អន្តរជាតិ
លោក ស៊ី ជិន​ភីង​៖ ចិន គាំទ្រ​មី​យ៉ាន់​ម៉ា​ជ្រើសរើស​ផ្លូវ​អភិវឌ្ឍ​ស្របតាម​ស្ថានការណ៍​ជាតិ​ខ្លួន​
18, Jan 2020 , 6:19 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ចាប់ដៃសមភាគីមីយ៉ាន់ម៉ា វីន ម្ញីន ។ រូបភាព Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង ចាប់ដៃសមភាគីមីយ៉ាន់ម៉ា វីន ម្ញីន ។ រូបភាព Xinhua
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ថ្ងៃទី​១៧ ខែមករា បាន​ទៅដល់​ទឹកដី​មី​យ៉ាន់​ម៉ា ដែលជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​គេ​របស់​មេដឹកនាំ​ចិន​ទៅកាន់​ប្រទេស​សមាជិក​អាស៊ាន​មួយ​នេះ​ក្នុង​រយៈពេល​១៩​ឆ្នាំ​។ ចំពោះមុខ​មេដឹកនាំ​មី​យ៉ាន់​ម៉ា លោក ស៊ី បាន​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​ដល់​កម្រិត​ខ្ពស់​ថ្មី​មួយ និង​គាំទ្រ​មី​យ៉ាន់​ម៉ា​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ផងដែរ​។ ទៅដល់​មី​យ៉ាន់​ម៉ា មេដឹកនាំ​ចិន​ក៏​នាំទៅ​ជាមួយ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ផងដែរ​។​

 
​ជា​មេដឹកនាំ​ចិន​ដំបូង​ដែល​ធ្វើ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​ចាប់តាំងពី​ឆ្នាំ​២០០១ លោក ស៊ី ជិន​ភីង ទទួលបាន​ការស្វាគមន៍​យ៉ាង​រាក់ទាក់​។ យន្តហោះ​ពិសេស​ដឹកនាំ​ប្រធានាធិបតី​ចិន ត្រូវបាន​អមដំណើរ​ដោយ​យន្តហោះ​ចម្បាំង​មី​យ៉ាន់​ម៉ា ដែល​ការបង្ហាញ​ពី​ការផ្ដល់​កិត្តិយស​កម្រិត​ខ្ពស់​។ ប្រធានាធិបតី​មី​យ៉ាន់​ម៉ា វីន ម្ញី​ន បានរៀបចំ​ពិធី​បដិសណ្ឋារកិច្ច​ស្វាគមន៍​អធិកអធម​មួយ​នៅ​វិមាន​ប្រធានាធិបតី​ក្នុង​រដ្ឋធានី​ណៃ​ពិដោ​នៅ​ថ្ងៃទី​១៧ ខែមករា​។​
 
​លោក ស៊ី ប្រាប់​សមភា​គីមី​យ៉ាន់​ម៉ា​ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​នៅ​មី​យ៉ាន់​ម៉ា​លើក​នេះ ជាការ​ឲ្យ​តម្លៃ​លើ​ទំនាក់ទំនង​ភាតរភាព​រវាង​ចិន និង​មី​យ៉ាន់​ម៉ា និង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ថែមទៀត​។ ចំពោះមុខ​លោក វីន ម្ញី ប្រមុខរដ្ឋ​ចិន​ប្រកាសថា ប្រទេស​ចិន និង​ប្រជាជន​ចិន​គាំទ្រ​មី​យ៉ាន់​ម៉ា​ក្នុងការ​ជ្រើសរើស​ផ្លូវ​សមស្រប​ដើម្បី​អភិវឌ្ឍ​ប្រទេស​របស់ខ្លួន ហើយ​ចិន​ក៏​ត្រៀមខ្លួន​ជួយ​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ។​
 
​ប្រធានាធិបតី​ចិន ក៏​បង្ហាញ​ឆន្ទៈ​ធ្វើការ​ជាមួយ​មី​យ៉ាន់​ម៉ា​ក្នុងការ​ជំរុញ​ល្បឿន​គម្រោង​សាងសង់​នានា​នៃ​គម្រោង​ច្រករបៀង​សេដ្ឋកិច្ច​មី​យ៉ាន់​ម៉ា​-​ចិន​។ គម្រោង​នេះ ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​វិថី​របស់លោក ស៊ី ផ្ទាល់​។ កិច្ចព្រមព្រៀង​ជាច្រើន​ទៀត ក៏​ត្រូវបាន​ចុះហត្ថលេខា​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ផងដែរ​។ គម្រោង​ច្រករបៀង​នេះ គឺជា​ផ្លូវ​ដឹកជញ្ជូន​ថ្មី​មួយទៀត​របស់​ចិន ពិសេស​ការដឹកជញ្ជូន​ប្រេង​ពី​មជ្ឈិមបូព៌ា​កាត់​តាម​មី​យ៉ាន់​ម៉ា ដែល​នឹង​សន្សំ​ពេលវេលា និង​លុយកាក់​សន្ធឹក​។​
 
​លោក ស៊ី ក៏បាន​ជួប​ជាមួយ​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ អ៊ុង​សាន ស៊ូ​ជី ផងដែរ​។ មេដឹកនាំ​ចិន ក៏បាន​ប្រកាស​ម្ដងទៀត​ពី​ជំហរ​របស់​ចិន​ក្នុងការ​គាំទ្រ​មី​យ៉ាន់​ម៉ា​លើ​ការអភិវឌ្ឍ​របស់ខ្លួន​។ ដោយ​ចាត់ទុក​ចិន​ជា​មិត្ត​ល្អ​មី​យ៉ាន់​ម៉ា អ្នកស្រី ស៊ូ​ជី ជឿថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក នឹង​ជួយ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគ​ដល់​កម្រិត​កំពូល​ផងដែរ​។ 
 
​ការបង្ហាញ​ជំហរ​របស់​ចិន​បែបនេះ ពិតជា​ធ្វើ​ឲ្យ​មី​យ៉ាន់​ម៉ា​ពេញចិត្ត ខណៈ​រង​ការរិះគន់​ខ្លាំង​ពី​លោកខាងលិច​ទាក់ទង​សំណុំរឿង​រ៉ូ​ហ៊ីង​យ៉ា​។ អ្នកស្រី ស៊ូ​ជី ផ្ទាល់ ដែល​ធ្លាប់​ត្រូវបាន​គេ​ចាត់ទុក​វីរនារី​សន្តិភាព តំណាង​សិទ្ធិមនុស្ស ក៏ត្រូវ​បាក់មុខ​លើ​ឆាក​អន្តរជាតិ ឯ​មី​យ៉ាន់​ម៉ា​ក៏ត្រូវ​រដ្ឋ​អាហ្វ្រិក​ហ្គំ​ប៊ី​ប្ដឹង​ឡើង​តុលាការអន្តរជាតិ​ទៅទៀត​។ បច្ចុប្បន្ននេះ សំណុំ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា នៅតែ​មិនទាន់​រក​ច្រកចេញ​ឃើញ​ដដែល​។ 
 
​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​រប​ស់មី​យ៉ាន់​ម៉ា ហើយ​ក្នុង​ឆ្នាំ​២០១៩ ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ទំហំ​១៦,៨​ពាន់​លាន​ដុល្លារ​។ ចិន ក៏​ជា​ម្ចាស់បំណុល​ធំ​មួយ​របស់​មី​យ៉ាន់​ម៉ា​ផងដែរ​។ កំពង់ផែ Kyaukphyu ក្នុង​រដ្ឋ Rakhine ជា​គម្រោង​ធំ​មួយ​របស់​ចិន​តម្លៃ​១,៣​ពាន់​លាន​ដុល្លារ ហើយ​ជា​មាត់ច្រក​សម្រាប់​ចិន​នៅ​សមុទ្រ​ឥណ្ឌា​ផងដែរ​៕

Tag:
 ចិន​
  មី​យ៉ាន់​ម៉ា​
  ស៊ី ជិន​ភីង​
  អ៊ុង​សាន ស៊ូ​ជី
© រក្សាសិទ្ធិដោយ thmeythmey.com