ជាតិ
កូនដំរី​វង្វេង​ហ្វូង​មួយ​ក្បាល ត្រូវបាន​សង្គ្រោះ​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​
19, Jan 2020 , 12:29 pm        
រូបភាព
មន្ត្រីឧទ្យានុរក្សផ្តល់ទឹក និងចំណីដល់កូនដំរីដែលបែកចេញពីហ្វូង ដែលគេប្រទះឃើញនៅ​​ដែនជម្រកសត្វព្រៃភ្នំព្រេច((រូបពីទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន)
មន្ត្រីឧទ្យានុរក្សផ្តល់ទឹក និងចំណីដល់កូនដំរីដែលបែកចេញពីហ្វូង ដែលគេប្រទះឃើញនៅ​​ដែនជម្រកសត្វព្រៃភ្នំព្រេច((រូបពីទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន)
​ភ្នំពេញ​៖ កូនដំរី​មួយ​ក្បាល​អាយុ​ប្រហែល​១​មួយ​សប្ដាហ៍ និង​មាន​រូបរាង​ស្គមស្គាំង ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​កាលពី​ថ្ងៃទី​១៧ មករា នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។ កូនដំរី ដែល​ទំនងរ​ង្វេ​ង​ចេញពី​ហ្វូង​នេះ ត្រូវបាន​ក្រុម​ឧ​ទ្យា​នុ​រក្ស សង្គ្រោះ និង​ផ្តល់​ចំណី​នៅ​ថ្ងៃទី​១៨ មករា​។

 
​លោក នេ​ត ភា​ក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​១៩​នេះ​ថា​៖«​ពេទ្យសត្វ និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​មើលថែ​កូនដំរី​យ៉ាង​យកចិត្តទុកដាក់ និង​រង់ចាំ​ហ្វូង​របស់​វា​មករក​វិញ​។ ករណី​ហ្វូង ឬ​មេ​រប​ស់វា​មិន​ត្រលប់មក ក្រុម​ឧ​ទ្យា​នុ​រក្ស នឹង​បន្ត​មើលថែ ហើយ​រក​កន្លែង​សម្រាប់​ចិញ្ចឹម​កូនដំរី​នេះ​»​។​
 
​សូម​រំឭកថា កាលពី​ថ្ងៃទី​១៥ មករា គេ​ក៏បាន​ប្រទះឃើញ​សព​កូនដំរី​១​ក្បាល នៅក្នុង​ចំណុច​អូរ​លាវ ព្រំប្រទល់​រវាង​ខេត្តរតនគិរី និង​មណ្ឌលគិរី​ផងដែរ​។ មន្ត្រី​ជំនាញ​ក៏​មិនដឹង​មូលហេតុ​ងាប់​របស់​វា​ដែរ ប៉ុន្តែ​បើតាម​អ្នកភូមិ ១០​ថ្ងៃមុន​ប្រទះឃើញ​សព​កូនដំរី​នេះ មាន​ដំរី​មួយ​ហ្វូង​ប្រមាណ​២០ ទៅ​៣០​ក្បាល បាន​ចូលមក​ឧទ្យាន​ជាតិ​អូ​រយ៉ា​ដាវ ហើយ​បាន​កាច់​ដើម​ឬ​ស្សី និង​មែកឈើ បន្សល់​លាមក​ជាច្រើន ហើយ ឆ្លងទៅ​ទឹកដី​ខេត្តមណ្ឌលគិរី​៕

Tag:
 ដំរី​
© រក្សាសិទ្ធិដោយ thmeythmey.com