំ​ធ្វើ​វីដេអូ​នេះ​ទៅ ហើយ​បុប្ផា​ណា​គាត់​ផ្សាយ ដូច្នេះ​អាចឱ្យ​អ្នក​ដែល​គេ​ចង់​ជួយ ឬ​អ្នក​ដែល​ពាក់ព័ន្ធ​គេ​ជួយ​»​។​
 
​ជា​ឧបសគ្គ​ក្នុងការ​ចុះទៅ​ផលិតភាព​យន្ត​ឯកសារ សម្រាប់​កញ្ញា រ៉ានី មិនមាន​បញ្ហា​អ្វី​ធ្ងន់​ឡើយ​៖«​វា​មិនសូវ​ពិបាក​អ្វី​ខ្លាំង​ទេ​ព្រោះ​នៅ​ទីនោះ​ជា​ស្រុកភូមិ​របស់ខ្ញុំ គ្រាន់តែ​ថា​ខ្ញុំ​ត្រូវ​ធ្វើដំណើរ​ពី​ខេត្ត​ទៅតាម​ភូមិ ហើយ​យើង​មាន​គ្នា​តិច ខ្ញុំ​ខ្លាច​ដែរ​ព្រោះ​ខ្ញុំ​ជា​ស្រី​។ យើង​ថត​ឯកសារ​យើង​មិនអាច​ទៅហើយ​ត្រឡប់មកវិញ​ទេ យើង​ត្រូវ​នៅតាម​គាត់​រហូតដល់​យប់​។ យើង​ទំនាក់ទំនង​ជាមួយ​គាត់​មិន​អី​ទេ ព្រោះ​ដៃគូ​របស់ខ្ញុំ​គាត់​ក៏​ជា​ជនជាតិភាគតិច​ដែរ​»​។


ជា សុភាព នាយកប្រតិបត្តិមជ្ឈមណ្ឌលបុប្ផាណាលោក(រូបពី មជ្ឈមណ្ឌល បុប្ផាណា)
 
​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​បុប្ផា​ណា​លោក ជា សុភាព ប្រាប់​ពី​កម្មវិធី​នៃ​ការថត​ភាពយន្ត ក្នុង​គម្រោង​«​ការ​បន្លឺសំឡេង​របស់​ស្ត្រី​ជនជាតិដើម​ភាគតិច និង​ក្រុមមនុស្ស​ដែល​ត្រូវបាន​គេ​រើសអើង តាមរយៈ​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី​»៖«​គម្រោង​នេះ​មាន​រយៈពេល​២​ឆ្នាំ​។ ឆ្នាំ​ទី​១​ជា​វគ្គ​បណ្ដុះបណ្ដាល​និង​ផលិតភាព​យន្ត​ឯកសារ​។ ឆ្នាំ​ទី​២ យើង​ផ្សព្វផ្សាយ​ភាពយន្ត​ឯកសារ​នេះ​ដល់​សាធារណជន នៅតាម​មហោស្រព​ជាតិ​និង​អន្តរជាតិ ហើយ​យើង​បញ្ចាំង​នៅតាម​មូលដ្ឋាន​ទៀត ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​បញ្ហា​ដែល​កំពុង​កើតមានឡើង​ចំពោះ​ស្ត្រី នៅក្នុង​សហគមន៍​ជនជាតិដើម​ភាគតិច​។ ឥឡូវនេះ​យើង​កំពុងអភិវឌ្ឍន៍​គម្រោង​បន្តទៀត​សម្រាប់​យុវជន​ដែល​រៀន​ចប់​រយៈពេល​១​ឆ្នាំ​ហ្នឹង ត្រូវ​ចាប់​គ្នា​ជា​ក្រុម​លើក​ជា​គម្រោង ហើយ​គម្រោង​នោះ​ត្រូវតែ​ផ្ដល់​គុណប្រយោជន៍​ទៅដល់​សហគមន៍​របស់​ពួកគាត់​។ យើង​នឹង​បង្កើត​កញ្ចប់​ថវិការ​មួយ​សម្រាប់​ពួកគាត់​អនុវត្តន៍​គម្រោង​»​។


សិក្ខាកាម​ជនជាតិ​ដើម​ភាគ​តិច​ទទួល​សញ្ញា​ប័ត​បញ្ជាក់​ការ​សិក្សា(រូបពី មជ្ឈមណ្ឌល បុប្ផាណា)
 
​លោក ជា សុភាព ថា​វគ្គ​បណ្ដុះបណ្ដាល​នេះ​បាន​បង្រៀន​សិក្ខាកាម​លើសពី​ជំនាញ​ថត​ភាពយន្ត​៖«​យើង​បង្រៀន​គាត់​ឱ្យធ្វើ​កុន​វា​ជា​រឿង​សំខាន់​មួយ​ហើយ ប៉ុន្តែ​យើង​ត្រូវ​បង្រៀន​គាត់​ឱ្យ​ចេះ​ធ្វើការ​នៅក្នុង​សហគមន៍ ដើម្បី​បង្កើតឱ្យមាន​ផលចំណេញ​នៅក្នុង​សហគមន៍​របស់គាត់​។ យើង​មាន​កញ្ចប់​ថវិកា​តូច​ទេ តែ​ប្រហែលជា​បាន​៥​ទៅ​៦​គម្រោង​។ សិស្ស​ម្នាក់​អាច​ទទួលបាន​១​គម្រោង ឬក៏​១​ក្រុម​មាន​គ្នា​៣​នាក់​បាន​មួយ​គម្រោង​។ ហេតុអ្វី​បានជា​យើង​ធ្វើបែបនេះ​? ព្រោះ​យើង​ចង់ឱ្យ​សិស្ស​ចេះ​ធ្វើការ​ដោយ​ខ្លួនឯង គាត់​ផលិត​ដោយ​ខ្លួនឯង គាត់​ឃើញ​បញ្ហា​ដែល​កើតមាន​ចំពោះ​ខ្លួន​គាត់ គាត់​ចេះ​ធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ​ជាដើម ដូច្នេះ​ថ្ងៃក្រោយ​គាត់​ក្លាយជា​មនុស្ស​ដែល​ឈរ​ដោយ​ខ្លួនឯងបាន​»៕
 

Tag:
 ភាពយន្ត​
  ភាពយន្ត​ឯកសារ​ខ្លី​
  បុប្ផា​ណា​
  យុ​ជន​
© រក្សាសិទ្ធិដោយ thmeythmey.com